ពាក្យភូតច្រើនចាញ់អាត្មា (ប្រធានបែបពិភាក្សា)

ប្រធាន៖ ក្នុងពុទ្ធិឱវាទបានអប់រំកុំឲ្យពោលពាក្យមុសា។ ចំណែកបុព្វបុរសខ្មែរក៏បានប្រដៅអប់រំកុំឲ្យ​ភូតកុហកដែរ។ ដូច្នេះទើបមានមតិមួយពោលថា "ពាក្យភូតច្រើនចាញ់អាត្មា"។ តើពាក្យភូតពិតជា​​ចាញ់អាត្មាមែនដែរ ឬទេ? ចូរពិភាក្សាដោយលើកយកអំណះអំណាងក្នុងការរស់នៅ និងក្នុងអក្សរ​សិល្ប៍មកបញ្ជាក់។


សេចក្តីអធិប្បាយ
         អណ្តាតមានតួនាទីសម្រាប់គ្រលាស់បញ្ចេញសូរសៀងពាក្យសម្តីសម្រាប់ប្រាស្រ័យទាក់ទង​គ្នា។ ប៉ុន្តែពាក្យពេចន៍ដែលរលាស់ចេញមកនោះអាចមានប្រយោជន៍ ឬគ្មានប្រយោជន៍ ពាក្យពិត ឬមិនពិត អាស្រ័យលើចេតនា វិចារណញ្ញាណរបស់អ្នកនិយាយ។ អាស្រ័យហេតុនេះទើបព្រះសម្មា​សម្ពុទ្ធបានបញ្ញត្តិនៅក្នុងនិច្ចសីលត្រង់សិក្ខាបទទី៤ មិនឲ្យពោលពាក្យមុសា។ ចំណែកបុព្វបុរស​ខ្មែរក៏បានអប់រំប្រៀនប្រដៅដល់បុត្រធីតាកុំឲ្យពោលពាក្យកុហកដែរ ដោយលោកបានលើកជាសុ​ភាសិតមួយឃ្លាថា "ពាក្យភូតច្រើនចាញ់អាត្មា"។
        តើពំនោលខាងលើពិតជាត្រឹមត្រូវទាំងស្រុង ឬទេ?
         មុននឹងបកស្រាយប្រធានខាងលើឲ្យបានក្បោះក្បាយល្អ យើងគប្បីយល់នូវពាក្យគន្លឹះមួយ​ចំនួនជាមុនសិន។ "ភូត" មានន័យថាកុហក និយាយមិនពិត បោកប្រាស់ពោលពាក្យមិនទៀងត្រង់ ឯ"អាត្មា" គឺសម្តៅលើខ្លួនយើងផ្ទាល់។ អត្ថន័យរបស់ប្រធានខាងលើចង់និយាយថា "ពាក្យភូតកុ​ហកបោកប្រាស់ច្រើននាំទុក្ខដល់ខ្លួនវិញ"។
       ជាទូទៅមនុស្សយើងប្រាស្រ័យទាក់ទងគ្នាតាមរយៈពាក្យសម្តី។ ដូចនេះពាក្យសម្តីត្រូវតែជា​ពាក្យពិត ពាក្យមានប្រយោជន៍ ពាក្យសច្ចៈ មិនត្រូវកុហកបោកប្រាស់គ្នា។ ការដែលទម្លាប់និយាយ​កុហកភូតភរនេះលោកចាស់ទុំបុរាណយើងបានប្រដៅថា "ពាក្យភូតច្រើនចាញ់អាត្មា" មានន័យថា​ការដែលយើងកុហកគេ លុះពេលគេដឹងការពិតគេនឹងស្អប់ ឬប្រទេចផ្តាសាធ្វើឲ្យខ្លួនអាម៉ាស ត្រូវ​អ្នកជិតខាងមើលងាយ ស្អប់ខ្ពើមលែងចង់និយាយរកថែមទៀតផង។ ជួនកាលពាក្យមុសានោះ​បណ្តាលឲ្យអន្តរាយដល់ខ្លួនឯង និងគ្រួសាររបស់ខ្លួនទៀត។ ទីបំផុតក៏មានវិប្បដិសារីស្តាយនូវ​ទង្វើ​ដែលខ្លួនបានប្រព្រឹត្តរួចទៅហើយ ទោះជាចង់កែក៏ហួសពេលទៅហើយដែរ។ ពាក្យមុសានេះ បើ​តាមទ្រឹស្តីពុទ្ធសាសនានឹងធ្វើឲ្យអ្នកនិយាយមានបាបកម្មធ្លាក់នរក ហើយត្រូវទទួលទណ្ឌកម្មទៅ​តាមកម្រិតទោសនៅឋាននរកនោះ។ ទោះបីជាមិនទាន់ស្លាប់ធ្លាក់នរកក៏ដោយ ក៏កម្មពៀរនៃ​ពាក្យ​មុសានោះមកលងអន្ទោលជាប់ប្រាណជាប្រចាំ។ ឧទាហរណ៍អ្នកលក់ដូរ អាជីវករ ឬពាណិជ្ជករ​ដែលយកទំនិញក្លែងក្លាយហួសកំណត់មកលក់ដោយនិយាយបោកប្រាស់អ្នកទិញថាល្អ សុទ្ធ លុះ​ពេលគេយកទៅប្រើពុំដូចអ៊ីចឹង គេនឹងជេរផ្តាសាឲ្យលក់លែងដាច់ជាដើម ហើយគេនឹងឈប់ទិញ​ទំនិញអ្នកនោះរហូត។ រីឯព្រះសង្ឃដែលតែងតែពោលពាក្យមុសា បោកប្រាស់ពុទ្ធបរិស័ទឲ្យគេ​ជឿ​ជាក់លើខ្លួនដើម្បីបានលាភសក្ការៈច្រើន លុះយូរទៅគេដឹងការពិតក៏ខ្មាសគេ ហើយបើតាមវិន័យ​ពុទ្ធសាសនាគឺត្រូវទទួលអាបត្តិ ព្រមទាំងត្រូវគេចាប់ផ្សឹកជាដើម។ ចំណែកអ្នកនយោបាយវិញក៏​ដូចគ្នាដែរ អ្នកនយោបាយណាដែលដើរតែបោកប្រាស់រាស្ត្រ ដោយសន្យាគ្រប់បែបយ៉ាងដើម្បីឲ្យ​រាស្រ្តបោះឆ្នោតឲ្យ។ ក្រោយពេលជាប់ឆ្នោត ហើយក៏ក្បត់ពាក្យសន្យា ប្រើឫកក្រអើតក្រទមដាក់​ប្រជារាស្ត្រវិញ។ អ្នកនយោបាយនោះនឹងត្រូវរាស្ត្រស្អប់ខ្ពើម ហើយឈប់បោះឆ្នោតឲ្យជារៀងរហូត បើយើងក្រលេកមើលក្នុងរឿងព្រះវេស្សន្តរ ជូជកបានទៅកុហកព្រះបាទស្រីសញ្ជ័យដើម្បីយក​ជាលីក្រស្នាមកដូរជាមាសប្រាក់ និងរបស់ទ្រព្យផ្សេងៗ។ ទីបំផុតក៏ត្រូវបាបកម្មបែកពោះស្លាប់យ៉ាង​ទាន់ហន់។ ចំណែកក្នុងរឿងធនញ្ជ័យលោកសេដ្ឋីបានបោកប្រាស់ធនញ្ជ័យដោយយកអំបុកមក​ពង្រាយលើចង្អេរឲ្យធនញ្ជ័យថាអំបុកច្រើន។ លុះពេលធនញ្ជ័យដឹងការពិតហើយធនញ្ជ័យក៏​តាម​ផ្ចាញ់លោកសេដ្ឋីគ្រប់ពេល។ រីឯក្នុងរឿងរាមកេរិ៍វិញ ដោយសារព្រះរាមចង់ឲ្យនាងសីតាត្រឡប់មក​រកខ្លួនវិញ ព្រះរាមបានបញ្ជាឲ្យគេរៀបចំពិធីបុណ្យសពក្លែងក្លាយមួយដើម្បីបញ្ឆោតនាងសីតា។ ដំបូងនាងសីតាស្មានថាមែនទែន ក៏ទួញយំសោកបោកខ្លួននៅទល់មុខកោដិដែលព្រះរាមពួននៅ​ក្នុងនោះ។ លុះគ្រាដឹងការពិតថាព្រះរាមមិនទាន់ស្លាប់ នាងសីតារឹតតែខឹង រឹតតែស្អប់ព្រះរាមខ្លាំង​ឡើង និងត្មះតិះដៀលព្រះរាមជាច្រើន។ ជារួមមកយើងឃើញថាការពោលពាក្យកុហកភូតភរនេះ​មិនត្រឹមតែធ្វើឲ្យអ្នកដទៃក្តៅក្រហាយប៉ុណ្ណោះទេ ថែមទាំងមានទុក្ខដល់ខ្លួនវិញដូចពាក្យចាស់​លោក​ថាមែន។
         តើពាក្យកុហកសុទ្ធតែនាំទុក្ខដល់ខ្លួន ឬយ៉ាងណា? មិនប្រាកដទាំងស្រុងនោះទេ។ ពាក្យចាស់​មួយឃ្លាលោកពោលថា "ផ្លូវវៀចកុំបោះបង់" មានន័យថាពាក្យកុហកខ្លះក៏មានប្រយោជន៍ដែឬ។ ពាក្យកុហកនាំឲ្យយើងមានការរីកចម្រើនអាចធ្វើឲ្យគេជឿទុកចិត្ត និងធ្វើឲ្យរស់នៅចុះសម្រុងក្នុង​សង្គម និងអាចរក្សាអាយុជីវិតបានទៀតផង។ ជាក់ស្តែងនៅសម័យប៉ុលពត អ្នកណាមួយដែល​ហ៊ាននិយាយការពិតថាខ្លួនជាគ្រូបង្រៀន វិស្វករ ឬជាបញ្ញវ័ន្ត... ប្រាកដជាត្រូវពួកឃាតករអាវខ្មៅ​យកទៅសម្លាប់ចោលភ្លាម។ ដូច្នេះពួកគេត្រូវតែអនុវត្តទ្រឹស្តី "លាក់ការណ៍ខ្ពស់រស់បានយូរ" ថាជា​កសិករគ្មានបានរៀនសូត្រ គ្មានចំណេះដឹងអ្វីទេ ទើបអាចរក្សាជីវិតបានដល់សព្វថ្ងៃ។​ ចំពោះ​អ្នក​លក់ដូរវិញ បើមិនចេះអួតរបស់ខ្លួនឯងខ្លះ តើមានអ្នកណាគេមកទិញទំនិញខ្លួន។​ ចំពោះអ្នកនយោ​បាយ បើមិនចេះនិយាយកុហកគេខ្លះធ្វើម៉េចគេនឹងឆាប់ជឿហើយបោះឆ្នោតឲ្យ។ មិនតែប៉ុណ្ណោះ ពាក្យកុហកខ្លះក៏ធ្វើឲ្យមនុស្សមានរបៀបរបបសីលធម៌វិន័យថ្លៃថ្នូរផងដែរ ដូចជាចាស់ៗតែងកុហក​ក្មេងថាស៊ីបាយដេកដុះកន្ទុយជាក្រពើជាដើម ក្នុងគោលបំណងចង់ឲ្យក្មេងមានសណ្តាប់ធ្នាប់ល្អ​ក្នុងពេលទទួលទានអាហារ។​ ល។ មួយវិញទៀតការនិយាយពាក្យពិតនៅពេលខ្លះធ្វើឲ្យមនុស្ស​ស្លុត ភិតភ័យក៏មានដូចជាហោរាទស្សន៍ទាយកាលបើគន់គូរឃើញថាអ្នកទាយនោះមានគ្រោះ​អាសន្នខ្លាំងហើយនិយាយត្រង់ៗនោះអាចឲ្យអ្នកទាយភិតភ័យខ្លាំង ហើយនឹកឃើញតែសម្តីហោរ​ក្លាយទៅជាឈឺក៏មាន។ បើយើងក្រលេកមើលនៅក្នុងអក្សរសិល្ប៍រឿងតាថេន និងចៅសន យើង​ឃើញថាតាថេន និងបក្សពួកដើរកុហកបោកប្រាស់អ្នកស្រុកថាខ្លួនជាគ្រូសិល្ប៍ខ្លាំង ពូកែអាច​បណ្តេញព្រាយបិសាចបាន អ្នកស្រុកក៏ជឿស្លុងហើយនាំគ្នាយកបាយសំលនំចំណីមាសប្រាក់ទៅ​ឲ្យតាថេនគ្រប់ៗគ្នា។ ចំណែកចៅសនឃើញតាថន និងបក្សពួកលួចផឹកស្រា ស៊ីសាច់ក៏យក​ដំណើរនេះទៅប្រាប់អ្នកស្រុកត្រង់ៗ តែផ្ទុយទៅវិញគ្មានអ្នកណាម្នាក់ជឿចៅសនឡើយ ថែមទាំង​ចាប់ចៅសនយកទៅឲ្យតាថេនវាយធ្វើបាបយ៉ាងដំណំថែមទៀតផង។​ ចៅសនទ្រាំនឹងរំពាត់លែង​បានក៏និយាយកុហកតាមតាថេនប្រាប់ទើបរួចខ្លួន។ ចំណែកនៅក្នុងរឿងព្រះវេស្សន្តរជាតកវិញ នាងមទ្រីបានយល់សុបិនចម្លែក ហើយប្រាប់ទៅព្រះវេស្សន្តរកាត់សប្តិឲ្យព្រះវេស្សន្តរទ្រង់ដឹង​ច្បាស់ថាសុបិននិម្មិតនោះមិនល្អទេ តែព្រះអង្គខ្លាចនាងមទ្រីពិបាកព្រះទ័យក៏បង្វែរថាជារឿងល្អ​ទៅ​វិញ។ រីឯតាជូជកក្នុងពេលមានអសន្ននោះ បើគាត់មិនរកវិធីនិយាយកុហកចេតបុត្រទេប្រាកដ​ជា​នឹងត្រូវស្លាប់កណ្តាលព្រៃជាមិនខាន។ សរុបសេចក្តីមកយើងឃើញថាពាក្យកុហកមិននាំទុក្ខដល់​ខ្លួនវិញទេ ថែមទាំងជួយឲ្យមានសេចក្តីសុខទៀតផង។
         ឆ្លងតាមការវិភាគវែកញែកនូវមតិស្រប និងមតិផ្ទុយយើងឃើញថាពាក្យកុហកនាំមកនូវផល​ល្អផង ផលអាក្រក់ផងទៅតាមកាលៈទេសៈដែលអ្នកនិយាយត្រូវប្រើ និងត្រូវដឹងឲ្យច្បាស់លាស់។ ដូចនេះប្រធានខាងលើមានលក្ខណៈត្រឹមត្រូវដែរ ប៉ុន្តែពុំទាន់គ្រប់ជ្រុងជ្រោយទាំងស្រុងនៅឡើយ​ទេ។ តែទោះជាយ៉ាងណាក៏ដោយក្នុងនាមយើងជាអ្នកកាន់ព្រះពុទ្ធសាសនា មិនត្រូវពោលពាក្យ​មិនពិតណាដែលនាំឲ្យវិនាសអន្តរាយដល់អ្នកដទៃ ហើយត្រូវចងចាំថា "អណ្តាតជាអាទិ៍កន្លង បាន​សុខទុក្ខផងក៏ដោយសារអណ្តាត"។

Comments

Popular posts from this blog

ភាសាខ្មែរមានប្រភពមកពីភាសាបាលីសំស្ក្រឹត (ប្រធានបែបពិភាក្សា)

រឿង គូលីកំណែន

រឿង កុលាបប៉ៃលិន

រឿង មាលាដួងចិត្ត

មានតែចំណេះវិជ្ជាទេ ដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន (ប្រធានបែបពន្យល់)