រឿង ស៊ឹមអ្នកបរឡាន


  • ប្រភពរឿង៖ ដំណើរកើតឡើងនៅប្រទេសកម្ពុជា
  • ប្រភេទ៖ អក្សរសិល្ប៍ទំនើបបែបមនោគមវិជ្ជា
  • ចលនា៖ ខេមរនិយម
  • អ្នកនិពន្ធ៖ អ៊ឹម ថុក
  • សង្គមបរិយាកាស៖ ដំណើររឿងប្រព្រឹត្តទៅក្នុងសម័យអាណានិគមនិយមបារាំង ដែលក្នុង​កាលនោះអ្នកមានអំណាច អ្នកមានលុយជិះជាន់ញើសឈាមអ្នកក្រដូចសត្វធាតុ។
សង្ខេបរឿង៖
        មីងប្រេម ម៉េងជាកម្មករម្នាក់នៅក្រុមបេតុងបានត្អូញត្អែរពីរឿងធ្វើការងារដោយត្រូវកាត់មួយ​ថ្ងៃសូកគេដើម្បីបានការងារធ្វើ។ ពេលព្រះអាទិត្យជិតថ្ងៃត្រង់ អ្នកធ្វើការទាំងអស់បានសប្បាយ​ចិត្ត ព្រោះដល់ម៉ោងសម្រាកពីការងារ។ បន្ទាប់ពីប្រគល់សម្ភារៈឲ្យអ្នកយាមឃ្លាំងរួច គូលីក៏បំបែកគ្នា​ទៅ​ផ្ទះរៀងៗខ្លួន។ រីឯគូលីណាដែលផ្ទះនៅឆ្ងាយក៏សម្រាកនៅកន្លែងធ្វើការ ខ្លះទៀតនៅតាមសំយាប​ផ្ទះ ឬក្រោមម្លប់ក្បែរនោះ។ មីងប្រេម ម៉េង នាងប្រុញ និងគូលីម្នាក់ទៀតដែលសម្រាកនៅកន្លែង​ធ្វើ​ការក៏ចូលវង់ទទួលទានបាយជាមួយគ្នាដោយមានម្ហូបក្រៀមក្រោះ។ ពួកគេហូបបាយបណ្តើរ និយាយត្អូញត្អែរពីភាពលំបាករបស់ពួកគេបណ្តើរ អំពីការធ្វើការងារហើយទទួលបានបា្រក់ខែ​បន្តិច​មិនអាចចាយវាយបានគ្រប់គ្រាន់។
         ថ្ងៃបើកលុយមកដល់គូលីទាំងអស់អង្គុយចាំបើកលុយពីប្រពន្ធថីសេហ្វដោយទឹកមុខរីក​រាយ។ ប៉ុន្តែភាពញញឹមនេះមិនបានកន្លះម៉ោងទេ ព្រោះនៅខាងក្រៅ មានចឹកលក់ការ៉េម និងមីង​ពតអ្នកលក់នំបញ្ចុកចាំទារលុយពីពួកកម្មករដែលស៊ីជំពាក់គាត់។ មីងប្រេម ហ៊ី សុទ្ធតែបានជំពាក់​ចឹកការ៉េម និងមីងពតព្រោះគាត់ទ្រាំអស់កម្លាំងមិនបាន។
         ស៊ឹមជាអ្នកបរឡានឲ្យលោកធំ។ ស៊ឹមជាអ្នកតាមដានអានកាសែតបានច្រើនក៏រៀបរាប់ពីការ​រស់នៅរបស់កម្មករនៅប្រទេសដទៃឲ្យភ្ញៀវស្តាប់ និងបានជួយពន្យល់ណែនាំដល់ក្រុមមីងប្រេមពី​ការរស់នៅរបស់កម្មករនានានៅប្រទេសដទៃទៀតដែលគោរពលទ្ធិប្រជាធិបតេយ្យ។ ស៊ឹមបាន​ពន្យល់ឲ្យគូលីទាំងអស់រៀនអានកាសែតដែលផ្សាយពីស្រុកប្រជាធិបតេយ្យ ដើម្បីចងជាសមាគម ឬសហជីពការពារកម្មករ។
        ថ្ងៃមួយស៊ឹមបរឡានជូនលោកធំគាត់ទៅជួបមិត្តភក្តិ ហើយលោកឲ្យសឹមមកទទួលគាត់វិញ​នៅម៉ោង១១កន្លះ។ ស៊ឹមចាំលោកតាំងពីម៉ោង១១កន្លះរហូតដល់សារ៉ែនរោទិ៍ ក៏នៅតែមិនឃើញ​លោកចេញមក ស៊ឹមក៏បើកឡានទៅមុនចោលលោក។ ពេលលោកត្រឡប់មកវិញស្តីបន្ទោសឲ្យ​ស៊ឹមជាច្រើនដែលស៊ឹមព្រហើនហ៊ានបើកឡានចោល ទោះបីជាស៊ឹមខំពន្យល់ហេតុផលដោះសារ​យ៉ាងណាក៏ដោយ។ លោកស្រីប្រពន្ធលោកក៏ជួយពន្យុះបន្ថែម។
        ស៊ឹមក៏ប្រាប់ពូសនពីរឿងបើកឡានចោលលោក។ ពូសនបញ្ចេះស៊ឹមឲ្យទៅសុំទោសលោក តែ​ស៊ឹមតវ៉ាមិនព្រមសុំទោសទេ ព្រោះគាត់ធ្វើការមានម៉ោងពេលកំណត់ត្រឹមត្រូវ។ ស៊ឹមក៏បានពន្យល់​ពូសនពីស្រុកឯករាជ្យ ស្រុកប្រជាធិបតេយ្យ ដូច្នេះការធ្វើការងារត្រូវគោរពម៉ោងពេល គោរពសិទ្ធិ​សេរីភាពការងារ។ ប៉ុន្តែពូសនក៏ទូន្មានស៊ឹមវិញថា "ពងមាន់កុំជល់នឹងថ្ម"។ ដោយស៊ឹមមិនស្តាប់​ ពូ​សនខឹងហើយក៏ដើរចេញសំដៅឡានគាត់ទៅ។
          ពូសនត្រឡប់មកពីជូនចៅហ្វាយគាត់ទៅដើរលេងនៅកែបរួចមក ក៏ត្រឡប់មកជូនចៅហ្វាយ​ទៅធ្វើការដូចសព្វដង។ ពូសនដើរសំដៅទៅស៊ឹមរួចសំណេះសំណាលគ្នាពីរឿងការងារ។ ពូសន​សួរស៊ឹមពីរឿងបើកឡានចោលលោកកាលពីថ្ងៃមុន ហើយនៅតែជំរុញឲ្យស៊ឹមទៅសុំទោសលោក​ទៀត ប៉ុន្តែស៊ឹមវិញនៅតែប្រឆាំងនឹងគំនិតចាស់គំរិលរបស់ពូសន ហើយថែមទាំងប្រាប់ពូសនថា​ពេលនេះលោកលែងហ៊ានប្រើគាត់ផ្តេសផ្តាសទៀតហើយ ឯលោកស្រីក៏និយាយរកស្រួលវិញ​ដែរ។ ពេលនេះគាត់មានពេលច្រើននៅជាមួយប្រពន្ធកូន។ ស៊ឹមថែមទាំងបានពន្យល់ពូសនឲ្យខំ​អានសៀវភៅ មើលកាសែតឲ្យបានច្រើនហើយហ៊ានរកខុសត្រូវនោះអ្នកធ្លាប់រំលោភជិះជាន់ក៏បែរ​ជាល្អវិញ។ ពូសនក៏បានយល់ស្រប ហើយអានសៀវភៅរបស់ស៊ឹមដោយជក់ចិត្ត។
  • ប្រធានរឿង៖ ការទាមទារសិទ្ធិសេរីភាពប្រជាធិបតេយ្យរបស់ប្រជាជនពីសំណាក់អ្នកជិះជាន់​កាន់អំណាច។
  • មូលបញ្ហារឿង៖ បញ្ហាទំនាស់វិបត្តិក្នុងសង្គមរវាងវណ្ណៈ និងវណ្ណៈដែលកើតមកពីការរំលោភ​កេងប្រវ័ញ្ច និងការតស៊ូមោះមុតប្រឈមមុខនឹងភាពក្រីក្រ និងការរើបម្រះមិនចុះញ៉ម។

Comments

Popular posts from this blog

រឿង មាយើង

រឿង ពុទ្ធិសែននាងកង្រី

រឿង កុលាបប៉ៃលិន

រឿង គូលីកំណែន

មានតែចំណេះវិជ្ជាទេ ដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន (ប្រធានបែបពន្យល់)