អក្សរសិល្ប៍ខេមរនិយម ជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យឃើញពីលក្ខណៈជាតិខ្មែរ
វណ្ណកម្មអក្សរសិល្ប៍ដែលជាសមិទ្ធផលប្រសូតចេញពីទឹកដៃច្នៃប្រឌិត បង្កើតរបស់បណ្តាកវីអ្នកនិពន្ធតែងបង្កប់នូវលក្ខណៈទាំងប្រាំបីរបស់ខ្លួនក្នុងនោះមានលក្ខណៈមនុស្ស លក្ខណៈវណ្ណៈ លក្ខណៈប្រជាជន លក្ខណៈបក្ស លក្ខណៈប្រវត្តិ លក្ខណៈជាតិ និងលក្ខណៈអន្តរជាតិ។ និយាយពាក់ព័ន្ធទៅនឹងលក្ខណៈជាតិបានប្រការធ្វើឲ្យអ្នកវិភាគក្នុងមជ្ឈដា្ឋនខ្លះបានលើកឡើងថា៖ “លក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណជាតិខ្មែរ”។
តើលក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណខ្មែរយ៉ាងដូចម្តេចខ្លះ?
ដើម្បីបានជាស្ពានឈានទៅដល់ការបកស្រាយចំណោទបញ្ហារបស់ប្រធានខាងលើឲ្យកាន់តែជាលក្ខណៈពិស្តារប្រកបដោយខ្លឹមសារកាន់តែបានស៊ីជម្រៅមួយកម្រិតទេ្វឡើងទៀតនោះ
គេចាំបាច់ត្រូវតែយល់ជាមុនសិននូវអត្ថន័យនៃពាក្យ “លក្ខណៈជាតិនៃអក្សរសិល្ប៍” , “ចារឹក”
និង “អត្តសញ្ញាណជាតិខ្មែរ”។ ពាក្យថា “លក្ខណៈជាតិនៃអក្សរសិល្ប៍”
គឺជាលក្ខណៈពិសេសរបស់ជាតិនីមួយៗលេចធ្លោខុសពីជាតិដទៃដែលស្តែងចេញតាមរយៈអក្សរសិល្ប៍។
ចំពោះពាក្យថា “ចារឹក” នោះគឺការសរសេរ ចារ កត់ត្រា បង្ហាញ។ ដោយឡែកពាក្យថា
“អត្តសញ្ញាណជាតិខ្មែរ” បានដល់សញ្ញាដែលធ្វើឲ្យគេស្គាល់ពីខ្មែរ។
មតិដែលវិភាគឃើញដោយប្រធានខាងលើមានអត្ថន័យចង់និយាយថាគេអាចស្គាល់ជាតិខ្មែរបានដោយរំពឹងមើលទៅក្នុងលក្ខណៈជាតិរបស់អក្សរសិល្ប៍។
ជាមួយនឹងការសិក្សាចលនាអក្សរសិល្ប៍រួចមកហើយ
បានជាមូលហេតុដែលធ្វើឲ្យស្រទាប់យុវវ័យខ្មែរអ្នកសិក្សាផ្តោតការយល់ឃើញរបស់ខ្លួនថា
“លក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណខ្មែរ”។
ពិតដូចការលើកឡើងរបស់មតិខាងលើនេះមែន
គេអាចស្គាល់ជាតិខ្មែរបានជាប្រត្យក្សតាមរយៈលក្ខណៈជាតិខ្មែរដែលគេកត់ត្រាឃើញក្នុងរឿងរ៉ាវអក្សរសិល្ប៍។
យ៉ាងណាមិញបើគេសិក្សារឿងភូមិតិរច្ឆាន គេនឹងបានស្គាល់ខ្មែរតាមរយៈជំនឿដែលជាទូទៅមនុស្សខ្មែរតែងតែជឿលើវត្ថុសក្តិសិទ្ធិ
មានទម្លាប់ក្នុងការបន់ស្រន់ បួងសួងដូចនៅក្នុងរឿងភូមិតិរច្ឆាន
គេឃើញថាពួកទាហានបារាំងដែលមានទាហានខ្លះជុះអាចម៍រាករូស គ្រុនក្តៅ
ញាក់ញ័រ គេថាដោយសារទាហានទាំងនោះមិនគោរពវត្ថុសក្តិសិទ្ធិដែលនៅថែរក្សាវិហារព្រះកែវមរកត។
ស្ថិតនៅក្នុងទម្លាប់បន់ស្រន់គេឃើញថាមាននារីខ្លះដែលមានសង្សាចុះកប៉ាល់ទៅច្បាំងនៅស្រុកបារាំងបានលួចទៅបន់ស្រន់ព្រះអង្គដងកើឲ្យបារមីព្រះអង្គទៅជួយគាំពារ
ធានាថែរក្សាសង្សាឲ្យឆាប់មកស្រុកខ្មែរវិញ។
ក្នុងរឿងដដែលនេះគេឃើញមនុស្សខ្មែរមានជំនឿលើអព្ភូតហេតុធម្មជាតិដូចបានបង្ហាញថាមានរន្ទះបាញ់ចេតិយព្រះវិហារព្រះកែវមរកតខាងត្បូង។
តាមជំនឿគេថាស្រុកនឹងកើតគ្រោះវឹកវរ ចលាចល ឬកើតមានហេតុទុរភិក្ស។
ដំណើររឿងបានបង្ហាញនូវជំនឿរបស់ខ្មែរនៅក្រាំងលាវ ស្រុករលាប្អៀរ
ខេត្តកំពង់ឆ្នាំងខណៈពេលដែលគេរត់ទៅពួននៅលើភ្នំតាបាំង
អ្នកភូមិក្រាំងលាវបានយកដីនៅតាមក្រហែងថ្មមកបាចសាចលើក្បាលដើម្បីឲ្យព្រះធរណីជួយបិទបាំង
កុំឲ្យបារាំងឃើញ។
បើគេនិយាយពីលក្ខណៈជាតិខ្មែរនោះគេពុំភ្លេចទាល់តែសោះឡើយថាខ្មែរគឺជាប្រជាជាតិមួយដែលមានទម្លាប់ជាទំនៀមក្នុងការចូលចែចូវ
ចូលស្តីដណ្តឹងដូចជាសុវណ្ណដែលជាពោះម៉ាយកូនមួយបានឲ្យមេបាចាស់ទុំចូលទៅស្តីដណ្តឹងនាងតំ
ក្រមុំសៅកែមកជាគូដណ្តឹង ជាប្រពន្ធទី២របស់ខ្លួនប៉ុន្តែបើគេមើលមកក្នុងរឿងទុំទាវ
នោះគេនឹងឃើញពីលក្ខណៈជាតិរបស់ខ្មែរនៅសម័យលង្វែក
គឺមនុស្សខ្មែរមានទម្លាប់របស់ខ្លួនមួយគឺថាបើអ្នកមានកូនប្រុសគេទម្លាប់ឲ្យចូលសាងផ្នួស។
បើបួសជាសាមណេរដូចនេនទុំ និងនេនពេជ្រគឺបួសដើម្បីសងគុណម្តាយ
តែបើបួសជាភិក្ខុគឺបួសដើម្បីសងគុណឪពុក។ បើនិយាយពីរឿងជំនឿវិញ
គេឃើញថាខ្មែរនាសម័យលង្វែកនិយមជឿលើមន្តអាគម អូមអាមដូចនាយទុំទៅស្មូត្រនៅផ្ទះម្តាយទាវបានដាក់មន្តសារិកាលិនថោងឲ្យពិរោះក្រអួនដើម្បីទាក់ទាញអ្នកស្តាប់ឲ្យចេះតែចូលចិត្តស្តាប់។
ដោយឡែកចំណែកអ្នកមានកូនស្រី ដូចករណីម្តាយទាវតែងទម្លាប់ឲ្យកូនស្រីចូលម្លប់។
បើគេរំពឹងសំលឹងមើលមកក្នុងវិស័យជំនឿ គេឃើញមនុស្សសម័យលង្វែកនិយមជឿលើមន្តអាគមផង
ជឿលើការទស្សទាយផងដូចព្រះគ្រូចៅអធិការវត្តវិហារធំ មុនពេលឲ្យទុំលាចាកសិក្ខាបទ
លោកគ្រូបានទាញក្តារ
ទាញដីសមកគូសវៀសលេខអត្តមើលជោគជតារាសីជាមុនសិន។សិក្សាអំពីប្រពៃណីឃើញថាសង្គមខ្មែរសម័យលង្វែកមានប្រពៃណីជាក់លាក់របស់ខ្លួនដោយអនុវត្តតាមទស្សនៈ
“នំមិនធំជាងនាឡិ”
ដែលមាតាបិតាដែលមានកូនប្រុសកូនស្រីមិនផ្តល់សិទ្ធិស្វ័យសម្រេចឲ្យកូនៗនោះទេ
គឺឪពុកម្តាយជាអ្នកសម្រចអ្វីៗគ្រប់យ៉ាង។
ទំនៀមទម្លាប់នោះក៏ដូចជាសម័យបច្ចុប្បន្នដែរគឺកូនប្រុសត្រូវតែចុលខ្លួនទៅរៀបការនៅផ្ទះខាងកូនស្រី
ដូចករណីម៉ឺនងួនត្រូវរៀបការជាមួយនឹងនាងទាវនៅផ្ទះខាងស្រី។
ចំពោះសាសនាវិញគេឃើញសង្គមខ្មែរសម័យលង្វែកផ្តោតជំនឿលើព្រះពុទ្ធសាសនានិកាយហិនយានទទួលឥទ្ធិពលពីមហាយានមានអ្នកបួសក្នុងសំណាក់ពុទ្ធសាសនានេះដែរ។
ដូចនេះបើនិយាយឲ្យខ្លីក្នុងអត្ថន័យជាសរុបសេចក្តីមកឃើញថាតាមរយៈលក្ខណៈជាតិខ្មែរដែលកវីនិពន្ធបានកត់ត្រាក្នុងបណ្តាស្នាដៃអក្សរសិល្ប៍ខ្មែរនានាសុទ្ធសឹងតែជាសញ្ញាសំគាល់ឲ្យគេស្គាល់មនុស្សខ្មែរបានដោយងាយ។
យោងតាមបណ្តាហេតុផលដែលបានលើកបង្ហាញរួចហើយខាងលើ
អាចឲ្យយើងធ្វើការវិនិច្ឆ័យ
វាយតម្លៃទស្សនៈលើកឡើងរបស់ប្រធានថាពិតជាមានអត្ថន័យត្រឹមត្រូវសមស្របដែលយើងអាចទទួលបានដោយហេតុថាអក្សរសិល្ប៍ខ្មែរមានសារៈសំខាន់ដូចខាងលើទើបតម្រូវឲ្យយុវសិក្ខាកាមជនលើកស្ទួយវប្បធម៌
អក្សរសាស្ត្រសីលធម៌ដូចជា “វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន”។
ប្រធានបទធ្លាប់ចេញប្រឡង (បាក់ឌុប ឆ្នាំ២០១៤)។
សូមអធ្យាស្រ័យផង, ខ្ញុំ សុំសួរមួយ ៖ តើប្រធាននេះ នៅចំនុចនៃការបកស្រាយ អាចចុះដើមបន្ទាត់ដែរឬទេ?សូមអរគុណ!
ReplyDeleteបាន
ReplyDelete