វប្បធម៌ទូទៅ - [៣]

 ប្រឡងសិស្សពូកែទូទាំងប្រទេស
សម័យប្រឡង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០០៨
  1. អត្តសញ្ញាណជាតិជាអ្វី? អត្តសញ្ញាណជាតិរួមមានអ្វីខ្លះ? ចូររៀបរាប់។
  2. នៅក្នុងសង្គមប្រជាធិបតេយ្យ គេបែងចែកអំណាចសំខាន់ៗដូចម្តេចខ្លះ? អំណាចនីមួយៗ​តំណាងដោយស្ថាប័នណាខ្លះ និងមានតួនាទីដូចម្តេច?
  3. សង្គមកម្ពុជាបច្ចុប្បន្នកំពុងយកចិត្តទុកដាក់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ។ ដូចនេះដើម្បី​ចៀសផុតពីអំពើហិង្សាក្នុងគ្រួសារយើងគប្បីដឹងថាៈ
           ក. តើអំពើហិង្សាក្នុងគ្រួសារកើតឡើងពីមូលហេតុអ្វីខ្លះ? ចូររៀបរាប់ និងពន្យល់។
           ខ. តើអំពើហិង្សាក្នុងគ្រួសារស្តែងចេញក្រោមរូបភាពណាខ្លះ? ចូររៀបរាប់ពន្យល់។
           គ. តើរូបភាពនីមួយៗនៃអំពើហិង្សាផ្តល់ផលអាក្រក់ដូចម្តេចខ្លះចំពោះអ្នករង​គ្រោះ?


ចម្លើយ
  1. តាមន័យរូបស័ព្ទ អត្តសញ្ញាណជាតិ បានមកពី អត្ត + សញ្ញាណ + ជាតិ។ អត្ត មានន័យថា ខ្លួន អាត្មា។ សញ្ញាណ មានន័យថា គ្រឿងសម្គាល់ លក្ខណៈសម្គាល់ សេចក្តីដឹងជាក់។ ជាតិ មានន័យថា កំណើត។ តាមន័យទូទៅ អត្តសញ្ញាណជាតិ គឺជាគ្រឿងសម្គាល់នូវជាតិសាសន៍​នីមួយៗដាច់ដោយឡែកពីគ្នា។ រឺជាលក្ខណៈសម្គាល់ជាពិសេសរបស់មនុស្សរស់នៅក្នុង​សហគមន៍មួយដែលជាទូទៅមានភាសា វប្បធម៌ អរិយធម៌ជាមួយគ្នា។ អត្តសញ្ញាណជាតិរួម​មាន៖ និមិត្តរូប (ទង់ជាតិ ភ្លេងជាតិ ចម្រៀងជាតិ សញ្ញាជាតិ), រូបិយប័ណ្ណ (ប្រាក់រៀល), ភាសាខ្មែរ (មានផ្នត់កម្លាយ គ្មានការលើកដាក់សម្លេង), មនុស្សខ្មែរ (ពណ៌សម្បុរ ទម្រង់មុខ កម្ពស់ ភិនភាគ), ឈ្មោះខ្មែរ (មុំ ម៉ុក ម៉ែន...), ឈ្មោះទីកន្លែង (ភ្នំពេញ បាភ្នំ ត្បូងឃ្មុំ សៀមរាប...), ឥរិយាបថ (ដេក ដើរ ឈរ អង្គុយ...), សម្លៀកបំពាក់ (ហូល ផាមួង ក្រមា សារុង...), សុជីវធម៌ (ចេះគោរពមាតាបិតា ចាស់ព្រឹទ្ធាចារ្យ (ក្មេង គោរពអ្នកចាស់ជាងខ្លួន មានការសំពះពេលជួបគ្នា...), ឧបករណ៍ផ្ទះបាយ (ចាន ឆ្នាំង ជើងក្រាន កញ្ច្រែង ល្អី...), ឧបករណ៍ប្រើប្រាស់ (ផ្តិល ត្រឡោក តយ តោក ហិប...), ឧបករណ៍កសិកម្ម (នង្គ័ល រនាស់ រទេះ ចប កណ្តៀវ...), ជម្រក (ផ្ទះកន្តាំង ផ្ទះរោងដោល រោងឌឿង ផ្ទះប៉ិត...), គ្រឿងអលង្កា (ខ្សែក ខ្សែដៃ ចិញ្ចៀន...), ទំនៀមទម្លាប់ប្រពៃណី​ (កូនប្រុសបួសសងគុណម្តាយ កូនស្រី​ចូល​ម្លប់ ពិធីរៀបអាពាន៍ពិពាហ៍ បុណ្យទ្វារទសមាស...), អក្សរសាស្រ្ត និងអក្សរសិល្ប៍ (រឿងព្រេង​ខ្មែរ រឿងប្រជាប្រិយ រឿងបែបអក្សរសិល្ប៍ សំណេរ), សិល្បៈ (តន្រ្តី ចម្រៀង របាំ ល្ខោន យីកេ ល្ខោនស្បែក...), ល្បែងប្រជាប្រិយ (ចោលឈូង បោះអង្គុញ លាក់កន្សែង ស្តេចចង់ ចាប់កូន​ខ្លែង...), កីឡា (ល្បុក្កតោ ប្រដាល់ គុណដាវ...), ម្ហូបអាហារ (សម្លកកូរ ប្រហើរ ទឹកគ្រឿង ប្រហុកកប់...), បង្អែម (នំអន្សម នំគម នំជាល...), ការតុបតែងលម្អ (មានលក្ខណៈសមស្រប​តាមចំណង់ចំណូលចិត្ត ប្រពៃណីខ្មែរ...)។
  2. ក្នុងសង្គមប្រជាធិបតេយ្យ គេបែងចែកអំណាចសំខាន់ៗ៣ គឺអំណាចនីតិបញ្ញត្តិ អំណាចនីតិ​ប្រតិបត្តិ និងអំណាចតុលាការ។ អំណាចនីតិបញ្ញត្តិ តំណាងដោយរដ្ឋសភា និងព្រឹទ្ធសភា មានតួនាទីជាអ្នកតាក់តែងច្បាប់។ អំណាចនីតិប្រតិបត្តិ តំណាងដោយរដ្ឋាភិបាល មាន​តួនាទី​អនុវត្ត និងការពារច្បាប់។ អំណាចតុលាការ តំណាងដោយសាលាជម្រះក្តី មានតួនាទីរក​យុត្តិធម៌ជូនសង្គម។ អំណាចទាំងបីនេះពុំមានអំណាចណាមួយអាចជំនួសអំណាចដទៃទៀត​បានឡើយ ទោះក្នុងករណីណាក៏ដោយ។
  3. អំពើហិង្សា គឺជាការបញ្ចេញកំហឹងដាក់គ្នា, ការធ្វើអាក្រក់ដាក់គ្នា, ការប្រព្រឹត្តអំពើកម្រោល។
          ក. មូលហេតុនៃអំពើហិង្សា៖
  • ភាពអវិជ្ជា៖ អនក្ខរជន ភាពល្ងង់ខ្លៅ ដែលគ្មានការពិចារណា។
  • ភាពក្រីក្រ៖ ទីទ័លក្រ ធ្វើឲ្យមានភាពមួម៉ៅ, ខឹងអ្នកដទៃ។
  • សេពគ្រឿងញៀន៖ ធ្វើឲ្យភ្លេចភ្លាំងស្មារតី ប្តូរចរិកពីស្លូតទៅជាកាច។
  • ការរើសអើង។
           ខ. រូបភាពនៃអំពើហិង្សា៖
  • ផ្លូវកាយ៖ វាយដំ បង្ករបួសស្នាម
  • ផ្លូវចិត្ត៖ បង្កការឈឺចាប់ បញ្ឈឺ ផ្គើន មានះ រឹងត្អឹង ជេរបញ្ចោរ ដៀមដាម ប្រមាថ រើសអើង...
  • ផ្លូវសេដ្ឋកិច្ច៖ វាយបំផ្លាញទ្រព្យសម្បត្តិ សម្ភារៈ លួចទ្រព្យសម្ភារៈរបស់របរក្នុងផ្ទះយកទៅ​លក់ បង្ខាំងមិនឲ្យចេញទៅប្រកបមុខរបរ...
  • ផ្លូវភេទ៖ បង្ខាំចាប់រំលោភផ្លូវភេទ មិនរវល់ផ្លូវភេទ...
          គ. ផលប៉ះពាល់នៃអំពើហិង្សាគឺ៖
  • ផ្លូវកាយ៖ របួសស្នាម ពិការ បាត់បង់ជីវិត បាត់បង់ធនធានមនុស្ស
  • ផ្លូវចិត្ត៖ ភ័យខ្លាច បាក់ស្បាត អារម្មណ៍មិនហ្នឹងនរ អស់សង្ឃឹម ឡប់សតិ វិកលចរិត អាចធ្វើ​អត្តឃាត
  • ផ្លូវសេដ្ឋកិច្ច៖ ខូចខាតទ្រព្យសម្បត្តិ វិបត្តិសេដ្ឋកិច្ចគ្រួសារ គ្រួសារបង់ខាតលើការចំណាយ​លើការព្យាបាលរបួស ចំណាយលើការជួសជុល រឺទិញសម្ភារៈប្រើប្រាស់ ខាតពេលវេលា...
  • ផ្លូវភេទ៖ បង្កការឈឺចាប់ផ្លូវចិត្ត មានភាពភ័យខ្លាច ភាពតក់ស្លុត រស់នៅមិនស្ងប់ អារម្មណ៍​មិនល្អ អាចធ្លាក់ខ្លួនទៅធ្វើជាអ្នកជួញដូរផ្លូវភេទ អាចធ្វើអត្តឃាត រឺចងគំនុំសងសឹក។

Comments

Popular posts from this blog

រឿង ពុទ្ធិសែននាងកង្រី

រឿង មាយើង

រឿង គូលីកំណែន

មានតែចំណេះវិជ្ជាទេ ដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន (ប្រធានបែបពន្យល់)

រឿង កុលាបប៉ៃលិន