រឿង គូលីកំណែន


  • ប្រភពរឿង៖ រឿងគូលីកំណែនជាប្រលោមលោកបែបមនោគមវិជ្ជា ឆ្លុះបញ្ចាំងពីតថភាព​សង្គមកម្ពុជា ក្រោមនឹមអាណានិគមនិយមពីរ គឺបារាំង និងជប៉ុនដែលជារឿងមួយមានប្រភព​នៅក្នុងប្រទេសកម្ពុជាយើង ពីព្រោះដំណើររឿងបានប្រព្រឹត្តទៅនៅក្នុងឃុំគោកចំបក់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។
  • ប្រភេទ៖ អក្សរសិល្ប៍ទំនើបដែលមានទស្សនៈជឿនលឿន និងមាននិន្នាការទៅខាងលទ្ធិសង្គមនិយម។
  • ចលនា៖ ខេមរនិយម ព្រោះបានបង្ហាញពីជីវភាពពិតៗក្នុងសង្គមខ្មែរក្នុងកាលៈទេសៈដែល​ត្រូវបរទេសត្រួតត្រា។
  • អ្នកនិពន្ធ៖ អ៊ឹម ថុក
  • កាលបរិច្ឆេទ៖ ខែសីហា ១៩៥៦
  • សង្គមបរិយាកាស៖ ដំណើររឿងបានប្រព្រឹត្តទៅចាប់ពីរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស (ពីឆ្នាំ​ ១៩២៧ ដល់ ១៩៤២) សម័យនោះប្រទេសកម្ពុជាឋិតក្រោមអាណានិគមបារាំង ជប៉ុន។
សង្ខេបរឿង៖
         ឆ្នាំ១៩៣៥ នៅភូមិគោកចំបក់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលមានការដកហូតងារមេឃុំកឹម រួចហើយលើកបន្តុបពូផាន់ជំនួសវិញ ព្រោះពូផាន់មានទ្រព្យសម្បត្តិច្រើន ពូកែទារពន្ធដារ និងចេះ​​ផ្គាប់ផ្គុនចៅហ្វាយនាយ។ ថ្ងៃអាទិត្យមេឃុំផាន់តែងនាំលោកចៅហ្វាយស្រុកទៅផឹកស៊ី រកស្រីញី ជាពិសេសជាមួយនាងខ្វែននៅភូមិដើមក្រសាំង។ ក្នុងពេលកេណ្ឌពលករឲ្យជប៉ុនម្តងៗ មេឃុំផាន់​បានច្រើនទាំងប្រាក់ និងសគុណ។ ក្នុងរយៈពេលធ្វើការ៥ឆ្នាំ មេឃុំផាន់ទទួលបានមេដាយដល់​ទៅ​ពីរ។
         លឹមជាកូនប្រុសរបស់តាង៉ែតយាយម៉ុកត្រូវមេឃុំផាន់កេណ្ឌឲ្យទៅធ្វើព្រលានយន្តហោះ​ពោធិ​ចិនតុង ទោះបីនៅសល់ជាងមួយខែទៀតត្រូវរៀបការក៏ដោយ។ លឹមជាអ្នកបួសរៀនខាងផ្លូវពុទ្ធ​សាសនា គេមានគំនិតជឿនលឿន មានជំនឿសមហេតុផលទៅលើទស្សនៈកម្មផល។ ការយល់​ដឹងការងាររាក់ជ្រៅក្នុងសង្គម លឹមបានយឹមដែលជាឧបាសកខើចជើងនៅបាសាក់ព្រះត្រពាំងជួយ​ណែនាំ។
         ពេលទៅកំណែននៅពោធិចិនតុង មេឃុំផាន់ និងលោកចៅហ្វាយស្រុកមានឧបាយកល​អាក្រក់ចង់បាននាងហេងដោយឲ្យយាយចាន់ធ្វើជាមេអណ្តើក។ ការនេះមិនបានសម្រេច មេឃុំ​ផាន់ក៏ប្រើវិធីគំរាមកំហែងថានឹងឲ្យប៉ូលីសមកចាប់នាងហេង។ យល់ហេតុការណ៍មិនស្រួល ពូ​ស្វាយមីងពតក៏នាំនាងហេងយកទៅលាក់ទុកនៅផ្ទះតាង៉ែត យាយម៉ុកក៏ដាច់ចិត្តបររទេះនាំអនា​គតកូនប្រសារគេចទៅលក់អង្ករនៅភ្នំពេញ រង់ចាំថ្ងៃលឹមវិលមកវិញទើបរៀបការតែម្តង។
         ជាគ្រោះកាច ពេលយន្តហោះអាមេរិចមកទម្លាក់គ្រាប់បែកលើមូលដ្ឋានទ័ពជប៉ុន ពិសេស​ត្រង់ចេតិយវត្តឧណ្ណលោម តាង៉ែតយាយម៉ុក និងនាងហេងក៏ត្រូវស្លាប់យ៉ាងអណោចអធមដោយ​គ្រាប់បែកនោះទៅ។
         ពេលបញ្ចប់ការងារនៅឯពោធិចិនតុងហើយលឹមក៏វិលត្រឡប់មកភូមិកំណើតវិញ។ ពេល​នោះលឹមត្រូវបាត់បង់នូវអ្វីៗទាំងអស់ ឪពុកម្តាយ គូសង្សារក៏ត្រូវស្លាប់ជាមួយនោះអុងប៉ាងថាវក៏​រឹមអូសដីស្រែ ផ្ទះសំបែង ដើម្បីកាត់សងបំណុលខ្មោចឪពុក។
         ថ្ងៃមួយបន្ទាប់ពីបានទទួលសំបុត្រពីឧបាសកយឹម ដែលគ្រូសូត្រម៉ក់យកមកប្រគល់ឲ្យលឹមៗ​ក៏បានទៅជួបយឹមនៅផ្ទះនូដូងឯភ្នំពេញ។ លឹមត្រូវមានភារកិច្ចជូននូដូងដែលទើបរត់ចេញពីគុក​ទៅស្វាយដូនកែវដើម្បីបន្តចលនាតស៊ូជាមួយបារាំង។
         ម៉ឹងត្រូវជាប្អូនបង្កើតរបស់នូដូង ក្រោយពីបានរៀនចប់វិទ្យាល័យបានចូលទៅបម្រើការងារនៅ​ខេត្តព្រៃវែង។ ម៉ឹងបានសម្រាកនៅផ្ទះអ្នកគ្រូពេជ្រណារី។ អ្នកគ្រូនេះមានប្អូនស្រីជីដូនមួយឈ្មោះ​អ្នកគ្រូគូរស់។ ម៉ឹង និងអ្នកគ្រូគូរស់តែងនាំគ្នាដើរកំសាន្តនៅវាលស្រែប្រាំងហើយបានយល់ចិត្តថ្លើម​គ្នាដោយស្មោះ។ ក្រោយមកម៉ឹងបានទទួលសំបុត្រពីនូដូចជាបងឲ្យចូលព្រៃដើម្បីធ្វើការតស៊ូជា​មួយគ្នា។ យប់នោះម៉ឹងក៏សរសេរសំបុត្រជាពាក្យកាព្យដាក់ក្រោមពូកទុកឲ្យអ្នកគ្រូគូរស់ រួចក៏ចេញ​ទៅតាមបង។
         ឆ្នាំ១៩៥៤ សន្និសីទសឺណែវបានបង្ខំឲ្យបារាំងប្រគល់ឯករាជ្យឲ្យប្រទេសទាំងបីនៅឥណ្ឌូចិន។ ក្រោយពីបានជ័យជំនះ ស្រុកក៏បានឯករាជ្យ លឹមក៏ត្រឡប់មកភូមិកំណើតវិញជាមួយអ្នកតស៊ូឯ​ទៀត។ ចំណែកម៉ឹងពិការដៃម្ខាងក្នុងពេលតស៊ូ ហើយក៏សុខចិត្តរស់នៅបង្កបង្កើនផលឯស្រុកលើ។
         ដំណឹងនេះបានធ្វើឲ្យអ្នកគ្រូគូរស់កាន់តែពេញចិត្ត។ អ្នកទាំងពីរនៅតែរក្សាភក្តីភាពនឹងគ្នាជា​និច្ច ហើយម៉ឹងក៏បានកំណត់ពេលវេលាផ្តាំមកអ្នកគ្រូគូរស់ ដើម្បីទៅរៀបចំទ្រនំសុភមង្គលជាមួយ​គ្នាទៀតផង។
  • ប្រធានរឿង៖ រឿងគូលីកំណែន និយាយពីទុក្ខវេទនារបស់ប្រជាជនខ្មែរ ក្រោមរបបអាណានិ​គមបារាំង ជប៉ុន និងការជ្រៀតជ្រែកពីសហរដ្ឋអាមេរិក។
  • មូលបញ្ហា៖ ក្នុងរឿងនេះមានបញ្ហាសំខាន់ពីរគឺ បញ្ហាជីវភាពរស់នៅរបស់ប្រជារាស្រ្តខ្មែរជាប់​កំណែនជប៉ុន និងបញ្ហាសកម្មភាពតស៊ូរបស់ប្រជារាស្រ្តខ្មែរមានគំនិតជឿនលឿន "ខ្មែរ​ឥស្ស​រៈ" ប្រឆាំងនឹងពួកអាណានិគម។

Comments

Popular posts from this blog

រឿង មាយើង

រឿង ពុទ្ធិសែននាងកង្រី

រឿង កុលាបប៉ៃលិន

មានតែចំណេះវិជ្ជាទេ ដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន (ប្រធានបែបពន្យល់)