ការអភិវឌ្ឍប្រទេសជាតិ (ប្រធានសំណេរបែបពិភាក្សា)

ប្រធាន៖ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាគេតែងយល់ឃើញខុសៗគ្នា។ អ្នកខ្លះយល់ថា "ការអភិវឌ្ឍ​ប្រទេសជាតិពឹងផ្អែកលើវិស័យកសិកម្ម" ឯអ្នកខ្លះទៀតយល់ថា "ការអភិវឌ្ឍប្រទេសជាតិពឹងផ្អែក​លើវិស័យទេសចរណ៍"។ តើមតិទាំងពីរខាងលើនេះមួយណាសមហេតុផលជាងមួយណា? ចូរ​ពិភាក្សា។


សេចក្តីអត្ថាធិប្បាយ
         ប្រទេសនីមួយៗមានការអភិវឌ្ឍសេដ្ឋកិច្ចដោយពឹងផ្អែកលើវិស័យផ្សេងៗគ្នា។ ប្រទេសខ្លះ​ពឹងផ្អែកលើវិស័យកសិកម្ម ខ្លះពឹងផ្អែកលើវិស័យឧស្សាហកម្ម ឯប្រទេសខ្លះទៀតលើវិស័យទេស​ចរណ៍។ល។ ចំណែកប្រទេសមួយចំនួនទៀតសោត ត្រូវពឹងផ្អែកលើវិស័យចម្រុះពោលគឺវិស័យជា​ច្រើនរួមគ្នា។ យ៉ាងណាមិញនៅប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រទេសគេឃើញមានលេចចេញនូវ​មតិពីរផ្ទុយគ្នា។ មតិខ្លះយល់ថា "ការអភិវឌ្ឍប្រទេសជាតិពឹងផ្អែកលើវិស័យកសិកម្ម" ឯមតិខ្លះ​ទៀតយល់ថា "ការអភិវឌ្ឍប្រទេសជាតិ ពឹងផ្អែកលើវិស័យទេសចរណ៍"។
         តើមតិទាំងពីរខាងលើនេះមួយណាសមហេតុផលជាង?
         មុននឹងអធិប្បាយវែកញែកមតិរបស់ប្រធានខាងលើយើងគប្បីស្វែងយល់នូវពាក្យ "អភិវឌ្ឍ"​ជាមុនសិន។ អភិវឌ្ឍមានន័យថាធ្វើឲ្យមានការរីកចម្រើនលូតលាស់កាន់តែប្រសើរឡើង។
         សម្រាប់មតិទីមួយចង់និយាយថាដើម្បីធ្វើឲ្យមានការលូតលាស់កាន់តែល្អប្រសើរឡើងនូវ​សេដ្ឋកិច្ចគេត្រូវពឹងផ្អែកលើវិស័យកសិកម្មជាចំបង។ ការអះអាងបែបនេះ ព្រោះគេយល់ឃើញថា​ប្រជាជនរស់ទៅ៨៥% ជាកសិករ។ ពួកគេរស់នៅដោយពឹងផ្អែកលើវិស័យកសិកម្មតាំងពីដូនតា​រៀងមក។ ដោយការខិតខំប្រឹងប្រែង និងមានចំណូលចិត្តប្រកបរបរនេះញ៉ាំងឲ្យរបរនេះកាន់តែ​រីក​ចម្រើនជម្រុញឲ្យសេដ្ឋកិច្ចជាតិលូតលាស់ បង្កើនចំណូលជួយកសាងជាតិឲ្យគ្រប់ៗគ្នា។ ម្យ៉ាងវិញ​ទៀត សណ្ឋានដីនៃប្រទេសកម្ពុជាមានលក្ខណៈអំណោយផលដល់ដំណាំកសិកម្ម។ ផ្ទៃដីភាគ​ច្រើនជាវាលទំនាប និងជាដីមានជីជាតិសម្រាប់ដំណាំគ្រប់ប្រភេទ។ ប្រព័ន្ធផ្លូវទឹកទាំងឡាយមាន​ទន្លេ បឹងបួខ្វែងខ្វាត់សម្រាប់ផ្តល់ទឹកគ្រប់គ្រាន់ ដើម្បីស្រោចស្រពដំណាំកសិកម្ម ហើយបានហូរ​នាំ​ដីល្បាប់ដ៏មានជីជាតិមកចាក់បំពេញនៅតាមទំនាប ធ្វើឲ្យដំណាំមានទិន្នផលខ្ពស់ដែលអាចនាំ​ចេញទៅលក់នៅឯបរទេសបានយ៉ាងច្រើនដោយពុំមានជាតិគីមី។ លើសពីនេះប្រទេសកម្ពុជា​ទទួលឥទ្ធិពលខ្យល់មូសុង ដែលមានលក្ខណៈក្តៅហើយសើម។ កំដៅ និងសំណើមនេះជា​អំណោយទានដល់ការលូតលាស់នៃដំណាំគ្រប់ប្រភេទធ្វើឲ្យដំណាំទាំងនោះមានទិន្នផលខ្ពស់។ ហេតុផលទាំងអស់នេះហើយ ដែលគេអះអាងការអភិវឌ្ឍប្រទេសកម្ពុជាពឹងផ្អែកលើវិស័យ​កសិកម្ម។
         ទន្ទឹមនឹងទស្សនៈខាងលើក៏លេចចេញនូវទស្សនៈមួយទៀតដែរថាការអភិវឌ្ឍប្រទេសកម្ពុជា​ពឹងផ្អែកលើវិស័យទេសចរណ៍។ ការយល់ដូចនេះ ព្រោះថាប្រទេសកម្ពុជាសំបូរសម្បត្តិធម្មជាតិ​ល្អៗដូចជាព្រៃឈើ សត្វព្រៃ ទន្លេ បឹង ធម្មជាតិ សមុទ្រដែលសុទ្ធតែជាមណ្ឌលកំសាន្តធម្មជាតិ ដែលអាចទាញភ្ញៀវទេសចរឲ្យមកកំសាន្ត។ លើសពីនេះទៀត ប្រទេសយើងសំបូរបុរាណប្រាសាទ​ជាច្រើនស្ទើរគ្រប់ខេត្ត ក្រុងពិសេសប្រាសាទអង្គរវត្តដែលជាអច្ឆរិយវត្ថុដ៏អស្ចារ្យលើពិភពលោក​អាចទាក់ទាញភ្ញៀវទេសចរបានរាប់ម៉ឺនសែននាក់ក្នុងមួយឆ្នាំៗ។ មិនតែប៉ុណ្ណោះសម្បត្តិវប្បធម៌​ផ្សេងទៀតក្រៅពីសំណង់ប្រាសាទ ប្រទេសកម្ពុជាក៏មានប្រពៃណីទំនៀមទំលាប់ដ៏ល្អឯកទាំងការ​ស្លៀកពាក់ របាំ ចម្រៀង តន្រ្តី... អ្វីៗទាំងអស់នេះសុទ្ធតែអាចទាក់ទាញភ្ញៀវទេសចរឲ្យជក់ចិត្តដិត​អារម្មណ៍ចង់មកទស្សនាម្តងហើយម្តងទៀត។ កាលណាមានភ្ញៀវទេសចរមកច្រើននាំឲ្យប្រជាជន​មានការងារធ្វើគ្រប់ៗគ្នាដែលជួយទ្រទ្រង់សេដ្ឋកិច្ចជាតិបង្កើនចំណូលថវិការជាតិឲ្យបានច្រើន។ ហើយថវិការទាំងនោះអាចយកទៅពង្រឹងលើវិស័យផ្សេងៗទៀតក្នុងប្រទេស។
          សរុបសេចក្តីមកវិស័យទេសចរណ៍ពិតជាអាចរកប្រាក់ចំណូលដើម្បីអភិវឌ្ឍប្រទេសកម្ពុជា​បានយ៉ាងពិតប្រាកដមែន។ ឆ្លងតាមការបកស្រាយនូវមតិទាំងពីរ យើងឃើញថាមានលក្ខណៈសម​ហេតុផលម៉្យាងម្នាក់គឺទាំងវិស័យកសិកម្ម និងវិស័យទេសចរណ៍។ ប៉ុន្តែមតិទាំងពីរនេះមិនទាន់គ្រប់​គ្រាន់ទេ ព្រោះការអភិវឌ្ឍប្រទេសត្រូវតែមានការរួមផ្សំបន្ថែមលើវិស័យកសិកម្ម និងវិស័យជាច្រើន​រួមមានវិស័យពាណិជ្ជកម្ម ឧស្សាហកម្មរ៉ែ និងថាមពល ទូរគមនាគមន៍ អប់រំ ការពារជាតិ សិប្បកម្ម និងមានតម្លាភាពក្នុងប្រទេស។ល។ ដូចនេះប្រធានខាងលើ ពុំទាន់មានលក្ខណៈពេញលេញទេ ព្រោះតាមទស្សនៈទូទៅយល់ថាដើម្បីអភិវឌ្ឍប្រទេសឲ្យរីកចម្រើនចាំបាច់ត្រូវពង្រឹងឲ្យមានភាព​ស៊ីចង្វាក់គ្នារវាងវិស័យដទៃ ទើបនាវាប្រទេសអាចធ្វើដំណើរទៅមុខបានយ៉ាងរលូន។

Comments

Popular posts from this blog

រឿង មាយើង

រឿង ពុទ្ធិសែននាងកង្រី

រឿង កុលាបប៉ៃលិន

រឿង គូលីកំណែន

មានតែចំណេះវិជ្ជាទេ ដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន (ប្រធានបែបពន្យល់)