រឿង តេជោយ៉ត


  • ប្រភេទរឿង៖ អត្ថបទល្ខោនបាសាក់ (នាដកអក្សរសិល្ប៍)
  • ចលនា៖ ខេមរនិយម
  • អ្នកនិពន្ធ៖ ទី ជីហួត
  • កាលកំណត់តែង៖ ១៩៨៣
  • សង្គមបរិយាកាស៖ ដំណើររឿងប្រព្រឹត្តទៅនៅក្នុងសម័យឧដុង្គក្នុងរជ្ជកាលព្រះបាទជ័យ​ចេស្តា (១៥៧៥ ដល់១៥៩៣) គឺពេលដែលប្រទេសខ្មែរស្ថិតនៅក្នុងការទន្រ្ទានយាយីពីបរ​ទេស និងទំនាស់ផ្ទៃក្នុងព្រះរាជវាំង
សង្ខេបរឿង៖
         នៅដែនកំពង់ស្វាយមានបុរសម្នាក់ឈ្មោះមាស មានងារជាឧកញ៉ាតេជោបរមរាជដែលគេ​ហៅថា តេជោមាស។ លោកមានភរិយាឈ្មោះស្រែន្យ មានងារជាជំទាវ និងមានសិស្សឈ្មោះយ៉ត ដែលតែងតែទៅសមរភូមិប្រយុទ្ធជាមួយនឹងលោកគ្រប់ទីកន្លែង។ ស្វាមីភរិយាទាំងពីរនេះមានទឹក​ចិត្តស្រឡាញ់រាប់អានយ៉តជាពន់ពេក។ ស្តេចសម្រែបានតាំងខ្លួនឯងថា "សេ្តចសម្រែរាជាធិរាជ" ​បានតាំងទីកងទ័ពនៅដែនកំពង់ហៅ (កំពង់ឆ្នាំង) ដោយបានរៀបចំបន្ទាយមួយឲ្យឈ្មោះថា "បន្ទាយនគរ"។ ស្តេចសម្រែជាមេក្រុមបះបោរប្រឆាំងនឹងស្តេចព្រះជ័យចេស្តា ដើម្បីដណ្តើម​អំណាចគ្រប់គ្រងផែនដី។ តេជោមាស និងយ៉ត​បានព្យាយាមលោកទ័ពទៅបង្ក្រាបក្រុមបះបោរនេះ​ខ្លាំងណាស់ដែរតែត្រូវបរាជ័យ។ ជំទាវស្រែន្យបានរៀបចំល្បិចបញ្ឆោតឲ្យស្តេចសម្រែធ្លាក់ក្នុង​អន្លង់​ស្នេហាចំពោះរូបនាង ហើយបង្អកស្រារហូតដល់ស្រវឹង។ ស្តេចសម្រែ និងបក្សពួកត្រូវបាន​តេជោ​មាស យ៉ត និងកងទ័ពចាប់ទៅថ្វាយព្រះចៅជ័យចេស្តាកាត់ទោសតាមច្បាប់នគរ។
         ក្រោយពីបានទទួលជោគជ័យលើស្តេចសម្រែរួចមក តេជោមាសបានទទួលអនិច្ចកម្មទៅ។ ព្រះរាជាក៏ប្រទានងារនេះឲ្យទៅតេជោយ៉តបំពេញនាទីដឹកនាំកងទ័ពជំនួស។ តេជោយ៉តបាន​ទទួលរាជបញ្ជា និងដាវអាជ្ងាសឹកទៅបង្ក្រាបពួកឈ្លើយសឹកបះបោរនៅខេត្តពោធិ៍សាត់។ ឆ្លង​តាម​បទពិសោធរបស់ឧកញ៉ាចក្រី និងក្រឡាហោមទទួលបរាជ័យក្នុងការបង្ក្រាបឈ្លើយសឹកនៅទីនោះ​តេជោយ៉តបានរកឃើញថាការចាញ់សង្គ្រាមនេះបណ្តាលមកពីមានខ្មាំងនៅក្រោយខ្នង។ តេជោ​យ៉តបានបញ្ជាកេណ្ឌទ័ពនៅលង្វែក កំពង់ស្វាយ ក្នុងនោះមានម៉ឺនចៃចុងរ៉ាក់ដែលជាប្អូនថ្លៃមហា​ក្សត្រផងដែរ។ ដើម្បីយកខ្មាំងខាងក្រោយខ្នង តេជោយ៉តបានបញ្ជាឲ្យកងទ័ពកំណែនទាំងអស់​អូសឫស្សីបញ្ច្រាសចុងដើម្បីកសាងបន្ទាយ បើនរណាប្រឆាំងត្រូវសម្លាប់ចោល។ បក្សពួកម៉ឺនចៃ​ចុងរ៉ាក់មិនបានធ្វើតាមបញ្ជានោះឡើយ ហើយថែមទាំងធ្វើតាមទំនើងចិត្តរបស់ខ្លួនព្រោះសំអាង​ទៅលើបងស្រីដែលធ្លាប់ទទួលសំណូក និងជាអ្នកម្នាងនៃព្រះមហាក្សត្រនឹងជួយឲ្យរួចពីកំណែន​នេះ។ ទង្វើនេះត្រូវតេជោយ៉តរកឃើញថាម៉ឺនចៃចុងរ៉ាក់នេះឯងជាខ្មាំងពីក្រោយខ្នង ហើយក៏ចាប់​យកទៅសម្លាប់ចោលទៅ។ ក្រោយពីបានទទួលដំណឹងថាប្អូនប្រុសស្លាប់អ្នកម្នាងនូបានទូលថ្វាយ​ព្រះរាជាឲ្យចាប់តេជោយ៉តទៅកាត់ទោសប្រហារជីវិត។ ព្រះរាជាបានធ្វើតាមការសុំរបស់អ្នកម្នាងនូ តែតេជោយ៉តមិនបានមកតាមបញ្ជានោះឡើយ ដោយសំអាងថាខ្លួនជាប់ដៃបង្ក្រាបសត្រូវបះបោរ​ ចាំរួចការនេះ ខ្លួននឹងមកទទួលទោសដោយខ្លួនឯង។ ដោយការទទូចសុំរបស់អ្នកមា្នងខ្លាំងពេក ព្រះរាជាបានបង្ខំឲ្យតេជោយ៉តមកជួបតទល់ជាមួយអ្នកម្នាងនូ។ ពេលកំពុងជជែកគ្នានោះ តេជោ​យ៉តបានចោទប្រកាន់ថាអ្នកម្នាងនូជាខ្មាំងពីក្រោយខ្នង ព្រោះបានរំខានខ្លួនធ្វើសឹក បើកឱកាសឲ្យ​សត្រូវវាយលុក និងទទួលសំណូក ដើម្បីការពារបក្សពួកម៉ឺនចៃចុងរ៉ាក់ ធ្វើឲ្យកងទ័ពបាក់ស្មារតី ហើយក៏គប់កូនដាវសម្លាប់អ្នកម្នាងនូនាពេលនោះទៅ។ តេជោយ៉តប្រកាសជម្រាបមន្ត្រីទាំងនោះ​ថាចាំបង្ក្រាបសត្រូវរួចខ្លួននឹងចូលមកទទួលទោសពីព្រះអង្គដោយខ្លួនឯង។
         ការបង្ក្រាបឈ្លើយសៀមបះបោរបានសម្រេចជោគជ័យ តេជោយ៉តបានឲ្យគេធ្វើឃ្នាងហើយ​ដាក់ខ្លួនឯងដើរចូលទៅទទួលទោសពីព្រះរាជាពីបទដែលខ្លួនសម្លាប់អ្នកម្នាងនូ។ ព្រះរាជាមិនឲ្យ​ចូលជួប រួចបញ្ជាឲ្យមន្ត្រីដោះលែង និងឲ្យទៅត្រួតត្រាការឯខេត្តកំពង់ស្វាយ។ តេជោយ៉តបានគួច​ចិត្តប៉ងប្រាថ្នាយកជំទាវស្រែន្យមកធ្វើជាភរិយា តែមិនបានសម្រេចទេ ព្រោះជំទាវបានគិតថាយ៉ត​ជាជនជាតិភាគតិច ហើយជាសិស្សរបស់ប្តីនាងពីមុនផងដែរ។ ដោយសង្កេតឃើញជំទាវរើសអើង​ស្នេហាប្រកាន់វណ្ណៈបែបនេះ តេជោយ៉តបានប្រើល្បិចលួចយកកាំជណ្តើរផ្ទះជំទាវស្រែន្យមកឲ្យ​ជាងដាប់ឆ្លាក់ធ្វើជារូបព្រះពុទ្ធបដិមា និងរូបតេជោមាស ហើយប្រកាសធ្វើបុណ្យយ៉ាងធំបញ្ជូន​កុសលទៅគ្រូរបស់ខ្លួន។ ជំទាវស្រែន្យបានទៅចូលរួមពិធីនោះ ហើយត្រូវបានតេជោយ៉តប្រាប់​ការពិតថាថ្វាយបង្គំកាំជណ្តើរផ្ទះរបស់ខ្លួនឯង។ គ្រានោះជំទាវស្រែន្យយល់ន័យនៃទង្វើរបស់តេជោ​យ៉ត ហើយក៏ព្រមព្រៀងរៀបការជាមួយតេជោយ៉តនាពេលនោះទៅ។
  • ប្រធានរឿង៖វីរភាពរបស់់បុព្វបុរសខ្មែរក្នុងបព្វហេតុជាតិមាតុភូមិក៏ដូចជាព្រះមហាក្សត្រក្នុង​កិច្ចការពារបូរណភាពទឹកដី។ តេជោយ៉តជាតួអង្គតំណាងឲ្យមេទ័ពខ្មែរនៅសម័យឧដុង្គដែល​មានគំនិតស្រឡាញ់ជាតិ លើកតម្កើងជាតិ និងហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិដែលទង្វើ​នេះជាគម្រូមួយគួរជាទីមោទនៈ និងស្ញប់ស្ញែងក្រៃលែង។
  • មូលបញ្ហា៖ ការបះបោររបស់ស្តេចសម្រែ, ភាពឈ្លាសវៃរបស់ស្រ្តី (ជំទាវស្រែន្យ), ការបោស​សំអាតខ្មាំងក្រោយខ្នង, សេចក្តីស្នេហារបស់តេជោយ៉ត និងជំទាវស្រែន្យ។

Comments

Post a Comment

Popular posts from this blog

រឿង ពុទ្ធិសែននាងកង្រី

រឿង មាយើង

រឿង គូលីកំណែន

មានតែចំណេះវិជ្ជាទេ ដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន (ប្រធានបែបពន្យល់)

រឿង កុលាបប៉ៃលិន