រឿង ចៅស្រទបចេក
- ប្រភពរឿង៖ គម្ពីរសាស្រ្តាស្លឹករឹតជាពាក្យកាព្យដែលមាននៅក្នុងបណ្ណាល័យ "ទេវង្សកុមារ"។ រឿងចៅស្រទបចេកដែលយើងយកមកសិក្សានេះជាស្នាដៃរបស់ យស ងិន បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ បោះពុម្ពលើកទី៣ ព.ស ២៥១០ គ.ស ១៩៦៧។
- ប្រភេទរឿង៖ អក្សរសិល្ប៍បុរាណ, ប្រភេទសាស្រ្តល្បែង
- ចលនា៖ ពុទ្ធនិយម
- អ្នកនិពន្ធ៖ យស ងិន
- ឥទ្ធិពល៖ ពុទ្ធសាសនា
- កាលកំណត់តែង៖ ថ្ងៃអង្គារ ទី១១កើត ខែផល្គុន ឆ្នាំជូត ព.ស២៤៣២ ត្រូវនឹងគ.ស ១៨៨៩
រឿងនេះមានលក្ខណៈជាធម្មទេសនាហើយបានលើកឡើងតាំងពីសម័យពុទ្ធអង្គគង់នៅវត្តជេតុពន នៅស្រុកនិគមគ្រាម នានគរហង្សាវត្ថី មានមហាក្សត្រមួយអង្គព្រះនាមមធុររាជា។ នៅស្រុកនោះមានសេដ្ឋីម្នាក់ ឈ្មោះធនសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនរហូតដល់ ៨០កោដិឃ្លាំង។ នៅស្រុកមួយទៀតក្នុងនគរដដែល គឺស្រុកបច្ចន្តគ្រាមមានសេដ្ឋីម្នាក់ទៀតឈ្មោះថា ភោគ សេដ្ឋី គឺជាអ្នកមានស្តុកស្តម្ភដូចគ្នា តែអភ័ព្វត្រង់គ្មានកូនស្នងត្រកូល។ ក្រោយមកលឺដំណឹងថានៅវត្តព្រះធាតុសក្តិសិទ្ធិ អ្នកគ្មានកូនចៅទៅបន់ស្រន់បានដូចចិត្ត។ សេដ្ឋីទាំងពីរបានទៅដល់ទីនោះដំណាលគ្នាដើម្បីបន់ស្រន់សុំបុត្រហើយក៏បានសុំគ្នាធ្វើជាក្លើម្រាក់ដោយសន្យាថា បើម្នាក់មានកូនប្រុស ម្នាក់ទៀតមានកូនស្រីនឹងធ្វើជាដន្លងនឹងគ្នា តែបើប្រុស ឬស្រីដូចគ្នានឹងធ្វើជាក្លើម្រាក់នឹងគ្នា។ ក្រោយមកធនសេដ្ឋីមានកូនប្រុសមួយដែលជាតួអង្គពោធិសត្វ។ ចំណេកឯនាងដែលជាកន្សៃសារពេជ្ញក៏មកចាប់កំណើតនឹងភោគសេដ្ឋី។ ពួកគេបានដឹងដំណឹងពីគ្នាទៅវិញទៅមកអំពីបុត្រ។ ដោយហេតុថាទេវបុត្រដែលមកចាប់កំណើតក្នុងផ្ទៃនៃភរិយាធនសេដ្ឋីជាអនាគតនៃអង្គពោធិសត្វបានបណ្តាលឲ្យធនសេដ្ឋីកើតមានសេចក្តីជ្រះថ្លា ហើយក៏បានបរិច្ចាគទ្រព្យធនដែលខ្លួនមានទៅដល់ជនក្រីក្រស្មូមយាចក។ ចំណេរកាលក្រោយមកធនសេដ្ឋីក៏រលំរលាយអស់ទ្រព្យសម្បត្តិគ្មានសល់ គាប់ជួននៅពេលនោះព្រះឥន្ទ្រាធិរាជចាស់ត្រូវអស់បុណ្យដែលជាហេតុនាំឲ្យគេទៅអញ្ជើញធនសេដ្ឋីឡើងទៅសោយរាជ្យនៅឋានលើ។ នៅពេលធនសេដ្ឋីស្លាប់ទៅ នាងជាប្រពន្ធគ្មានសល់ទ្រព្យសម្បត្តិអ្វីធ្វើបុណ្យ ហើយក៏រស់នៅជាអ្នកសុំទានគេពីស្រុកមួយទៅស្រុកមួយ។ ដោយជីវភាព ក្រលំបាកខ្លាំងពេក នាងជាម្តាយក៏នឹកឃើញអតីតក្លើម្រាក់របស់សេដ្ឋីជាប្តីក៏ធ្វើដំណើរទៅដល់ផ្ទះលោកភោគសេដ្ឋីជួបនឹងអ្នកយាម អ្នកយាមក៏ទៅប្រាប់ភោគសេដ្ឋី ភោគសេដ្ឋីគិតថាពីមុនវាមិនអីទេ តែឥឡូវដល់ថ្នាក់សុំទានគេទៅហើយធ្វើម្តេចកើតក៏ឲ្យអ្នកយាមទៅប្រាប់ថា គាត់មិនស្គាល់ មិនដែលដឹងអ្វីទេ។ ដោយសារតែនាងចេះតែចចេសចង់ជួបមុខសេដ្ឋី លោកសេដ្ឋីក៏បានឲ្យអ្នកយាមវាយធ្វើបាបទៅលើនាងជាម្តាយជាទម្ងន់ ហើយក្រោយមកក៏ត្រូវស្លាប់នៅស្លាប់ក្នុងព្រៃ។ ចៅស្រទបចេកអស់ទីពឹងពាក់។ ដោយចង់រកលុយដើម្បីទិញក្តារមឈូស និងជួលគេឲ្យជួយបញ្ចុះសពម្តាយ។ ដោយចង់រកលុយដើម្បីបញ្ចុះសពម្តាយ ចៅស្រទបចេកក៏បានយកបន្តោងដែលនៅជាប់នឹងកទៅលក់ដើម្បីទិញក្តារមឈូស និងជួលគេឲ្យបញ្ចុះសពម្តាយ។ ដោយគ្មានអ្វីទ្រាប់បាតមឈូសវាក៏ដោះសម្លៀកបំពាក់របស់វាយកទៅទ្រាប់បាតមឈូសឲ្យម្តាយទៀត ហើយវាយកស្រទបចេកមកចងដើម្បីបិទបាំងរាងកាយ។ ចៅស្រទាប់ចេកបានដេកចាំផ្នូររបស់ម្តាយ ហើយនៅថ្ងៃមួយវាបាននឹកឃើញដល់បណ្តាំម្តាយផ្តាំថា សុំឲ្យវាទៅរកគ្រូអាចារ្យម្នាក់សុំស្នាក់អាស្រ័យ និងរៀនសូត្រផង។ ក្រោយមកចៅចេកក៏ធ្វើដំណើរទៅដល់ផ្ទះគ្រូអាចារ្យម្នាក់សុំស្នាក់អាស្រ័យ និងរៀនសូត្រផង។ ក្រោយមកចៅចេកក៏ធ្វើដំណើរទៅដល់ផ្ទះគ្រូអាចារ្យទិសាបាមោក្ខដើម្បីធ្វើជាអ្នកបម្រើគេ ដំបូងឥតបានរៀនសូត្រអ្វីទេ។ និយាយពីបុត្រីរបស់ភោគសេដ្ឋីឈ្មោះនាងកេសរមាលា នៅពេលដែលនាងឃើញឪពុកឲ្យអ្នកយាមវាយធ្វើបាបទៅលើអ្នកទាំងនោះ នាងមានចិត្តអាណិតអាសូរ ហើយនាងចំណាំមុខយ៉ាងច្បាស់តែនាងពុំដឹងជាធ្វើដូចម្តេច ហើយការអាណិតអាសូរពីមួយថ្ងៃទៅមួយថ្ងៃកើនឡើង ក្រោយមកនាងក៏មានជម្ងឺ។ លោកសេដ្ឋីពុំដឹងធ្វើម៉េចឲ្យកូនខ្លួនជាសះស្បើយឡើយ។ នៅថ្ងៃមួយនាងនឹកឃើញថាបើនាងទៅនៅឯផ្សារ ប្រហែលជានាងមានឱកាស ជួបចៅស្រទបចេកម្តងទៀត។ នាងក៏បានសុំឪពុកធ្វើហាងលក់ដូរមួយនៅឯផ្សារ ហើយលោកភោគសេដ្ឋីក៏បានអនុញ្ញាតដែរ។ តាមពិតទៅគឺនាងមានបំណងដើម្បីស៊ើបរកចៅស្រទបចេកនេះឯង។ ក្រោយមកនាងក៏បានស៊ើបនឹងតាមរយៈកូនសិស្សម្នាក់នៃលោកអាចារ្យ ហើយនាងក៏ឲ្យសិស្សម្នាក់នោះហៅចៅស្រទបចេកមកដើម្បីនាងបានធ្វើទានជាសម្លៀកបំពាក់។ លឺដល់លោកអាចារ្យ គាត់ក៏ដេញចៅស្រទបចេកឲ្យទៅ។ តែចៅស្រទាប់ចេកពុំហ៊ានចូលទេព្រោះពេលឃើញនាងកេសរមាលា វាក៏នឹកឃើញដល់លោកភោគសេដ្ឋីចិត្តមារ ក៏រត់គេចទៅសាលាវិញ លោកអាចារ្យក៏ស្តីបន្ទោសឲ្យវា។ វាក៏ដោះស្រាយថាសម្លៀកបំពាក់មិនសក្តិសមនឹងខ្លួន ហើយវាក៏នឹងមានគ្រោះថ្នាក់។ ក្រោយមកនាងកេសរមាលាក៏បានប្រើឲ្យទាសីរបស់នាងទៅហៅដល់សាលា តែចៅស្រទបចេកនៅតែមិនព្រមទៅ។ ដល់ពេលរដូវចូលឆ្នាំមកដល់ លោកអាចារ្យក៏មានចិត្តធម៌មេត្តាឲ្យលុយ១កាក់ទៅដើរលេងសប្បាយនឹងគេ។ ពេលបានលុយចៅចេកក៏នឹកឃើញចង់ទៅទិញនំទៅសែនផ្នូរម្តាយតែខ្លាចជួបនាងកេសរមាលា។ នាងកេសរមាលាក៏ឲ្យគេទៅចាប់ចៅស្រទបចេកនៅកន្លែងលក់នំដើម្បីបង្ហាញពីទឹកចិត្តរបស់នាងថានាងមិនដូចឪពុកនាងទេ។ ពេលចាប់ចៅស្រទបចេកចូលដល់ក្នុងផ្ទះ នាងបានលត់ជង្គង់ ហើយសំពះតាមអាការៈជាស្រីគ្រប់លក្ខណ៍ និងអង្វរករឲ្យចៅស្រទបចេកទទួលយកនំចំណីសម្លៀកបំពាក់ពីនាង។
ត្រឡប់មកផ្ទះវិញចៅស្រទបចេកក៏សុំលោកអាចារ្យចេញរកស៊ី លោកអាចារ្យក៏ឲ្យចៅចេកលក់នំអាកោរ។ ក្រោយមកក៏ឲ្យចៅចេកបានរៀនសូត្រនឹងគេ។ ដោយហេតុថាចៅស្រទបចេកជាតួអង្គពោធិសត្វ វាក៏រៀនពូកែជាងសិស្សឯទៀតៗ។
សម័យថ្ងៃមួយព្រះរាជាឈាងចូលដល់វ័យចំណាស់ ទ្រង់កើតមានគំនិតរកអ្នកស្នងរាជ្យ ទ្រង់ក៏ដាក់បញ្ជាឲ្យគេរកមនុស្សមានបុណ្យដោយផ្សងដំរីមកដល់ស្រុកដែលចៅស្រទបចេករស់នៅ។ តាអាចារ្យបាននាំសិស្សទាំងអស់ទៅគាល់ស្តេចដើម្បីធ្វើការជ្រើសរើស។ ចៅស្រទបចេកក៏ត្រូវទៅដែរ។ ទៅដល់ជិតដល់រាជដំណាក់ លោកអាចារ្យបានឃាត់ចៅចេកឲ្យនៅមើលអីវ៉ាន់ឲ្យគេ។
និយាយពីព្រះឥន្ទ្រាធិរាជថ្មី នៅពេលបានជួបនឹងប្រពន្ធវិញគឺនាងសុជាតា ទ្រង់នឹកគិតទៅដល់បុត្ររបស់ព្រះអង្គ ហើយនៅពេលទតឃើញថាបុត្រកំសត់ខ្លាំងពេក ទ្រង់បានកាឡាខ្លួនជាតាចាស់ម្នាក់ចុះមកយកបង្វិចមកផ្ញើចៅស្រទបចេកផងដែរ។ នៅពេលមានហ្វូងដំរីសេះចូលមកនិងដោយមានអីវ៉ាន់ច្រើនផង ពិបាកកាន់ហើយខ្លាចបាត់ ចៅចេកក៏រើសយកបង្វិចរបស់តាចាស់មកពាក់តាមបណ្តាំ។ ស្លៀកពាក់រួចដំរីជ័យក៏មកដល់ល្មមហើយលុតជង្គង់នៅចំពោះមុខចៅស្រទបចេក។ ចៅស្រទបចេកក៏ត្រូវបានអភិសេកជាស្តេចយ៉ាងគគ្រឹកគគ្រេងក្រោមការបាចផ្កាជូនពរជ័យពីទេវតាផង ដោយមាននាមថា ទេវវង្សកុមារ។ ពេលចប់ព្រះរាជពិធីទៅ ចៅស្រទបចេកនៅតែកើតទុក្ខនឹកដល់នាងកេសរមាលា ពុំមានសោយអ្វី និយាយអ្វី។ ព្រះនាងកេសរបុប្ឆាជាមហេសីក៏ដណ្តឹងសួរព្រះស្វាមី យល់សេចក្តីសព្វគ្រប់ប្រការ។ ទេវវង្សកុមារនិងមហេសីក៏ធ្វើដំណើរទៅស្រុកបច្ចន្តគ្រាមជាស្រុកភោគសេដ្ឋី ទ្រង់កើតឈឺចិត្តចង់រកយុត្តិធម៌ឲ្យមាតា ពេលនោះទ្រង់ក្លែងខ្លួនធ្វើជាប្រជារាស្ត្រសាមញ្ញ ហើយបានពឹងមេស្រុកទៅស្តីដណ្តឹងកូនសេដ្ឋី។ ថ្ងៃទី១ លោកសេដ្ឋីយល់មុខដល់ចៅហ្វាយស្រុក គេឲ្យមកវិញ។ ថ្ងៃទី២ទៅម្តងទៀត ត្រូវគេជេរប្រទេច។ ថ្ងៃទី៣ទៅទៀត ចង់ប៉ើងទាំងមេស្រុក ហើយចង់ទិញក្បាលដែលចង់ដណ្តឹងកូនគាត់កាប់ចោល។ ទ្រង់ក៏ចេះតែកត់បណ្តើរៗបានភ័ស្តុតាងសព្វគ្រប់ ក៏បើកសវនាការបញ្ជាឲ្យគេនាំខ្លួនភោគសេដ្ឋីមក។ នៅពេលអ្នកទាំងនោះទៅដល់ផ្ទះសេដ្ឋី សេដ្ឋីក៏សុំជូន៥ណែន ក្រោយមក១ពែងហាបប្រាក់តែឥតមាននរណាហ៊ានទទួល។ សេដ្ឋីទាមទារសាក្សី ពេលនោះគេក៏យកនាងកេសរមាលាមកធ្វើជាសាក្សី ប្រសិនបើនាងឆ្លើយថាមិនដឹងទ្រង់នឹងឲ្យគេកាត់សិរសាដោតលើឈើ។ ពេលនោះសេដ្ឋីត្រេកអរណាស់ព្រោះគេយកកូនស្រីមកធ្វើជាសាក្សី។ នាងកេសរមាលាចូលដល់ទីសវនការ នាងអត់មានមាត់កអ្វីទាំងអស់ព្រោះបើនាងនិយាយច្បាស់ជាមាននរណាម្នាក់ស្លាប់ជាមិនខាន។ ក្រោយមកនាងក៏សុំឲ្យព្រះអង្គប្រទានពរ នាងសុំតែមួយគឺសត្វដែលត្រូវបាត់បង់ជីវិតត្រូវលើកលែងទោស ហើយនាងក៏បានប្រាប់តាមត្រង់នូវអ្វីដែលនាងបានដឹង។
ភោគសេដ្ឋីចាញ់ក្តី ក៏ត្រូវធ្វើទារុណកម្ម តែមិនឲ្យស្លាប់ទេ ហើយបណ្តើរតាមផ្សារមិនឲ្យអ្នកស្រុកយកតម្រាប់តាម។ ក្រោយមកចៅស្រទបចេកទ្រង់ព្រះភស្តាជាព្រះមហាក្សត្រ ហើយក៏ចាត់អភិសេកយ៉ាងអធិកអធមសមរម្យតាមប្រពៃណី។ ដើម្បីស្រោចស្រង់កិត្តិយសឪពុក នាងក៏សំណូមពរឲ្យទ្រង់ដោះលែង។ រីឯលោកមេស្រុកក៏បានឡើងធ្វើជាមហាតលិក ហើយឪពុកក្មេកឡើងជាមេស្រុក រួចទ្រង់ក៏វិលចូលព្រះបរមរាជវាំងវិញ។
- ប្រធានរឿង៖ រឿងចៅស្រទបចេកបង្ហាញពីដំណើរជីវិតរបស់បុត្រសេដ្ឋីធ្លាក់ខ្លួនក្រលំបាកវេទនាបណ្តាលមកពីកម្មបុព្វេ។ តាមរយៈដំណើររឿងយើងសង្កេតឃើញថាអ្នកនិពន្ធបានលាតត្រដាងពីសកម្មភាពរបស់តួអង្គចៅស្រទបចេកដ៏កំសត់ទុគ៌ត កំព្រាឯកោ និងដែលជាតួអង្គពុទ្ធពង្សនៅឋានតុសិត ពេលច្យុតចុះមកចាប់កំណើតនៅឋានមនុស្សលោក ដើម្បីទទួលនូវផលដែលទ្រង់បានកសាងកាលពីអតីតជាតិនោះ គឺមកពីទ្រង់បានទាញស្បង់ចីពររបស់សាមណេរមួយអង្គលេង ធ្វើឲ្យរបូតអាក្រាតកាយអស់រលីងគ្មានសល់ ទើបទ្រង់ហុចស្បង់នោះទៅសាមណេរអង្គនោះវិញ។ សកម្មភាពនេះហើយដែលជាទុក្ខទោសមួយដែលអន្ទោលតាមទ្រង់ជាប់ជានិច្ច។
- មូលបញ្ហារឿង៖ បញ្ហាកម្មផល, បញ្ហាកិត្តិយស, បញ្ហាសេ្នហា, បញ្ហាកតញ្ញូ, បញ្ហាទេវន្តាគមន៍
សូមអរគុណខ្លាំងណាស់ សម្រាប់ការចែករំលែកនៅចំណេះដឹងទាំងនេះ។
ReplyDelete