រឿងព្រះវេស្សន្តរបានអប់រំសង្គមអ្នកដឹកនាំខ្មែរឲ្យមានគំនិត និងអនុវត្តលទ្ធិប្រជាធិបតេយ្យក្នុងសង្គមរស់នៅ (ប្រធានបែបពន្យល់)

ប្រធាន៖ រឿងព្រះវេស្សន្តរបានអប់រំសង្គមអ្នកដឹកនាំខ្មែរឲ្យមានគំនិត និងអនុវត្តលទ្ធិប្រជាធិប​តេយ្យក្នុងសង្គមរស់នៅ។ ចូរបកស្រាយមតិខាងលើនេះ។


សេចក្តីអធិប្បាយ
         ក្រោយពីបានសិក្សាស្នាដៃអក្សរសិល្ប៍បុរាណរឿងព្រះវេស្សន្តរដែលជាស្នាដៃមួយស្ថិតក្នុង​ចលនាអក្សរសិល្ប៍ពុទ្ធនិយមរួចមក ធ្វើឲ្យអ្នកសិក្សាទាំងឡាយយល់ថា រឿងនេះមិនគ្រាន់តែបក​ស្រាយអំពីការកសាងទានបារមីរបស់ព្រះពោធិសត្វប៉ុណ្ណោះទេ ថែមទាំងបានអប់រំសង្គមអ្នកដឹក​នាំ​ខ្មែរឲ្យមានគំនិត និងអនុវត្តលទ្ធិប្រជាធិបតេយ្យក្នុងសង្គមរស់នៅថែមទៀតផង។
         តើរឿងព្រះវេស្សន្តរបានអប់រំអំពីលទ្ធិប្រជាធិបតេយ្យយ៉ាងដូចម្តេចខ្លះ?
         មុននឹងបកស្រាយនូវប្រធានខាងលើឲ្យបានក្បោះក្បាយជាដំបូងយើងគប្បីយល់នូវពាក្យ "អប់រំ" និង "លទ្ធិប្រជាធិបតេយ្យ" ជាមុនសិន។ "អប់រំ" គឺសម្តៅលើការទូន្មាន ប្រៀនប្រដៅ ដឹកនាំ​មនុស្សឲ្យដើរតាមផ្លូវល្អ។ ចំណែក "លទ្ធិប្រជាធិបតេយ្យ" គឺជាលទ្ធិដែលគ្រប់គ្រងសង្គមដោយ​គោរពមតិរាស្រ្ត ឈរលើគោលការណ៍គោរពប្រយោជន៍រាស្រ្តជាធំ។ អត្ថន័យរបស់ប្រធានខាងលើ​គឺចង់ឲ្យយើងបកស្រាយតាមរយៈរឿងព្រះវេស្សន្តរថាបានអប់រំសង្គមអ្នកដឹកនាំខ្មែរឲ្យមានគំនិត និង​អនុវត្តតាមលទ្ធិដែលលើកតម្កើងប្រយោជន៍រាស្រ្តជាធំ។
         ក្នុងដំណើរការសិក្សា វិភាគខ្លឹមសារទៅលើស្នាដៃអក្សរសិល្ប៍បែបពុទ្ធនិយមរឿងព្រះវេស្សន្តរ បានធ្វើឲ្យគេរកឃើញថាខ្លឹមសារនៃរឿងនេះបានរួមចំណែកដ៏សំខាន់ក្នុងការអប់រំឲ្យមានគំនិត​ប្រជាធិបតេយ្យ និងអនុវត្តលទ្ធិនេះនៅក្នុងសង្គមរស់នៅ។ បានជាគេលើកឡើងបង្ហាញបញ្ជាក់បែប​នេះព្រោះដោយមានអំណះអំណាងទាក់ទងទៅនឹងបញ្ហាដូចជានៅពេលដែលមានអំណះអំណាង​ទាក់ទងទៅនឹងបញ្ហានេះដូចជា នៅពេលដែលមានទំនាស់រវាងព្រះវេស្សន្តរជាមួយនឹងប្រជារាស្រ្ត​ស្រុកស្រីពិរាស្រ្តក្នុងខណៈដែលព្រះវេស្សន្តរបានដាក់ទានដំរីបច្ច័យនាគេន្ទ្រទៅឲ្យនគរកលឹង្គរាស្រ្ត។ ការដាក់ទានដោយអត្តនោម័តនេះបានធ្វើឲ្យអ្នកស្រុកជេតុត្តរនគរមានកំហឹងជាខ្លាំងហើយនាំគ្នា​ទៅទូលប្តឹងផ្តល់ដល់ព្រះបាទស្រីសញ្ជ័យឲ្យបំបរបង់ព្រះវេស្សន្តរចេញពីនគរ។ ក្នុងអធិករណ៍នេះ ភាគីម្ខាងជាព្រះរាជបុត្រដែលត្រូវបន្តរាជ្យ ហើយម្ខាងទៀតជាប្រជារាស្រ្ត ប៉ុន្តែព្រះបាទស្រីសញ្ជ័យ​ពុំបានយល់ដល់ព្រះញាតិវង្សឡើយ ព្រះអង្គសម្រេចព្រះទ័យតាមឆន្ទៈរបស់រាស្រ្តដោយត្រូវតែ​និរទេសព្រះវេស្សន្តរចេញពីនគរ។ ដំណោះស្រាយនេះគឺព្រះស្រីសញ្ជ័យដោះស្រាយវិវាទដោយ​ឈរលើគោលការណ៍ប្រជាធិបតេយ្យ មានន័យថាព្រះអង្គស្តាប់មតិរាស្ត្រជាធំ។ ចំពោះព្រះវេស្សន្តរ​វិញក្នុងឋានៈជាព្រះរាជបុត្រនៃព្រះមហាក្សត្រទាំងមូល ក៏ព្រះអង្គមិនមានប្រទូស្តរាយនឹងប្រជា​រាស្ត្រ សុខចិត្ត សុខព្រះកាយយាងចាកចេញពីនគរទៅនៅក្នុងព្រៃភ្នំគិរីវង្គតតាមបំណងរបស់រាស្រ្ត ចំណុចនេះមានន័យថាព្រះវេស្សន្តរគោរពលទ្ធិប្រជាធិបតេយ្យដូចជាព្រះបិតារបស់ព្រះអង្គដែរ។
         និយាយរួមទៅ ការសម្រេចព្រះទ័យរបស់ព្រះបាទស្រីសញ្ជ័យក្នុងការបំបរបង់ព្រះវេស្សន្តរ​ចេញពីនគរ និងការយាងចេញពីនគរនៃព្រះវេស្សន្តរទៅរស់នៅក្នុងព្រៃ គឺជាការសម្រេចព្រះទ័យ​ និងជាព្រះរាជសកម្មភាពមួយដែលឲ្យតម្លៃទៅលើឆន្ទៈរបស់រាស្រ្ត គោរពតាមមតិរបស់រាស្រ្តជាធំ​ដែលយើងហៅថាជាការសម្រេចព្រះទ័យតាមបែបលទ្ធិប្រជាធិបតេយ្យ។
         តាមការអធិប្បាយស្រាយបញ្ជាក់បញ្ហាខាងលើ ធ្វើឲ្យយើងអាចវិនិច្ឆ័យបានថាការអះអាង​របស់ប្រធានពិតជាត្រឹមត្រូវសមហេតុផល និងមានលក្ខណៈវិនិច្ឆ័យល្អិតល្អន់ចំពោះដំណើររឿង។ ការដែលរឿងនេះបានលើកមកបង្ហាញពីគំនិត និងការអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ​ពិតជាបាន​ជះឥទ្ធិពលដ៏សំខាន់ទៅលើសតិអារម្មណ៍សង្គមពិសេសគឺជំហររបស់អ្នកដឹកនាំឲ្យមើលឃើញពី​អត្ថប្រយោជន៍ដែលបានមកពីប្រជាធិបតេយ្យក្នុងដំណើរការកសាងសង្គមដោយលើកស្ទួយឲ្យ​ប្រជាពលរដ្ឋក្លាយទៅជាម្ចាស់ពិតប្រាកដលើជោគវាសនានៃប្រទេសជាតិរបស់ខ្លួន។ ដូចនេះយើង​ទាំងអស់គ្នាត្រូវរួមកម្លាំងគ្នាកសាងកម្លាំងប្រជាធិបតេយ្យឲ្យបានរឹងមាំដើម្បីសង្គមជាតិមានសុខ​សន្តិភាព និងអភិវឌ្ឍន៍។

Comments

  1. មាន​ដល់ចប់អត់?

    ReplyDelete

Post a Comment

Popular posts from this blog

រឿង ពុទ្ធិសែននាងកង្រី

រឿង មាយើង

រឿង គូលីកំណែន

មានតែចំណេះវិជ្ជាទេ ដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន (ប្រធានបែបពន្យល់)

រឿង កុលាបប៉ៃលិន