សេដ្ឋកិច្ចប្រទេសកម្ពុជាពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្ម
ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានវិសាលភាពទឹកដីធំទូលាយនៅឥណ្ឌូចិន។ ផ្ទៃដីនៃប្រទេសកម្ពុជាមួយភាគធំជាវាលទំនាបដែលអំណោយផលដល់វិស័យកសិកម្ម។ ប្រជាជនកម្ពុជាភាគច្រើនជាកសិករប្រកបរបរជាកសិកម្ម។ វិស័យកសិកម្មនេះក៏បានផ្តល់ជាប្រភពចំណូលយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ហេតុនេះហើយទើបមានមតិមួយពោលថា "សេដ្ឋកិច្ចប្រទេសកម្ពុជាពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្ម"។
មុននឹងបកស្រាយប្រធានខាងលើបឋមយើងគប្បីយល់នូវពាក្យ "សេដ្ឋកិច្ច និងកសិកម្ម" ជាមុនសិន។ សេដ្ឋកិច្ចមានន័យថា កិច្ចការដ៏ឧត្តម ឬកិច្ចការដល់ប្រសើរ។ ឯកសិកម្មសំដៅលើការធ្វើស្រែ ចំការច្បារដំណាំផ្សេងៗ។
ជាការពិតណាស់តាំងពីដើមរៀងមកប្រជាជនខ្មែរប្រមាណ៨៥%បានប្រកបរបរកសិកម្មសម្រាប់ចិញ្ចឹមជីវិតដូចជាធ្វើស្រែ ចំការ ចិញ្ចឹមសត្វជាដើម ប្រជាជនខ្មែរខិតខំខ្មីឃ្មាតដាំដុះដំណាំគ្រប់មុខក្នុងគោលបំណងលើកស្ទួយសេដ្ឋកិច្ចគ្រួសារក៏ដូចជាសេដ្ឋកិច្ចសង្គមជាតិទាំងមូល។ នេះគឺមកពីកសិករខ្មែរមិនមែនជាមនុស្សខ្ជិលច្រអូសនោះទេ ហើយពួកគេសុទ្ធតែមានសមត្ថភាពគ្រប់គ្រាន់ក្នុងមុខរបរនេះកសិករខ្មែរបានប្រែក្លាយផ្ទៃដីទាំងឡាយឲ្យទៅជាកម្រាលព្រំពណ៌មាសសម្រាប់ស្ថាបនាប្រទេសជាតិ និងនាំចេញទៅលក់នៅបរទេសទៀតផង។ មួយទៀតសោត សណ្ឋានដីប្រទេសកម្ពុជាក៏មានអំណោយផលទៅលើដំណាំកសិកម្មធ្វើឲ្យដំណាំទាំងឡាយដុះលូតលាស់ល្អគ្រប់ទី ជាក់ស្តែងនៅខេត្តបាត់ដំបងជាជង្រុកស្រូវយ៉ាងធំដែលចិញ្ចឹមប្រជាជនខ្មែរទូទាំងប្រទេស និងនាំចេញទៅបរទេសបានយ៉ាងច្រើន។ ក្រៅពីដំណាំស្រូវនេះនៅមានដំណាំផ្សេងៗទៀតដូចជាក្រចៅ ពោត សណ្តែក ល្ង កៅស៊ូ...។ល។ សុទ្ធតែផ្តល់ផលយ៉ាងច្រើន និងមានគុណតម្លៃជាអនេកប្បការដល់សេដ្ឋកិច្ចជាតិ។
កត្តារួមចំណែកដែលធ្វើឲ្យវិស័យកសិកម្មរីកចម្រើនបានល្អនោះមកពីប្រទេសកម្ពុជាយើងមានផ្លូវទឹកខ្វាត់ខ្វែងជាច្រើន ដូចជាទន្លេ ស្ទឹងបឹងបួ ព្រែក...តែងនាំដីល្បាប់ដ៏មានជីជាតិមកគ្រប់ទីកន្លែង និងផ្តល់ទឹកស្រោចស្រពដំណាំនានា ដែលកាន់តែធ្វើឲ្យដំណាំមានទិន្នផលខ្ពស់សម្រាប់នាំចេញទៅលក់បានច្រើនដោយដំណាំយើងពុំមានសារធាតុគីមី។សរុបសេចក្តីមក ឃើញថាមតិដែលលើកឡើងថា "សេដ្ឋកិច្ចប្រទេសកម្ពុជាពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្ម" ពិតជាសមហេតុផលមែន។
តើសេដ្ឋកិច្ចប្រទេសកម្ពុជាពឹងផ្អែកតែលើវិស័យកសិកម្មតែមួយផ្នែក ឬយ៉ាងណា? ប៉ុន្តែបើយើងពិនិត្យឲ្យដិតដល់ទៅឃើញថា សេដ្ឋកិច្ចប្រទេសកម្ពុជា ពុំពឹងផ្អែកតែលើវិស័យកសិកម្មមួយនោះទេ។ យើងត្រូវតែដឹងថាសេដ្ឋកិច្ចមានមែកធាងរបស់វាជាច្រើនរួមផ្សំគ្នាដូចជា ពាណិជ្ជកម្ម ឧស្សាហកម្ម គមនាគមន៍ ទេសចរណ៍ជាដើម។ ដោយប្រទេសកម្ពុជាយើងសំបូរដោយធនធានធម្មជាតិដ៏សំបូរបែប និងបុរាណប្រាសាទជាច្រើនប្រកបដោយក្បូរក្បាច់រចនាល្អប្រណិតនោះ វិស័យទេសចរណ៍ក៏ចូលរួមជួយសេដ្ឋកិច្ចជាតិដែរតាមរយៈភ្ញៀវទេសចរដែលមកទស្សនានៅក្នុងប្រទេសកម្ពុជាតាមតំបន់រមណីយដ្ឋាននានា ទាំងរមណីយដ្ឋានធម្មជាតិ ទាំងរមណីយដ្ឋានវប្បធម៌។ ភ្ញៀវទេសចរទាំងនោះហើយដែលជាប្រភពចំណូលថវិកាមួយចំណែកជួយបំពេញនូវកញ្ចប់សេដ្ឋកិច្ចជាតិដែរ។ ពួកវិនិយោគទុនធំៗបានមករកស៊ីបណ្តាក់ទុននៅស្រុកខ្មែរដោយបង្កើតរោងចក្រសហគ្រាសផ្សេងៗ ជួយធ្វើឲ្យប្រជាជនមានការងារធ្វើ មានមុខរបររកស៊ីគ្រប់ៗគ្នា។ ជាងនេះទៅទៀតការរកស៊ីជួញដូរទំនិញធំៗពីប្រទេសយើងទៅបរទេស និងពីបរទេសមកប្រទេសយើងក៏កំពុងចរចារយ៉ាងគគ្រឹកគគ្រេងផងដែរ ដែលធ្វើឲ្យចំណូលពន្ធគយកាន់តែកើនឡើង ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ។ ចំពោះវិស័យគមនាគមន៍ក៏ដូច្នោះដែរ រាជរដ្ឋាភិបាលបានបង្កលក្ខណៈងាយស្រួលក្នុងការចរាចរទៅមក ទាំងផ្លូវគោក និងផ្លូវអាកាស ដើម្បីឲ្យទេសចរបានធ្វើដំណើរដោយសុវត្ថិភាព និងងាយស្រួលក្នុងការដឹកទំនិញនានាទៅវិញទៅមក។ សរុបសេចក្តីមក យើងឃើញថា សេដ្ឋកិច្ចប្រទេសកម្ពុជាពុំមែនពឹងផ្អែកទាំងស្រុងតែលើវិស័យកសិកម្មនោះទេ។
និយាយរួមការអភិវឌ្ឍសេដ្ឋកិច្ចមិនមែនពឹងផ្អែកតែលើវិស័យកសិកម្មមួយទេ ត្រូវរួមផ្សំបន្ថែមលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ គមនគមន៍ អប់រំការពារជាតិជាដើម។
ដូចនេះប្រធានខាងលើពុំទាន់មានលក្ខណៈពេញលេញទេ ព្រោះថាការអភិវឌ្ឍត្រូវតែមានភាពស៊ីចង្វាក់គ្នារវាងវិស័យដទៃៗទៀត ទើបជាការល្អប្រសើរ។ ម្យ៉ាងវិញទៀតសព្វថ្ងៃនេះ រាជរដ្ឋាភិបាលកំពុងតែមមាញឹកយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើគ្រប់វិស័យទាំងអស់ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងលើកកំពស់កម្រិតជីវភាពប្រជាពលរដ្ឋយើងឲ្យលើប្រសើរ សក្តិសមជាប្រទេសធ្លាប់មានកិត្តិយសល្បីល្បាញលើឆាកអន្តរជាតិ។
Comments
Post a Comment