រឿង មាយើង
- ប្រភពរឿង៖ ដំណើររឿងកើតឡើងនៅប្រទេសកម្ពុជា
- ប្រភេទ៖ អក្សរសិល្ប៍ប្រជាប្រិយ
- ចលនា៖ អក្សរសិល្ប៍ខេមរនិយម
- កាលកំណត់តែង៖ មិនច្បាស់លាស់
- អ្នកនិពន្ធ៖ មិនស្គាល់ឈ្មោះ
សង្ខេបរឿង៖
កាលកន្លងទៅហើយ មានព្រះមហាក្សត្រមួយព្រះអង្គព្រះនាមព្រហ្មទត្តសោយរាជ្យក្នុងក្រុងពារាណសី មានព្រះអគ្គមហេសីប្រកបដោយរូបសម្រស់ស្រស់សោភា ព្រមទាំងមន្ត្រីយោធា សមណព្រាហ្មណ៍ដោយប្រាជ្ញា។ ទ្រង់គ្រងរាជ្យប្រកបដោយទសពិធរាជធម៌ ប្រជានុរាស្រ្តសឹងប្រកបដោយសុខសន្តិភាពពុំមានកើតកោលាហលក្នុងព្រះនគរឡើយ។ កាលនោះក្នុងមានមាណពម្នាក់ជាអ្នកកំសត់ទុគ៌តរស់នៅតែនឹងពីរនាក់ប្តីប្រពន្ធ រីឯនាងប្រពន្ធវិញមានរូបស្រស់សោភា ប៉ុន្តែចិត្តកំណាញ់ទ្រីស្មូញាតិព្រៀងលានពុំចូលចិត្តឡើយ។
សម័យថ្ងៃមួយមាណពនឹងភរិយានាំគ្នាទៅជញ្ជាត់ត្រី ឯកញ្ជើសោតធ្លុះត្បិតនាងប្រពន្ធពុំចេះជួយថែរក្សា ពេលដែលប្តីជញ្ជាត់បានត្រីដាក់ចូលរមែងចេញតាមប្រហោងនោះ។ លុះជញ្ជាត់យូរទៅក៏ជិតដល់សំពៅដ៏ធំមួយនាយភេត្រានិងភរិយាក៏មើលពីលើសំពៅមកឃើញកញ្ជើធ្លុះ នាងភរិយាក៏ពោលថានាងជាប្រពន្ធម្តេចមិនយកអីចុកកុំឲ្យលេច។ ប្តីនាងក៏ក្រោធខឹងហើយដេញនាងឲ្យចុះទៅនៅជាមួយមាណពនោះ នាយសំពៅក៏ព្រមបបួលមាណពដូរប្រពន្ធ។ នាងជាប្រពន្ធថ្មីរបស់មាណពក៏កាន់កញ្ជើដើរទៅរកអ្វីមកចុកកុំឲ្យលេចរួចដើរជញ្ជាត់តាមប្តី។ ពេលត្រឡប់មកផ្ទះវិញនាងក៏ចាត់ចែងឲ្យប្តីយកត្រីជូនញាតិព្រៀងលាន អ្នកជិតខាងសឹងឆ្ងល់គ្រប់គ្នាព្រោះចៅមាណព និងប្រពន្ធពុំដែលមានសប្បុរសឡើយ លុះពួកគេទៅលេងផ្ទះមាណពទើបដឹងថាចៅមាណពបានប្រពន្ធថ្មីប្រកបដោយលក្ខិណា។ ថ្ងៃមួយមាណចូលព្រៃដើម្បីកាប់អុស លុះរែកត្រឡប់មកវិញប្រពន្ធឃើញឈើនោះសុទ្ធតែជាឈើមានតម្លៃ ដូចជាក្លាំពាក់ ក្រឹស្នាជាដើម ក៏ដេញឲ្យប្តីទៅកាប់ចងបាច់ទុកឲ្យបានច្រើន នឹងអាលជួលរទេះអ្នកជិតខាងឲ្យដឹងគរទុក។ ពេលអ្នកដើរសំពៅរកទិញដើមក្រឹស្នា ក្លាំពាក់ នាងលក់បានទ្រព្យសម្បតិ្តជាច្រើនហើយក៏រៀបចំធ្វើផ្ទះយ៉ាងធំជួលខ្ញុំបម្រើ ឯប្តីនោះក៏បានស្គាល់ចៅដទៃ ស្គាល់ព្រះ ស្គាល់ពញាជាដើម។ ថ្ងៃមួយនាងស្រដីនឹងប្តី នាងចង់ឲ្យប្តីនាងរៀនរត់ឲ្យបានរហ័សដូចចិត្តប៉ងប្រាថ្នា ប្តីក៏យល់ព្រម។ រត់មួយថ្ងៃដំបូងក៏ប្រាប់ប្រពន្ធថាហត់ស្ទើរដាច់ខ្យល់ស្លាប់ លុះរត់យូរទៅក៏លែងហត់។ ប្រពន្ធឃើញប្តីរបស់ខ្លួនរត់ពុំហត់គ្រប់គ្រាន់បរិបូរក៏នាំទៅជួបនឹងមន្ត្រីដើម្បីសុំផ្ញើប្តីទៅនៅបម្រើព្រះមហាក្សត្រ។ នាកាលថ្ងៃមួយព្រះមហាក្សត្រទ្រង់ប្រាប់ឲ្យពលសេនារៀបគ្រឿងបណ្ណាការ ព្រោះទ្រង់ចង់ទៅប្រពាតព្រៃព្រឹក្សា។ ចៅមាណពក៏ប្រាប់ឲ្យប្រពន្ធរៀបចំក្រយាដើម្បីទៅចូលរួមដង្ហែព្រះរាជា។ ឯនាងប្រពន្ធរៀបចំបង្វិចឲ្យប្តី និងផ្ចិតផ្ចង់ក្រយាសម្រាប់ព្រះមហាក្សត្រ នាងដឹងថាព្រះមហាក្សត្រនឹងឃ្លាតពីមន្តី្រទាំងឡាយ មានតែមាណពម្នាក់ប៉ុណ្ណោះដែលទៅទាន់។ លុះព្រឹកឡើងពួកពលសេនាក៏រៀបចំដង្ហែព្រះអង្គ ព្រះអង្គទ្រង់ក៏បរអស្សពាហ៍លឿនកន្លង លុះដល់ដើមជ្រៃស្តេចក៏បញ្ឈប់អស្សពាហ៍។ ទ្រង់ទតមើលពុំឃើញនរណាក្រៅពីមាណព ទ្រង់ក៏សន្មតនាមថាចៅមាយើង។ លុះថ្ងៃពេកទ្រង់ឃ្លានក្រយាក៏ប្រាប់ទៅមាយើងថាមន្ត្រីទាំងឡាយបែកខ្ញែកគ្នាពុំដឹងនៅទីណា មាយើងក៏ទូលទៅថាទូលបង្គំមានបាយ ស្តេចសោយបាយ ទឹក ស្លា របស់ដ៏មានឱជារសឆ្ងាញ់ដូចទ្រង់ធ្លាប់សោយរាល់ថ្ងៃ ហើយទ្រង់សរសើរដល់ប្រពន្ធមាយើងថាជាស្រីប្រកបដោយលក្ខិណាចេះរៀបចំទុកដាក់ឲ្យប្តីមានសព្វគ្រប់ពុំខ្វះឡើយណា។ លុះទ្រង់សោយហើយទ្រង់ក៏ផ្ទំលើភ្លៅមាណពហើយមានបន្ទូលថាទ្រង់នឹងនិទានរឿងមួយឲ្យមាណពស្តាប់ ពុំទាន់និទានផងទ្រង់ក៏ផ្ទំលក់ទៅ។ កាលនោះមានទេវតារក្សាដើមជ្រៃបានលឺថាស្តេចនឹងនិទានរឿង ក៏បបួលគ្នាមូលមីរលើដើមជ្រៃ លុះយល់ស្តេចនិទ្រាពុំមានបន្ទូល ទេវតាក៏ខឹងនឹងព្រះបាទព្រហ្មទត្តថាមុសាពុំកាន់ពាក្យសត្យ។ ដូច្នេះយើងនឹងកាច់មែកជ្រៃទម្លាក់សង្កត់មហាក្សត្រឲ្យបង់ព្រះជន្មជីវី។ បើពុំបានពេលស្តេចទៅដល់បុរីយើងនឹងកាច់ក្លោងទ្វាសង្កត់ឲ្យក្ស័យ។ បើឆ្លងផុតទៀតពេលស្តេចចូលដល់ព្រះក្រឡាបន្ទំយើងនឹងក្រឡាជាពស់ទៅខាំ។ មាយើងបានលឺពាក្យទេវតាពិភាក្សាគ្នាក៏ដាស់ស្តេចមួយរំពេច ទើបទូលស្តេចថាមានទេវតានិត្យនៅរក្សាលើដើមជ្រៃខឹងនឹងព្រះអង្គថានិទានរឿង ហើយក៏ផ្ទំលក់ស្ងាត់ស្ងៀម។ ស្តេចស្តាប់មាយើងហើយក៏ស្ទុះឡើងលើសេះបំផាយជាមួយមាយើង។ ក្សិណនោះមែកជ្រៃក៏ធ្លាក់ផុតពីក្សត្រថ្លៃ លុះដល់ក្លោងទ្វារស្តេចប្រាប់ឲ្យមាយើងប្រយ័ត្នជួយវាត់គោសេះឲ្យសេះលោតផ្លោះផុតពីក្លោងទ្វារដែលទេវតាទម្លាក់មករួចផុតពីក្ស័យ។ លុះចូលមកដល់មណ្ឌលមាយើងក៏ក្រាប់ថ្វាយបង្គំលាទៅកាន់គ្រឹះស្ថានរបស់ខ្លួន ព្រះបាទព្រហ្មទត្តទ្រង់មានបន្ទូលផ្តាំថា ចូរទៅចុះហើយវិលត្រឡប់មកចាំដូចចៅលឺហោង។ លុះមកដល់ផ្ទះអាត្មា មាយើងក៏ដំណាលប្រាប់ភរិយាអស់សេចក្តី។ លុះមាយើងនិងភរិយាហូបបាយហើយក៏ទៅអង្គុយចាំ។ កាលនោះឯងទេវតាបានប្រែក្រឡាជាពស់ទំហំប៉ុនដើមត្នោត បើកពពារគួរឲ្យខ្លាច ភ្នែកធំត្រដាច រីឯចង្កូមសស្ញាច មាយើងក៏លើកខាន់ថ្លាវាត់ដាច់សិរសា ឈាមពស់ខ្ទាតទៅដល់ថនាព្រះទេពី មាយើងគិតថាបើដាស់ក្រឡាបន្ទំយល់ពុំគួរបើយកដៃទៅជូតក៏ពុំជា រួចហើយក៏យកខ្មោចពស់ដាក់ក្រោមក្រឡាបន្ទំហើយហាមាត់លិទ្ធឈាមដែលប្រលាក់សុដន់ក្សត្រី។ នាងនាថភ្ញាក់ឡើងក៏ដាស់ព្រះភូមីខ្សឹបប្រាប់ថាមាយើងយកជីវ្ហាមកលិទ្ធដោះខ្លួន។ ស្តេចព្រហ្មទត្តស្តាប់ប៉ុណ្ណោះក៏ក្រេវក្រោធពេកក្រៃមិនបានជាគិតក៏បញ្ជាឲ្យពេជ្ឈឃាតនាំមាយើងទៅប្រហារជីវិតទាំងយប់ ប៉ុន្តែមានការរារាំងពីឆ្មាំយាមទ្វារទិសទាំងបួន ព្រោះថាច្បាប់ប្រចាំព្រះរាជវាំងមិនអាចយកអ្នកទោសទៅប្រហារជីវិតមុនថ្ងៃរះបានទេ ហើយឆ្មាំទ្វារទិសនីមួយៗបានពន្យល់ប្រាប់ហេតុផលជាច្រើនដល់ពេជ្ឈឃាតដើម្បីកុំឲ្យពេជ្ឈឃាតប្រហារជីវិតមាយើង ហើយធ្វើឲ្យព្រះអង្គមានការស្តាយក្រោយ។ និយាយពីស្តេចព្រហ្មទត្តកាលដែលតើនឡើងហើយនឹករឿងសព្វគ្រប់ឃើញថាចៅមាណពមានគុណលើព្រះអង្គក្រាស់ក្រៃ ក៏ទ្រង់ត្រាស់បញ្ជាឲ្យអាមាត្យរត់ទៅតាម។ អាមាត្យរត់វឹងទៅតាមទាន់ពេជ្ឈឃាតនៅទ្វារទិសឧត្តរក៏នាំមាយើងត្រឡប់មកវិញ។ ស្តេចព្រហ្មទត្តក៏ត្រាស់សួរមាយើងដឹងរឿងរ៉ាវសព្វគ្រប់អស់ហើយ ស្តេចព្រហ្មទត្តបានសុំទោសចៅមាយើងកុំឲ្យខឹងនឹងព្រះអង្គ ហើយក៏ប្រទានយសសក្តិដល់ចៅមាយើងយ៉ាងសមរម្យ។ ចៅមាយើងក៏រស់នៅជាមួយភរិយាយ៉ាងសុខសាន្ត។
ថ្លែងពីនាយសំពៅកាលដែលបានដូរប្រពន្ធហើយ ហេតុតែនាងប្រពន្ធជាស្រីខាតលក្ខណ៍មិនជួយធ្វើការអ្វីសោះគិតតែចាយ ពេលដែលកូនជុះអាចម៍ ជុះនោមនាងមិនយកទៅលាងទេ តែងតែហែកព្រែថ្មីៗជូតហើយបោះចោលគ្មានស្តាយស្រណោះបន្តិចសោះ មាសប្រាក់ដែលធ្លាប់មានក៏ត្រូវរលាយអស់រហូតដល់លក់សំពៅចាយទៀត។ លុះអស់ប្រាក់ពីខ្លួន ទាំងពីរនាក់ប្តីប្រពន្ធក៏ពរកូនដើរសុំទានគេ។ ដើរសុំយូរៗទៅក៏បានទៅដល់ផ្ទះមាយើង នាងជាភរិយាមាយើងមិនដឹងក៏ហៅឲ្យទានដូចសព្វដង ហើយក៏ស្គាល់ជាក់ថាជាអតីតស្វាមីនាងជានាយសំពៅ ចុះឥឡូវម្តេចក៏មកសុំទានទៅវិញ។ ចំណែបុរសជាប្តីឃើញនាងអតីតភរិយាក៏ស្គាល់ហើយមានចិត្តអៀនខ្មាស់ក៏នាំប្រពន្ធកូនគេចបាត់ទៅ។
- ប្រធានរឿង៖ រឿងនេះនិយាយពីតម្លៃស្ត្រីនៅក្នុងគ្រួសារ។
- មួលបញ្ហារឿង៖
- លក្ខណៈប្រពន្ធខាតលក្ខណ៍ និងប្រពន្ធគ្រប់លក្ខណ៍
- ការផ្លាស់ប្តូរជីវភាពរបស់ចៅមាណព
- ការចូលខ្លួនទៅនៅក្នុងរាជវាំងនៃចៅមាយើង (ចៅមាណព)
- ភាពរុងរឿងនៃគ្រួសារចៅមាយើង
Comments
Post a Comment