រឿង ហង្សយន្ត


  • ប្រភពរឿង៖ តាមការវិភាគរបស់លោកបណ្ឌិត ឃីង ហុកឌី បានបញ្ចេញមតិថារឿងនេះប្រាកដជាស្នាដៃរបស់ខ្មែរ រួចមានគេលួចប្រែជាភាសាសៀម ទើបអ្នកនិពន្ធខ្មែរត្រូវបកប្រែមកជា ពាក្យខ្មែរវិញ ដើម្បីកុំឲ្យបាត់បង់សម្បត្តិអក្សរសាស្ត្រខ្មែរ។
  • ប្រភេទរឿង៖​ កាព្យនិទាន ឬប្រលោមលោកបែបបុរាណ ឬសាស្ត្រាល្បែង។
  • ចលនា៖ ពុទ្ធនិយម។
  • អ្នកនិពន្ធ៖ ចៅយមបុណ្យភក្តិឧក។
  • កាលកំណត់តែង៖ ស.វទី១៧។
សង្ខេបរឿង
     ក្នុងអតីតកាលដ៏យូរលង់មានមហាក្សត្រមួយអង្គព្រះនាមអាទិត្យវង្សាសោយរាជ្យនៅនគរទេពបុរី។ មហាក្សត្រអង្គនោះជាស្តេចមានប្ញទ្ទិចេស្តា មាននគរចំណុះ១០១ និងមានស្រីស្នំ៦០០០នាក់ ទ្រង់មានមហេសីព្រះនាមព្រះនាងពិម្ពា។ តែជាអកុសលគឺទ្រង់ពុំមានព្រះរាជបុត្រមួយអង្គសោះ សម្រាប់ស្នងរាជ្យ ធ្វើឲ្យទ្រង់មានក្តីកង្វល់ជាពន់ពេក។ សម័យថ្ងៃមួយទ្រង់បានពិគ្រោះដោះស្រាយ​ជាមួយនាម៉ឺនសព្វមុខមន្ត្រីអំពីបញ្ហានេះ ទើបលោកមន្ត្រីមួយរូបលើកយោបល់ថាគួរមានពិធីបន់ស្រន់ថ្វាយទេព្តាសុំបុត្រាដោយឲ្យព្រះមហេសី និងស្រីស្នំទាំងអស់ចាំសីលភាវនា។
     ស្នំទាំងអស់ពិសេសព្រះនាងពិម្ពា បានប្រតិបត្តិការបួងសួងយ៉ាងយកចិត្តទុកដាក់រហូតធ្វើឲ្យកក្រើកដល់ឋានទេព្តា ពេលនោះព្រះឥន្ទកោសីយក៏បានទៅអាធនាទេវបុត្រឲ្យមកចុះចាប់បដិសន្ធិក្នុងគភ៌ព្រះនាងពិម្ពាជាបុត្រារបស់ព្រះអាទិត្យវង្សា។ លុះព្រះរាជបុត្រគ្រប់ទសមាសទ្រង់ប្រសួតមកមានព្រះកាយភ្លឺដូចមាស ទើបព្រហ្មណ៍បុរោហិតទាំងឡាយដាក់ព្រះនាមថាសុវណ្ណកុមារ។
     ព្រះសុវណ្ណកុមារទ្រង់ចម្រើនវ័យវឌ្ឍការក្រោមការបីបាត់ដ៏ល្អឥតខ្ចោះ។ នៅពេលព្រះសុវណ្ណកុមារពេញវ័យព្រះបាទអាទិត្យវង្សា ទ្រង់មានបំណងជ្រើសមហេសីថ្វាយបុត្រាក៏បង្គាប់ក្សត្រចំណុះទាំង១០១នគរ នាំបុត្រីមកឲ្យព្រះសុវណ្ណកុមារជ្រើសរើស។ តែពុំមានក្សត្រីអង្គណាជាទីពេញព្រះទ័យនៃព្រះសុវណ្ណកុមារឡើយ មានតែទទួលក្តីអាម៉ាសដោយការត្មិះដៀលពីព្រះសុវណ្ណកុមារទៅវិញដែលធ្វើឲ្យព្រះបាទអាទិត្យវង្សាមានការពិរោធនឹងទ្រង់ជាខ្លាំង។
     ចំណេរកាលតមកមិនយូរប៉ុន្មាន ក្នុងរាជវាំងមានជាងទងពីរនាក់មានជំនាញរៀងៗខ្លួនក្នុងការកសាងជាវត្ថុសិល្បៈផ្សេងៗមានទំនាស់គ្នារវាងចំណេះរៀងៗខ្លួនដែលនាំឲ្យលឺដល់ព្រះមហាក្សត្រ ទ្រង់ក៏ចាត់ចែងឲ្យជាងទាំងពីរប្រឡងសាកល្បងគ្នា ដោយទ្រង់ប្រទានសម្ភារៈតាមតម្រូវការ។ ជាងម្នាក់បានសាងសង់ជាពិមានដែលរំលេចដោយក្បូរក្បាច់រចនាល្អគ្មានពីរស្រោបដោយមាស និងត្បូងទទឹមភ្លឺរន្ទាលឆ្អិនឆ្អៅហាក់បីដូចជាទិព្វពិមានរបស់សក្កទេវរាជ។ ចំណែកជាងមួយរូបទៀតសាងរូបបក្សីធ្វើអំពីមាស​រំលេចដោយត្បូងចរណៃ ហើយបក្សីទាំងនោះអាចហោះហើរលើអាកាសបានសព្វទិសា បានតាមចិត្តប្រាថ្នា មានចលនាដូចជាសត្វពិត មានឬទ្ធិដូចសត្វទេព។ ព្រះមហាក្សត្រទ្រង់មានអំណរក្រៃ ហើយទ្រង់បានឲ្យជាងទាំងពីរសហការគ្នាសាងជារូបហង្សយន្ត​ដែលអាចឲ្យមនុស្សជិះបានថ្វាយទ្រង់។ ឯជាងទាំងពីរក៏បានសាងជាបក្សីយន្តតាមព្រះរាជបំណង។ ហង្សយន្តមាសដែលរំលេចទៅដោយក្បូរក្បាច់យ៉ាងវិចិត្រគ្មានពីរភ្លឺរន្ទាលអាចឲ្យមនុស្សអាស្រ័យហោះហើរទៅគ្រប់ទីស្ថានបានតាមចិត្តប្រាថ្នា។ ឯរាជបុត្រកាល ឃើញយានទិព្វក៏ទូលសុំព្រះបិតាបំណងយកយានហង្សយន្តនោះទៅស្វែងរករៀនសិល្ប៍វិជ្ជាការ ចំណេះវិជ្ជាផ្សេងៗ និងរកទេពីជាទីពេញព្រះទ័យ ហើយមាតាបិតាក៏ព្រះរាជទានតាមបំណង។
     ក្រោយពីបានហង្សយន្តព្រះសុវណ្ណកុមារ ទ្រង់ធ្វើដំណើរយ៉ាងរីករាយទតធម្មជាតិ ហើយរៀបរាប់សរសើរជាហូរហែ។ លុះបន្ទាប់មកទៀត ទ្រង់ក៏បានដល់បញ្ចាល៍នគរដែលជាទីព្រះបាទបញ្ចាល៍គ្រប់គ្រង។ ទ្រង់បានទៅសំណាក់ជាមួយព្រាហ្មណ៍មួយរូបក្រោយមកជាឪពុកធម៌របស់ទ្រង់។ ដោយទ្រង់ជាបុគ្គលមានភាពឧស្សាហ៍ព្យាយាមក្នុងការសិក្សា ហើយមានប្រាជ្ញាលើសពីមនុស្សទាំងពួងផងទ្រង់ក៏បានរៀនចេះចាំស្ទាត់ជំនាញអំពីវិជ្ជាការទាំងប៉ុន្មានឥតចន្លោះ ហើយត្រូវឪពុកធម៌របស់ទ្រង់នាំទៅថ្វាយព្រះបាទបញ្ចាល៍ ដើម្បីឲ្យសុវណ្ណកុមារកាន់តួនាទីជំនួសលោក ឯព្រះបាទបញ្ចាល៍ទៀតសោតក៏សឹងពេញចិត្តទាំងសមត្ថភាព រូបសម្បត្តិ និងអត្តចរិតរបស់ព្រះសុវណ្ណកុមារជាពន់ពេក តែទ្រង់ពុំជ្រាបថាសុវណ្ណកុមារជាអម្បូរក្សត្រនាំឲ្យទ្រង់ស្តាយ ដែលពុំអាចឲ្យព្រះសុវណ្ណកុមារធ្វើជារាជសុណិសាបាន។
     ថ្លែងពីព្រះបាទបញ្ចាល៍ ទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គប្រកបដោយរូបសម្បត្តិល្អលើសទេពធីតាឋានសួគ៌ទៅទៀតទ្រង់មានព្រះនាមបុទមកេសរ។ នៅពេលដែលព្រះសុវណ្ណកុមារចូលដល់រាជវាំងព្រះនាងមានការចាប់ព្រះទ័យយ៉ាងចម្លែកទាំងរូបសម្បត្តិ ទាំងចរិយាសម្បត្តិ ប្ញកពាដែលធ្វើឲ្យព្រះនាងយល់ថាព្រះសុវណ្ណកុមារប្រាកដជាចេញមកអំពីត្រកូលនៃរបាក្សត្រណាមួយជាក់ជាមិនខាន។
     ដោយទំហំនៃសេចក្តីស្រឡាញ់ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យព្រះនាងស្រពាប់ស្រពោនក្រៃ។ ឯនាងភីលៀងកាលបើឃើញម្ចាស់ស្រីមានទុក្ខក៏ធ្វើជាអ្នកនាំពាក្យពីព្រះនាងបុទមកេសរទៅព្រះសុវណ្ណកុមារ ជាប្រការផ្សេងៗ។​ ព្រះសុវណ្ណកុមារក៏បានមកជួប ហើយលួងលោមធីតាក្នុងផ្លូវកាមគុណព្រះនាងចេះតែរកហេតុផលមកពន្យល់ តែព្រះសុវណ្ណកុមារធ្វើជាខឹងទើបនាងព្រម។
     ព្រះសុវណ្ណកុមារតែងតែមកជួបធីតាតាមហង្សយន្តជារៀងរាល់រាត្រីរហូតព្រះនាងមានគភ៌ជិតគ្រប់ខែ ទើបបានជ្រាបដល់ព្រះបញ្ចាល៍ ទ្រង់ពិរោធយ៉ាងខ្លាំង ក៏ប្រើល្បិចចាប់ព្រះសុវណ្ណកុមារហើយឲ្យពេជ្ឈឃាដនាំខ្លួនទៅសម្លាប់។
     ព្រះសុវណ្ណកុមារទ្រង់មានវិប្បដិសារៈជាពន់ពេក ម្យ៉ាងនឹកដល់មាតាបិតាឯនាយ ម្យ៉ាងស្តាយភរិយា ឯព្រះនាងបុទមកេសរ ក៏ទួញសោកបោកខ្លួនស្តាយសុវណ្នកុមារដែរ។ ឯមាតាព្រះនាងបុទមកេសរក៏ជួយអង្វរសុំការលើកលែងទោស តែព្រះបាទបញ្ចាល៍ពុំព្រមលើកលែងទោសឡើយ។
     ថ្លែងពីពេជ្ឈឃាតពេលនាំសុវណ្ណកុមារទៅសម្លាប់ត្រូវសុវណ្ណកុមារបោកបញ្ឆោត ហើយឡើងជិះហង្សយន្តទៅយកព្រះនាងបុទមកេសរ រួចហោះប្រទក្សិណបីជុំប្រាសាទបញ្ចាល៍ ដោយសុវណ្ណកុមារដៀលផ្តាសារ និងគំរាមដោយប្រការផ្សេងៗធ្វើឲ្យព្រះបាទបញ្ចាល៍ភិតភ័យតក្កមា ឯសុវណ្ណកុមារក៏នាំព្រះនាងបទុមកេសរហោះទៅកាន់នគរទេពបុរីរបស់ទ្រង់។ លុះធ្វើដំណើរបាន៧ថ្ងៃ នាងបុទមកេសរក៏ឈឺពោះឆ្លងទន្លេ។ សុវណ្ណកុមារក៏ឈប់សំចតក្នុងខេត្តខណ្ឌហេមពាន្តដ ក្រោមដើមជ្រៃក្នុងព្រៃក្រឹស្ណាខាងឆ្នេរព្រះគង្គារគីស្រះបោក្ខរណី។ ដោយឃើញបទុមកេសរ និងបុត្រាមានភាពរងាញ័រញាក់ សុវណ្ណកុមារបានអាស្រ័យដោយហង្សយន្តទៅយកភ្លើងពីនាយសំពៅនាកណ្តាលមហាសាគរ តែជាកម្មអកុសលព្រះអគ្គីបានឆាបឆេះខ្សែបញ្ជាហង្សយន្ត ធ្វើឲ្យព្រះសុវណ្ណកុមារត្រូវបាននាយសមុទ្រគោចរជួយសង្គ្រោះ ហើយហង្សយន្តត្រូវនាយពាណិជ្ជស្រង់បាន តែពុំបានដឹងពីគុណប្រយោជន៍ឡើយ។
     នាងបទុមកេសរកាលចាំស្វាមីបាត់ពុំឃើញត្រឡប់មកវិញក៏ទួញសោយសោក ហើយដើររកស្វាមីដោយទុកកូនក្រោមដើមក្រឹស្នានាព្រៃនោះ។
     ថ្លែងពីព្រះចៅព្រហ្មទត្តស្តេចនៃនគរពារាណសី​ ក្នុងពេលទ្រង់យាងក្រសាលក្នុងដងព្រៃបោះក៏ឃើញបុត្ររបស់បុទមកេសរទ្រង់ក៏បានរើសទារកនោះយកមកចិញ្ចឹម ហើយដាក់ព្រះនាមថាចៅក្រឹស្នកុមារ។ ទ្រង់ស្រឡាញ់បុត្រក្រៃ ព្រោះទារកនេះមានសម្បុរដូចមាស ម្យ៉ាងទ្រង់ពុំមានបុត្រផង។ លុះនាងបុទមកេសរមកវិញរកកូនមិនឃើញក៏សន្លប់បាត់ស្មារតី។ ពេលដែលនាងភ្ញាក់រលឹកឡើងក៏ដើរតាមស្នាមដានជើងរហូតមកដល់នគរពារាណសី ហើយស្នាក់នៅជាមួយយាយមាលាជាអ្នកក្រងផ្កាថ្វាយស្តេច ដើម្បីរង់ចាំឱកាសជួបជាមួយនឹងចៅក្រឹស្នកុមារ។
     ក្នុងពេលនៅជាមួយយាយមាលា នាងក្រងផ្កាថ្វាយសេ្តចជំនួសយាយមាលាយ៉ាងប៉ិនប្រសប់ជាហេតុនាំឲ្យស្តេចចង់ជួបនាង តែត្រូវយាយមាលាកុហកថានាងជាស្ត្រីមេម៉ាយ ហើយមានរូបអាក្រក់ក្រៃព្រោះពុំមែនជាឱកាសល្អ។ នាងនៅជាមួយយាយមាលាអស់រយៈពេល ១៦ឆ្នាំ។ ពេលនោះចៅក្រឹស្នកុមារក៏ចម្រើនវ័យគ្រប់ការ ទើបព្រះបាទព្រហ្មទត្តទ្រង់ត្រាស់ឲ្យស្តេចនៃនគរចំណុះទាំង​​១០១ នាំបុត្រីដែលពេញវ័យគ្រប់ការមកថ្វាយ តែពុំមានសូម្បីតែមួយអង្គដែលធ្វើឲ្យចៅក្រឹស្នកុមារពេញចិត្តសោះឡើយ ទើបព្រះបាទព្រហ្មទត្តបញ្ជាឲ្យរាជ្យអាមាត្រដើររើសរកស្រីល្អក្នុងនគរមកថ្វាយ ឯរាជអាមាត្យក្រាបថ្វាយទូលមហាក្សត្រថាក្នុងនគរពារាណសីនេះពុំមានស្រីណាដែលមានសម្រស់ស្រស់ស្អាតស្មើនឹងនាងបុទមកេសរជាចៅយាយមាលាសោះឡើយ តែទ្រង់ពុំជឿលុះអាមាត្យនាំនាងមកទើបទ្រង់ជឿ ឯចៅក្រឹស្នកុមារក៏សឹងពេញចិត្តគ្មានប្រកែក ហើយព្រះបាទព្រហ្មទត្តទ្រង់ត្មិះដៀលជេរយាយមាលាជាច្រើនដែលហ៊ានភូតកុហកទ្រង់។ ក្រោយពីបានរៀបចំរាជអភិសេកចៅក្រឹស្នកុមារ និងនាងបុទមកេសរ ព្រះបាទព្រហ្មទត្តក៏បានប្រគល់រាជសម្បត្តិថ្វាយចៅក្រឹស្នកុមារផងឲ្យគ្រប់គ្រងនគរពារាណសីពីទ្រង់ដែរ ឯនាងបុទមកេសរវិញក៏ចាំសង្កេតអត្តចរិតចៅក្រឹស្នកុមារដែរ។
     ក្នុងវេលារាត្រីផ្សំដំណេកខណៈដែលចៅក្រឹស្នកុមារសំដៅទៅប្រាសាទនាងបុទមកេសរក៏ស្រាប់តែមានទេវតាមកនិមិត្តទេពហេតុបីប្រការជាប្រស្នាដល់ចៅក្រឹស្នកុមារជាហេតុនាំឲ្យទ្រង់ និងនាងបុទមកេសរបានស្គាល់គ្នាជាម្តាយនិងកូន។ ក្រោយមកនាងបុទមកេសរ និងចៅក្រឹស្នកុមារបានសាងសង់សាលាឆទាន ដោយមានឆ្លាក់ជាសាច់រឿងនៃឆាកជីវិតរបស់នាង និងស្វាមីក្នុងគោលបំណងឲ្យសុវណ្ណកុមារបានឃើញ ហើយឲ្យយាយមាលាជាអ្នកគ្រប់គ្រងសាលានោះ។
     ថ្លែងពីនាយសាគរពាណិជ្ជ ដែលរើសបានហង្សយន្តបានយកទៅថ្វាយស្តេចព្រហ្មទត្ត ហើយទ្រង់បានឲ្យចៅក្រឹស្នកុមារជាអ្នកថែរក្សា។ ឯនាយសមុទ្រគោចរក៏បានចូលសំពៅមកដល់នគរពារាណសី ដើម្បីដោះដូរទំនិញ ដែលនាំឲ្យសុវណ្ណកុមារបានឃើញនូវរឿងរ៉ាវដែលឆ្លាក់់ជាប់សាលាឆទាន ហើយត្រូវយាយមាលានាំឲ្យទៅជួបនាងបុទម និងចៅក្រឹស្នកុមារ។ ដោយក្តីនឹករលឹកគ្នា ក្សត្រទាំងបីអង្គបានសោយសោករហូតដល់សន្លប់ទាំងបីអង្គ តែត្រូវព្រះឥន្ទ្រាធិរាជប្រោសឲ្យរស់វិញទាំងអស់។ ឯព្រះបាទព្រហ្មទត្តទ្រង់បានឲ្យអាមាត្យមកសាកសួរតែចៅក្រឹស្នកុមារទូលថាជាបងរបស់នាងបុទមកេសរ។
     ចៅក្រឹស្នកុមារបានយកហង្សយន្តមកថ្វាយសុវណ្ណកុមារជួសជុល ឯនាងបុទមកេសររៀបចំស្បៀងអាហារក្នុងពេលធ្វើដំណើរ ហើយនាងបានឲ្យរង្វាន់ដល់នាយសំពៅទាំងពីរ និយាយមាលាជាច្រើន ចំណែកចៅក្រឹស្នកុមារបានសរសេរសំបុត្របិទជាប់ទ្វារប្រាសាទថ្វាយព្រះបាទព្រហ្មទត្ត ហើយទាំងបីអង្គអាស្រ័យដោយហង្សយន្តហោះសម្តៅទិសឧត្តរទៅទេពបុរីអស់មួយរយៈពេល ឯព្រះបាទព្រហ្មទត្តទ្រង់ទួញអាល័យបុត្រក្រៃពេក។
     ដល់ទេពបុរីក្សត្រទាំង៥អង្គ បានព្រះកន្សែងលុះសន្លប់ស្មារតីទាំងអស់គ្រប់គ្នា។ ក្រោយពីធ្វើពិធីជញ្ជាត់ព្រលឹង ព្រះអាទិត្យវង្សាបានផ្ទេររាជបល្ល័ង្កថ្វាយសុវណ្ណកុមារ និងចៅក្រឹស្នកុមារជាឧបរាជបានសេចក្តីសុខសាន្តលុះមរណារៀងៗខ្លួន ក៏យោនយកកំណើតតាមផលកម្ម គឺព្រះអាទិត្យវង្សាជាព្រះបាទសុទ្ធោន៍ នាងពិម្ពាជាមហាមាយា ព្រហ្មទត្តជាអានន្ន ព្រះឥន្ទជាអនុរុទ្ធ នាងបទុមជាយសោធារា ចៅក្រឹស្នកុមារជារាហុលកុមារ ព្រះបាទបញ្ចាល៍ជាទេវទត្តអន្យតិរ្ថិយ ឯសុវណ្ណកុមារជាព្រះសាមណគោតមនេះឯង។
  • ប្រធានរឿង៖ ដំណើរជីវិតរបស់សុវណ្ណកុមារ ផ្សារភ្ជាប់នឹងហង្សយន្ត។
  • មូលបញ្ហារឿង៖ 
    • ការចាកចេញពីនគររបស់សុវណ្ណកុមារ
    • ការទាមទារសិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រករ
    • ការពុះពារជំនះគ្រប់ឧបសគ្គគ្រប់បែបយ៉ាង
    • ការរក្សាភក្តីភាពរវាងស្វាមី និងភរិយា
    • ការវិលត្រឡប់ចូលនគរវិញរបស់សុវណ្ណកុមារ។

Comments

  1. ជំរាបសួរលោក ខ្ញុំមានសំណួរមួយចង់សួរ
    ចូរបង្ហាញពីចំណុចអវិជ្ជមានក្នុងរឿងហង្សយន្ត។

    ReplyDelete

Post a Comment

Popular posts from this blog

ភាសាខ្មែរមានប្រភពមកពីភាសាបាលីសំស្ក្រឹត (ប្រធានបែបពិភាក្សា)

រឿង គូលីកំណែន

រឿង កុលាបប៉ៃលិន

រឿង មាលាដួងចិត្ត

រឿង ព្រះវេស្សន្តរ