នាងមទ្រីជាកន្សៃសារពេជ្ញរបស់ព្រះពោធិសត្វ (ប្រធានបែបពន្យល់)

ប្រធាន៖ នាងមទ្រីជាស្រ្តីកន្សៃសារពេជ្ញរបស់ព្រះពោធិសត្វ។ ចូរបង្ហាញថា តើលក្ខណៈណាខ្លះ​ដែលបញ្ជាក់ថានាងមទ្រី ជាស្រ្តីកន្សៃសារពេជ្ញមែន។


សេចក្តីអធិប្បាយ
         នាងមទ្រីជាតួអង្គឯកស្រី្តនៅក្នុងរឿងព្រះវេស្សន្តរជាតក ក្នុងរឿងនេះអ្នកនិពន្ធបានពណ៌នាពី​ទឹកព្រះទ័យនាងមទ្រីច្រើនជាងពណ៌នាពីរូបសម្បត្តិ ហើយពិសេសអ្នកនិពន្ធបានទុកកណ្ឌមួយតែ​​ឯងសម្រាប់ពណ៌នាពីទឹកព្រះទ័យដ៏សប្បុរសប្រកបដោយស្វាមីភក្តិ និងសកម្មភាពគ្រប់បែបយ៉ាង​ក្នុងការជួយបំពេញទានរបស់ព្រះវេស្សន្តរជាស្វាមី។ អាស្រ័យហេតុនេះហើយទើបមានមតិមួយ​លើកឡើងថា "នាងមទ្រីជាស្រី្តកន្សៃសារពេជ្ញរបស់ព្រះពោធិសត្វ"។ 
         តើមានលក្ខណៈអ្វីខ្លះដែលបង្ហាញថានាងមទ្រីជាស្រ្តីកន្សៃសារពេជ្ញ?
         ដើម្បីជាជំនួយក្នុងការបកស្រាយឲ្យបានក្បោះក្បាយ ជាបឋមយើងគួរយល់ន័យនៃពាក្យមួយ​ចំនួនជាមុនសិន។ "កន្សៃសារពេជ្ញ" មានន័យថាស្រ្តីជាអគ្គមហេសីរបស់ព្រះពោធិសត្វ ជាបច្ឆិម​ជាតិក្នុងការដែលនៅជាគ្រហស្ថ ឬដែលបានត្រាស់ហើយ។ "ព្រះពោធិសត្វ" គឺអ្នកដែលកំពុងខំ​ប្រឹងប្រែងបំពេញបារមីបម្រុងនឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ។
         តាមធម្មតាស្រ្តីជាកន្សៃសារពេជ្ញនេះតែងមានការទាក់ទងជាមួយព្រះពោធិសត្វជាដរាប បើ​ពោធិសត្វកើតជាមនុស្ស ស្រ្តីកន្សៃសារពេជ្ញក៏កើតជាមនុស្សដែរទោះស្ថិតនៅក្នុងវណ្ណៈណា ត្រកូល​ណា ប្រទេសណាក៏ដោយ ក៏តែងបានជួបគ្នាជាគូគ្រងមិនដែលខានឡើយ។ បើពោធិសត្វយក​កំណើតជាសត្វណាមួយ ស្រី្តជាកន្សៃសារពេជ្ញក៏យកកំណើតជាសត្វដែរ ថែមទាំងបានជួបគ្នាជាគូ​គ្រងដូចក្នុងកំណើតជាមនុស្សដែរ។ ម្យ៉ាងវិញទៀតព្រះពោធិសត្វ និងកន្សៃសារពេជ្ញទោះបីជា​ព្រាត់គ្នាទៅដល់ទីណា ក៏មិនដែលព្រាត់គ្នារហូតទេ តែងនឹងមានជំនួយក្រៅខ្លួនណាមួយនាំឲ្យជួប​គ្នាវិញជានិច្ច ហើយប្រសិនបើព្រះពោធិសត្វ ឬកន្សៃសារពេជ្ញត្រូវស្លាប់បាត់បង់ជីវិតដោយហេតុ​ណាមួយ តួអង្គដែលនៅរស់គឺតែងនៅម្នាក់ឯងរហូត ឥតយកគូគ្រងថ្មីទៀតទេ។ តួអង្គបែបនេះ​ហើយដែលហៅថា កន្សៃសារពេជ្ញ។ ព្រះនាងមទ្រីជាកន្សៃសារពេជ្ញនៃព្រះពោធិសត្វវេស្សន្តរ។ លក្ខណៈដែលបញ្ជាក់ថា នាងមទ្រីជាកន្សៃសារពេជ្ញមានច្រើនកន្លែង ច្រើនចំណុចណាស់។ នៅ​ក្នុងកណ្ឌហេមពាន្តយើងបានឃើញអ្នកនិពន្ធលាតត្រដាងនូវភក្តីភាពរបស់នាងមទ្រីចំពោះស្វាមី​យ៉ាងវែងដូចជា ពេលដែលព្រះវេស្សន្តរមិនព្រមឲ្យនាងទៅតាម នាងមទ្រីសោយសោករៀបរាប់​ថា​បើព្រះស្វាមីមិនព្រមឲ្យនាងទៅតាមទេ នាងនឹងយកអុសមកតជាប្រមាណប៉ុនភ្នំ ហើយដុតអុស​នោះឲ្យឆេះរួចនាងនឹងលោតចូលភ្លើងឲ្យក្ស័យសង្ខាទៅប្រសើរជាងរស់នៅ។ នាងប្រៀបព្រះ​វេស្សន្តរដូចបាដំរីដើរត្រាច់ក្នុងព្រៃ សព្វជ្រោះជ្រងដងភ្នំផងទាំងឡាយ ឯរូបនាងដូចមេដំរីបណ្តើរ​កូន​ទាំងពីរដើរតាមគន្លងដងព្រៃភ្នំទាំងពួងនោះដែរ។ ពេលដែលព្រះវេស្សន្តរបានពោលពណ៌នាពី​ព្រៃហេមពាន្តជាទីគួរឲ្យខ្លាចដើម្បីបន្លាចនាងមទ្រី កុំឲ្យនាងតាមទៅ ប៉ុន្តែនាងមទ្រីបែរជាពណ៌នា​ពី​ព្រៃហេមពាន្តយ៉ាងច្បាស់ថាជាទីសប្បាយគួរឲ្យចង់ទៅទៅវិញ។ នៅឯភ្នំគិរីវង្គតឯណោះ នាង​មទ្រី​ពុំធុញទ្រាន់នឹងធ្វើការបម្រើព្រះស្វាមីដែលគេបំបរបង់ ហើយមកតាំងធម៌នោះឡើយ។ ព្រឹកឡើង​នាងដងទឹកបោសសំអាតអាស្រម លួងលោមព្រះរាជបុត្រាបុត្រីហើយទើបយាត្រាចូលព្រៃស្ងាត់​តែម្នាក់ឯងដើម្បីស្វែងរកបេះផលានុផលមកថ្វាយព្រះស្វាមី និងបុត្រាបុត្រី។ ព្រះនាងធានាធ្វើការ​សព្វជំពូកទាំងអស់ឥតឲ្យព្រះស្វាមីឃើ្នសព្រះទ័យឡើយ។ ចំណុចដែលរឹតតែបញ្ជាក់ឲ្យឃើញ​ច្បាស់ថាព្រះនាងមទ្រីជាកន្សៃសារពេជ្ញ គឺត្រង់ពេលដែលនាងសន្លប់បាត់ស្មារតីក្រោយពីពេល​នាងត្រឡប់មកពីព្រៃវិញ ហើយរកបុត្រមិនឃើញ លុះត្រាព្រះវេស្សន្តរប្រាប់រឿងពិតហើយ ឲ្យ​អនុ​មោទនាទាន នាងក៏លើកព្រះហត្ថទទួលអនុមោទនាដោយព្រះទ័យរីករាយ ថែមទាំងសុំឲ្យព្រះ​ស្វាមីបានត្រាស់ជាព្រះពុទ្ធទៅថ្ងៃអនាគតកាលទៀតផង។ លើសពីនេះទៅទៀត កាលឥន្ទ្រព្រាហ្ម​មកសុំនាងពីព្រះស្វាមីនាងបានទូលព្រះស្វាមីថាទោះជាព្រះស្វាមីពុះទ្រូងយកប្រមាត់ បេះដូងឲ្យ​ទានក៏ព្រះនាងសុខព្រះទ័យដោយក្តីរីករាយជានិច្ច។
         សរុបសេចក្តីមក ស្រ្តីដូចជានាងមទ្រីនេះរកគ្មានទេក្នុងលោក ទឹកព្រះទ័យដ៏មោះមុតស្រប​តាមគោលបំណងព្រះស្វាមីនេះហើយដែលបញ្ជាក់ថា នាងមទ្រីជាកន្សៃសារពេជ្ញជាគូគ្រងពីអតីត​របស់ព្រះពោធិសត្វ។
         ដូចនេះប្រធានខាងលើពិតជាមានអត្ថន័យប្រកបដោយខ្លឹមសារយ៉ាងជ្រាលជ្រៅសម្រាប់អប់​រំ​ភរិយាទាំងឡាយក្នុងការជួយកិច្ចការស្វាមីសម្រេចបាននូវរាល់ភារៈកិច្ចតូចធំទាំងពួង។ ស្វាមី​ភរិយា​ត្រូវចេះស្រឡាញ់គ្នា និងចេញជួយយកអាសារគ្នាឲ្យស្មោះអស់ពីចិត្តព្រមទាំងរំលែកកិច្ចការគ្នាទៅ​វិញទៅមកទើបគ្រួសារមានសុភមង្គលនាំឲ្យសង្គមមានភាពសុខសាន្ត។

Comments

Post a Comment

Popular posts from this blog

រឿង មាយើង

រឿង ពុទ្ធិសែននាងកង្រី

រឿង កុលាបប៉ៃលិន

រឿង គូលីកំណែន

មានតែចំណេះវិជ្ជាទេ ដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន (ប្រធានបែបពន្យល់)