វប្បធម៌ទូទៅ - [២]

ប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស
សម័យប្រឡងៈ ០៦ ឧសភា ២០០៨

  1. ក្នុងសង្គមខ្មែរបុរាណដែលមិនទាន់មានសាលារៀនចំណេះទូទៅ តើដូនតាយើងអប់រំកូនតាម​របៀបណាខ្លះ? ចូររៀបរាប់ពន្យល់។
  2. តើវត្តអារាមពុទ្ធសាសនាមានមុខនាទីចំពោះការអភិវឌ្ឍសហគមន៍ដូចម្តេចខ្លះ?
  3. ដើម្បីធ្វើឲ្យបរិស្ថានសាលារៀនបានល្អ តើយើងគប្បីធ្វើយ៉ាងដូចម្តេចខ្លះ?
ចម្លើយ៖
  1. ក. សង្គមខ្មែររបុរាណមានប្រពៃណីអប់រំកូនប្រុសតាមរយៈការបួសរៀន៖ ក្មេងប្រុសដឹងក្តីត្រូវ​បានបញ្ជូនឲ្យទៅបម្រើព្រះសង្ឃ ឬក្មេងប្រុសពេញវ័យត្រូវបានបញ្ជូនឲ្យទៅរៀនធម៌បួស, ស្របពេលបម្រើព្រះសង្ឃក្មេងប្រុសៗត្រូវបានព្រះសង្ឃ បង្រៀន អក្សរ លេខនព្វន្ត និង​បង្រៀនសូត្រធម៌ផងដែរ។ ចំពោះក្មេងប្រុសពេញវ័យត្រូវរៀនធម៌ផង បួសផង និងរៀនអក្សរ​លេខនព្វន្តផង, ផ្អែកលើគំនិត "បួសដើម្បីសងគុណមារាបិតាទាំងក្មេងប្រុសតូចៗដែលនៅ​បម្រើព្រះសង្ឃ ទាំងក្មេងប្រុសពេញវ័យ ដល់ដំណាក់កាលមួយកំណត់ត្រូវសងផ្នួសដែល​មានរយៈពេលយ៉ាងតិចមួយវស្សាដែរ , ការបួសរៀន គឺជាការទទួលអប់រំផ្លូវចិត្តអប់រំអារម្មណ៍​មួយដ៏មានប្រសិទ្ធិភាពដែលសង្គមខ្មែរបុរាណទទួលស្គាល់ទូទៅ ចំណេះ ជំនាញ ការអប់រំ​សុខភាព , ក្មេងប្រុសដែលធ្លាប់បួសរៀនជាទូទៅតែងមានឧត្តមគតិ មានវិចារណញាណ ចេះ​គ្រប់គ្រងខ្លួនឯង និងគ្រប់គ្រងគ្រួសារបានល្អ ហើយមានអ្នកខ្លះបានក្លាយខ្លួនជាកវីនិពន្ធ និង​ក្លាយទៅជាអ្នកដឹកនាំប្រទេសជាតិទៀតផង។ ខ. សង្គមខ្មែរបុរាណមានប្រពៃណីអប់រំកូន​ស្រី​តាមរយៈការចូលម្លប់៖ ពេលក្មេងស្រីដែលចាប់ផ្តើមគ្រប់ការ ត្រូវបានម្តាយឪពុកប្រារព្ធពិធី​ចូលម្លប់ , ផ្អែកលើផ្នត់គំនិត "ចូលម្លប់ដើម្បីសងគុណមាតាបិតា" ការចូលម្លប់គឺជាកាតព្វកិច្ច​របស់កូនស្រីដែលអាចមានថេរវេលា៣ខែ ដល់៦ខែ អាស្រ័យលើស្ថានភាពគ្រួសារ , ពេល​ចូលម្លប់កូនស្រីបានរៀនអក្សរ លេខនព្វន្ត ច្បាប់ផ្សេងៗពីម្តាយ ម្តាយធំ ម្តាយមីង បងស្រី​ជា​ដើម , រៀនរៀបចំខ្លួនធ្វើជាមេផ្ទះក្រមសីលធម៌ ជាភរិយាល្អការមើលការខុសត្រូវក្នុងគ្រួសារ ការរៀបចំទុកដាក់ទ្រព្យសម្បត្តិ...។ រៀនវិជ្ជាជីវៈដាំស្ល ដេរប៉ាក់ ត្បាយរវៃ...។
  2. មុខនាទីពីអតីតកាល និងបច្ចុប្បន្នកាលរបស់វត្តអារាមពុទ្ធសាសនាចំពោះការអភិវឌ្ឍសហ​គមន៍មានជាអាទិ៍គឺវត្តអារាម៖ វត្តអារាមជាកន្លែងប្រៀនប្រដៅជនប្រុសស្រី, ជាកន្លែងបណ្តុះ​បណ្តាល និងបំពេញវិជ្ជារបស់ព្រះសង្ឃ និងអាចារ្យ, ជាកន្លែងព្យាបាលរោគតាមបែបបុរាណ​របស់អ្នកស្រុក, ជាកន្លែងសក្តិសិទ្ធិ, ជាទីសក្ការៈបូជា, ជាមណ្ឌលសិក្សា និងវប្បធម៌, ជា​កន្លែង​ជួយសង្រ្គោះអ្នកស្រុក កុមារកំព្រា កុមារក្រីក្រ ចាស់ជរាគ្មានទីពឹង, ជាមណ្ឌលព្យាបាលជម្ងឺ​ផ្លូវចិត្ត អភិវឌ្ឍផ្លូវចិត្ត ឬសមាធិ, ជាសាលារៀនសម្រាប់កុមារ (ចំណេះដឹង សីលធម៌...), ជា​ឧទ្យានដ៏ជាទីមនោរម្យជារមណីយដ្ឋានជាកន្លែងសន្តិភាព, ជាកន្លែងធ្វើបុណ្យទាន ប្រមូលផ្គុំ​សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ, ជាកន្លែងរក្សាមរតកវប្បធម៌ជាតិ (សីលធម៌ ទំនៀមទំ​លាប់ ប្រពៃណី...), ជាប្រភពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ ប្រឡាយ ទំនប់ ស្ពាន សាលារៀន មន្ទីរពេទ្យ...), ជាកន្លែងរកយុត្តិធម៌ជូនអ្នកស្រុកក្រៅប្រព័ន្ធតុលាការ, ជាកន្លែង​អប់រំសុខភាព និងអនាម័យដោយផ្ទាល់, ជាកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈ (ជាងឈើ ជាងសំ​ណង់ សិល្បករ...)។
  3. ចំពោះបរិស្ថានធម្មជាតិ៖ សំអាតទីធ្លាសាលារៀន និងបន្ទប់រៀនជាប្រចាំ, តុបតែងលំអបន្ទប់​រៀន, មិនមើលបំណាំគ្នា ក្នុងការធ្វើអនាម័យសាលារៀន, មិនចោលសំរាម ឬកាកសំណល់​ពាសវាលពាសកាល ត្រូវចោលក្នុងធុងសំរាម, សំរាមត្រូវដុតចោល ហើយយកផេះទៅធ្វើជី, ដាំដើមឈើយកម្លប់ ធ្វើស៊ុម ស្រោចទឹកដាក់ជីធម្មជាតិ, ធ្វើសួនផ្កា​លំអតាមមុខថ្នាក់ មុខទី​ចាត់ការ ជុំវិញដងទង់ជាតិ តាមដងផ្លូវចូលសាលារៀន, ធ្វើសួនជីវៈ​ចម្រុះ, មានប្រព័ន្ធចែក​ចាយ ទឹក និងលូបង្ហូរទឹក, មានបង្គន់អនាម័យគ្រប់គ្រាន់, មានរបងព័ទ្ធ​ជុំវិញ និងខ្លោងទ្វារ ពាក្យស្លោកអប់រំផ្សេងៗ, រៀបចំកន្លែងដាក់ម៉ូតូ និងលក់ចំណី មានអនា​ម័យ និងរបៀប រៀបរយ, មានក្តារខៀនជូនព័ត៌មាន, មានទីលានកីឡា, មានទីលានកីឡា, មានស្លាកឈ្មោះ​បន្ទប់រៀន, ថែរក្សាទ្រព្យសម្បត្តិរួម។ ចំពោះបរិស្ថានសង្គម វប្បធម៌៖ គោរពបទបញ្ជាផ្ទៃក្នុង​សាលារៀន ស្លៀកពាក់ឯកសណ្ឋាន មិនស្លៀកពាក់ឆើតឆាយ, មានសីលធម៌រស់នៅល្អ ចេះ​គោរពគ្នាទៅវិញទៅ មកចេះជួយគ្នាទៅវិញទៅមក, មិនភ្លើតភ្លើន មិនស្រើបស្រាល មិនច្រ​ងេងច្រងាង, រក្សាវប្បធម៌ប្រពៃណី ទំនៀមទំលាប់ល្អរបស់ខ្មែរ, ទប់ស្កាត់វប្បធម៌បរទេស​ពាលា (ក្រុមក្មេងស្ទាវ ក្រុមគ្រឿងញៀន...), ចេះគួរសម សំពះ គោរពគ្រូ និងចាស់ទុំ, ចេះរាប់​អានគ្នា មានសាមគ្គីល្អ មិនរើសអើង និងចេះសហការគ្នាធ្វើការជាក្រុម។

Comments

Popular posts from this blog

រឿង មាយើង

រឿង ពុទ្ធិសែននាងកង្រី

រឿង កុលាបប៉ៃលិន

រឿង គូលីកំណែន

មានតែចំណេះវិជ្ជាទេ ដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន (ប្រធានបែបពន្យល់)