នាងមទ្រីជាកន្សៃសារពេជ្ញរបស់ព្រះពោធិសត្វ (ប្រធានបែបពន្យល់)
ប្រធាន៖ នាងមទ្រីជាស្រ្តីកន្សៃសារពេជ្ញរបស់ព្រះពោធិសត្វ។ ចូរបង្ហាញថា តើលក្ខណៈណាខ្លះដែលបញ្ជាក់ថានាងមទ្រី ជាស្រ្តីកន្សៃសារពេជ្ញមែន។
សេចក្តីអធិប្បាយ
នាងមទ្រីជាតួអង្គឯកស្រី្តនៅក្នុងរឿងព្រះវេស្សន្តរជាតក ក្នុងរឿងនេះអ្នកនិពន្ធបានពណ៌នាពីទឹកព្រះទ័យនាងមទ្រីច្រើនជាងពណ៌នាពីរូបសម្បត្តិ ហើយពិសេសអ្នកនិពន្ធបានទុកកណ្ឌមួយតែឯងសម្រាប់ពណ៌នាពីទឹកព្រះទ័យដ៏សប្បុរសប្រកបដោយស្វាមីភក្តិ និងសកម្មភាពគ្រប់បែបយ៉ាងក្នុងការជួយបំពេញទានរបស់ព្រះវេស្សន្តរជាស្វាមី។ អាស្រ័យហេតុនេះហើយទើបមានមតិមួយលើកឡើងថា "នាងមទ្រីជាស្រី្តកន្សៃសារពេជ្ញរបស់ព្រះពោធិសត្វ"។
តើមានលក្ខណៈអ្វីខ្លះដែលបង្ហាញថានាងមទ្រីជាស្រ្តីកន្សៃសារពេជ្ញ?
ដើម្បីជាជំនួយក្នុងការបកស្រាយឲ្យបានក្បោះក្បាយ ជាបឋមយើងគួរយល់ន័យនៃពាក្យមួយចំនួនជាមុនសិន។ "កន្សៃសារពេជ្ញ" មានន័យថាស្រ្តីជាអគ្គមហេសីរបស់ព្រះពោធិសត្វ ជាបច្ឆិមជាតិក្នុងការដែលនៅជាគ្រហស្ថ ឬដែលបានត្រាស់ហើយ។ "ព្រះពោធិសត្វ" គឺអ្នកដែលកំពុងខំប្រឹងប្រែងបំពេញបារមីបម្រុងនឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ។
តាមធម្មតាស្រ្តីជាកន្សៃសារពេជ្ញនេះតែងមានការទាក់ទងជាមួយព្រះពោធិសត្វជាដរាប បើពោធិសត្វកើតជាមនុស្ស ស្រ្តីកន្សៃសារពេជ្ញក៏កើតជាមនុស្សដែរទោះស្ថិតនៅក្នុងវណ្ណៈណា ត្រកូលណា ប្រទេសណាក៏ដោយ ក៏តែងបានជួបគ្នាជាគូគ្រងមិនដែលខានឡើយ។ បើពោធិសត្វយកកំណើតជាសត្វណាមួយ ស្រី្តជាកន្សៃសារពេជ្ញក៏យកកំណើតជាសត្វដែរ ថែមទាំងបានជួបគ្នាជាគូគ្រងដូចក្នុងកំណើតជាមនុស្សដែរ។ ម្យ៉ាងវិញទៀតព្រះពោធិសត្វ និងកន្សៃសារពេជ្ញទោះបីជាព្រាត់គ្នាទៅដល់ទីណា ក៏មិនដែលព្រាត់គ្នារហូតទេ តែងនឹងមានជំនួយក្រៅខ្លួនណាមួយនាំឲ្យជួបគ្នាវិញជានិច្ច ហើយប្រសិនបើព្រះពោធិសត្វ ឬកន្សៃសារពេជ្ញត្រូវស្លាប់បាត់បង់ជីវិតដោយហេតុណាមួយ តួអង្គដែលនៅរស់គឺតែងនៅម្នាក់ឯងរហូត ឥតយកគូគ្រងថ្មីទៀតទេ។ តួអង្គបែបនេះហើយដែលហៅថា កន្សៃសារពេជ្ញ។ ព្រះនាងមទ្រីជាកន្សៃសារពេជ្ញនៃព្រះពោធិសត្វវេស្សន្តរ។ លក្ខណៈដែលបញ្ជាក់ថា នាងមទ្រីជាកន្សៃសារពេជ្ញមានច្រើនកន្លែង ច្រើនចំណុចណាស់។ នៅក្នុងកណ្ឌហេមពាន្តយើងបានឃើញអ្នកនិពន្ធលាតត្រដាងនូវភក្តីភាពរបស់នាងមទ្រីចំពោះស្វាមីយ៉ាងវែងដូចជា ពេលដែលព្រះវេស្សន្តរមិនព្រមឲ្យនាងទៅតាម នាងមទ្រីសោយសោករៀបរាប់ថាបើព្រះស្វាមីមិនព្រមឲ្យនាងទៅតាមទេ នាងនឹងយកអុសមកតជាប្រមាណប៉ុនភ្នំ ហើយដុតអុសនោះឲ្យឆេះរួចនាងនឹងលោតចូលភ្លើងឲ្យក្ស័យសង្ខាទៅប្រសើរជាងរស់នៅ។ នាងប្រៀបព្រះវេស្សន្តរដូចបាដំរីដើរត្រាច់ក្នុងព្រៃ សព្វជ្រោះជ្រងដងភ្នំផងទាំងឡាយ ឯរូបនាងដូចមេដំរីបណ្តើរកូនទាំងពីរដើរតាមគន្លងដងព្រៃភ្នំទាំងពួងនោះដែរ។ ពេលដែលព្រះវេស្សន្តរបានពោលពណ៌នាពីព្រៃហេមពាន្តជាទីគួរឲ្យខ្លាចដើម្បីបន្លាចនាងមទ្រី កុំឲ្យនាងតាមទៅ ប៉ុន្តែនាងមទ្រីបែរជាពណ៌នាពីព្រៃហេមពាន្តយ៉ាងច្បាស់ថាជាទីសប្បាយគួរឲ្យចង់ទៅទៅវិញ។ នៅឯភ្នំគិរីវង្គតឯណោះ នាងមទ្រីពុំធុញទ្រាន់នឹងធ្វើការបម្រើព្រះស្វាមីដែលគេបំបរបង់ ហើយមកតាំងធម៌នោះឡើយ។ ព្រឹកឡើងនាងដងទឹកបោសសំអាតអាស្រម លួងលោមព្រះរាជបុត្រាបុត្រីហើយទើបយាត្រាចូលព្រៃស្ងាត់តែម្នាក់ឯងដើម្បីស្វែងរកបេះផលានុផលមកថ្វាយព្រះស្វាមី និងបុត្រាបុត្រី។ ព្រះនាងធានាធ្វើការសព្វជំពូកទាំងអស់ឥតឲ្យព្រះស្វាមីឃើ្នសព្រះទ័យឡើយ។ ចំណុចដែលរឹតតែបញ្ជាក់ឲ្យឃើញច្បាស់ថាព្រះនាងមទ្រីជាកន្សៃសារពេជ្ញ គឺត្រង់ពេលដែលនាងសន្លប់បាត់ស្មារតីក្រោយពីពេលនាងត្រឡប់មកពីព្រៃវិញ ហើយរកបុត្រមិនឃើញ លុះត្រាព្រះវេស្សន្តរប្រាប់រឿងពិតហើយ ឲ្យអនុមោទនាទាន នាងក៏លើកព្រះហត្ថទទួលអនុមោទនាដោយព្រះទ័យរីករាយ ថែមទាំងសុំឲ្យព្រះស្វាមីបានត្រាស់ជាព្រះពុទ្ធទៅថ្ងៃអនាគតកាលទៀតផង។ លើសពីនេះទៅទៀត កាលឥន្ទ្រព្រាហ្មមកសុំនាងពីព្រះស្វាមីនាងបានទូលព្រះស្វាមីថាទោះជាព្រះស្វាមីពុះទ្រូងយកប្រមាត់ បេះដូងឲ្យទានក៏ព្រះនាងសុខព្រះទ័យដោយក្តីរីករាយជានិច្ច។
សរុបសេចក្តីមក ស្រ្តីដូចជានាងមទ្រីនេះរកគ្មានទេក្នុងលោក ទឹកព្រះទ័យដ៏មោះមុតស្របតាមគោលបំណងព្រះស្វាមីនេះហើយដែលបញ្ជាក់ថា នាងមទ្រីជាកន្សៃសារពេជ្ញជាគូគ្រងពីអតីតរបស់ព្រះពោធិសត្វ។
ដូចនេះប្រធានខាងលើពិតជាមានអត្ថន័យប្រកបដោយខ្លឹមសារយ៉ាងជ្រាលជ្រៅសម្រាប់អប់រំភរិយាទាំងឡាយក្នុងការជួយកិច្ចការស្វាមីសម្រេចបាននូវរាល់ភារៈកិច្ចតូចធំទាំងពួង។ ស្វាមីភរិយាត្រូវចេះស្រឡាញ់គ្នា និងចេញជួយយកអាសារគ្នាឲ្យស្មោះអស់ពីចិត្តព្រមទាំងរំលែកកិច្ចការគ្នាទៅវិញទៅមកទើបគ្រួសារមានសុភមង្គលនាំឲ្យសង្គមមានភាពសុខសាន្ត។
Thank, very helpful
ReplyDelete