ភាសាខ្មែរមានប្រភពមកពីភាសាបាលីសំស្ក្រឹត (ប្រធានបែបពិភាក្សា)
ប្រធាន៖ ទស្សនៈអ្នកវិភាគខ្លះយល់ថា
“ភាសាខ្មែរមានប្រភពមកពីភាសាបាលីសំស្ក្រឹត”។ តើការយល់ឃើញនេះត្រឹមត្រូវដែរ ឬទេ?
ចូរពិភាក្សាដោយលើកយកហេតុផលមកបញ្ជាក់ឲ្យបានច្បាស់លាស់ផង។
សេចក្តីអធិប្បាយ
ភាសា
គឺជាមធ្យោបាយទំនាក់ទំនងដ៏ប្រសើររវាងការរស់នៅរបស់មនុស្សក្នុងសង្គម។ ភាសារបស់ជាតិសាសន៍មួយមានកំណើតតាំងពីដំណាលគ្នា
និងកំណកំណើតជាតិសាសន៍នោះ។ យ៉ាងណាមិញ ភាសាខ្មែរកកើតឡើងតាំងពីដំណាលគ្នា
និងកំណកំណើតជនជាតិខ្មែរយូរលុងណាស់មកហើយ។ ក៏ប៉ុន្តែខណៈពេលមានការវិភាគវិញ
ប្រភពនៃភាសាខ្មែរ មានទស្សនៈអ្នកវិភាគខ្លះយល់ថា “ភាសាខ្មែរ មានប្រភពមកពីភាសាបាលីសំស្ក្រឹត”។
តើការយល់ឃើញនេះត្រឹមត្រូវដែរឬទេ?
មុននឹងធ្វើការពិភាក្សាទសនៈអ្នកវិភាគខាងលើនេះឲ្យគ្រប់គ្រាន់ន័យសេចក្តី
យើងត្រូវយល់ន័យរបស់ពាក្យកន្សោមពាក្យគន្លឹះរបស់ប្រធានជាមុនសិន។ កន្សោមពាក្យ
“ភាសាខ្មែរ” មានន័យថាភាសារបស់ជនជាតិខ្មែរ ភាសាដែលមានដើមកំណើតមកពីជនជាតិខ្មែរ។
ចំណែកឯពាក្យ “ប្រភព” មានន័យថាទីដើម ទីដំបូងបំផុត ដើមកំណើត ឯកន្សោមពាក្យ
“ភាសាបាលីសំស្ក្រឹម” គឺជាភាសា ដែលមានគេនិយមប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌា។
ដូចនេះន័យរួមរបស់ប្រធាន គឺការពិភាក្សា ទាក់ទងទៅនឹងប្រភពភាសាខ្មែរ
ដែលទស្សនៈអ្នកវិភាគខ្លះយល់ថាមកពីភាសាបាលីសំស្ក្រឹត។
ការអះអាងរបស់អ្នកវិភាគខ្លះបញ្ជាក់ថាភាសាខ្មែរមានប្រភពមកពីភាសាបាលីសំស្រ្កឹត។
ការហ៊ានអះអាងបែបនេះ ដោយហេតុថា
តាមការពិនិត្យសង្កេតជាទូទៅតាំងពីដើមមកក្នុងការចាប់ផ្តើមបង្កើតតួអក្សរខ្មែរ
ខ្មែរបានខ្ចីតួអក្សរខ្មែរមានការវិវត្តន៍ជាបន្តបន្ទាប់ ទម្រាំបានដូចសព្វថ្ងៃនេះ។ បើនិយាយពីសិលាចារឹកខ្មែរវិញ
ជាទូទៅច្រើនសរសេរជាភាសាសំស្រ្កឹត ដោយហេតុថាសម័យដើមគេចាត់ទុកភាសាសំស្ក្រឹត
ជាភាសាថ្នាក់ខ្ពស់ ភាសាផ្លូវការ ភាសារាជវាំង
ភាសាដែលព្រះមហាក្សត្រប្រើប្រាស់ជាមធ្យោបាយទំនាក់ទំនង
រីឯភាសាខ្មែរដើមត្រូវបានចាត់ទុកជាភាសាថ្នាក់ទាប ភាសាដែលសាមញ្ញជនប្រើប្រាស់ទូទៅ
មិនសំខាន់។ សូម្បីតែនៅក្នុងវិស័យសាសនា ខណៈពេលដែលខ្មែរយើងគោរពសាសនា
មានប្រភពមកពីប្រទេសឥណ្ឌា ដូច្នេះការរប្រើប្រាស់ពាក្យពេចន៍ ក្នុងការសម្តែងធម៌
ក៏ត្រូវតែមានពាក្យបាលីសំស្រ្កឹតជាអទិភាព
រហូតដល់ពេលខ្លះគ្មានការប្រែន័យសេចក្តីទៅជាភាសាខ្មែរថែមទៀតផង។ ក្នុងភាសាខ្មែរមានល្បាយភាសាជាច្រើន
តែល្បាយភាសា ដែលច្រើនលើសលុបគេនោះគឺភាសាបាលីសំស្ក្រឹត
រហូតដល់មានការយល់ថាភាសានេះជាប្រភពដើមនៃភាសាខ្មែរទៀតផង
ដោយផ្អែកតាមទស្សនៈអ្នកអក្សរសាស្ត្រមួយចំនួន ក៏កត់សំគាល់ថាភាសាខ្មែរ
មានដើមកំណើតមកពីភាសាបាលីសំស្ក្រឹតដែរ ដូចជាទស្សនៈរបស់លោក J.
Toupin បានសន្មតថា “ភាសាបាលីសំស្ក្រឹត
គឺជាម្តាយនៃភាសាខ្មែរ” ជាដើម។ សរុបសេចក្តីមក
អាចនិយាយបានថាភាសាខ្មែរពិតជាមានប្រភពមកពីភាសាបាលីសំស្ក្រឹត
បើផ្អែកតាមការអះអាងខាងលើនេះ។
ក៏ប៉ុន្តែ
ទោះបីជាមានការអះអាងបែបនេះក្តី ក៏នៅមានអំណះអំណាងផ្សេងពីនេះជាភាសាខ្មែរ
មិនមែនជាប្រភពមកពីភាសាបាលីសំស្ក្រឹតនោះទេ។ ភាសាខ្មែរជារបស់ជនជាតិខ្មែរ
កើតមានឡើងដំណាលគ្នានឹងកំណកំណើតជនជាតិខ្មែរ តាំងពីប្រមាណបួន
ឬប្រាំពាន់ឆ្នាំមុនគ្រឹស្តសករាជមកម្ល៉េះ។
ភាសាខ្មែររស់នៅយ៉ាងជិតស្និតជាមួយមនុស្សខ្មែរ បំរើឲ្យប្រយោជន៍សង្គមខ្មែរ
ភាសាបាលីសំស្រ្កឹតហូរចូលមកខណៈពេល ដែលខ្មែរមានភាសាជាតិខ្លួនរួចទៅហើយ។
ភាសាខ្មែរមានការវិវត្តរបស់ខ្លួនច្បាស់លាស់
ក្នុងនោះមានការវិវត្តបីលើកធំៗចាប់ផ្តើមពីភាសាខ្មែរបុរាណរាប់ពីការកកើតរហូតដល់សតវត្សទី១៥
ភាសាខ្មែរកណ្តាលពីសតវត្សទី១៦ រហូតដល់សតវត្សទី១៩
និងភាសាខ្មែរបច្ចុប្បន្នពីសតវត្សទី២០ មកដល់សព្វថ្ងៃនេះ។ ភាសាខ្មែរមានអំបូរខុសពីភាសាបាលីសំស្ក្រឹត
គឺភាសាខ្មែរស្ថិតក្នុងអំបូរភាសាខ្មែរមន
ដែលជាអំបូរភាសាមួយធំបង្គួរស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍។ ចំណែកភាសាបាលីសំស្ក្រឹត
ស្ថិតនៅក្នុងអំបូរភាសាឥណ្ឌូអឺរ៉ុបជាអំបូរភាសាធំមួយគ្របដណ្តប់ទ្វីបអឺរ៉ុបទាំងមូល
និងមួយភាគធំនៃប្រទេសឥណ្ឌា។ ភាសាខ្មែរមានលក្ខណៈពិសេសរបស់ខ្លួនច្បាស់លាស់ដូចជា
ក្នុងការបន្លឺសំលេងភាសាខ្មែរបន្លឺឡើងក្នុងលក្ខណៈស្មើ
ពុំមានការលើកដាក់ខ្ពស់ទាបដូចភាសាបរទេសទេ។ ពាក្យខ្មែរសុទ្ធច្រើនមានចំនួនព្យាង្គតិច
តែបើពាក្យខ្មែរសុទ្ធមានចំនួនព្យាង្គច្រើនចាប់ពី២ព្យាង្គឡើងទៅ ការបន្លឺសំលេង ការបន្លឺសំលេងច្រើនមានទំនោរទៅរកការបង្រួញព្យាង្គឲ្យទៅតាមស័ព្ទចុងព្យង្គដូចជាពាក្យប្រអប់ទៅជាពាក្យ
ប្អប់ ពាក្យក្រមាទៅជាពាក្យ កមា ពាក្យសៀវភៅ ទៅជា សភៅ ជាដើម។ ភាសាខ្មែរ
ចែកសូរស្រៈចេញជាសូរស្រៈពួក “អ” មាន១៦ សូរស្រៈពួក “អ៊” មាន១៨ និងសូរស្រៈពួក “អ អ៊”
មាន៣ ហើយសូរស្រៈនេះបើកត់ជាមួយព្យាង្គ “អ” ទៅជាពួក “អ៊” កត់ជាមួយព្យាង្គ “អ៊”
ទៅជាពួក “អ”។ ភាសាខ្មែរមានវិធីកំលាយពាក្យដោយផ្នត់ដើម និងដោយផ្នត់ជែក។
ផ្នត់ដើមនៅខាងដើមពាក្យរឹស ផ្នត់ជែកនៅកណ្តាលពាក្យរឹស។
ខ្មែរគ្មានលិង្គវចនៈច្បាស់លាស់ដូចភាសាបាលីសំស្ក្រឹតទេ។ បើចង់បញ្ជាក់ពីភេទ
ខ្មែរប្រើពាក្យភ្ជាប់ជាមួយដូចជាបងស្រី ប្អូនប្រុស គោឈ្មោល មាន់មេជាដើម។
បើចង់បញ្ជាក់ពីចំនួន ក៏និយមប្រើពាក្យភ្ជាប់ជាមួយដូចជា គោមួយក្បាល ក្របីមួយនឹម
គោមួយហ្វូង។ ដោយភាសាខ្មែរជាភាសាអភិវត្តិ ដូច្នេះគោលការណ៍បង្កើតពាក្យមានភាពងាយស្រួល
ឃ្លាប្រយោគច្បាស់លាស់។ ខ្មែរខ្ចីភាសាបាលីសំស្ក្រឹតមកប្រើប្រាស់ ដើម្បីបំពេញកន្លែង
ដែលខ្វះចន្លោះធ្វើយ៉ាងណាឲ្យកាន់តែសំបូរបែប តែខ្មែរមិនរក្សាសភាពដើមទាំងស្រុងនោះទេ
ធញវើការកែប្រែទាំងរូប និងសូរ ដើម្បីឲ្យស្របស្រួលទៅនឹងទស្សនៈខ្មែរ។
សរុបសេចក្តីមកអាចនិយាយបានថាភាសាខ្មែរ មិនមែនមានប្រភពមកពីភាសាបាលីសំស្ក្រឹតនោះទេ ភាសាខ្មែរជារបស់ជនជាតិខ្មែរ។
តាមមតិស្របឃើញថាសមហេតុផលម្យ៉ាង
ព្រោះមានអំណះអំណាង បញ្ជាក់ដូចខាងលើ តែមតិផ្ទុយក៏សមហេតុផលម្យ៉ាង ភាសាខ្មែរ
កើតមានតាំងពីដំណាលគ្នា នឹងជនជាតិខ្មែរ ហើយបំរើឲ្យប្រយោជន៍សង្គមខ្មែរ។
ផ្អែកតាមការពិភាក្សា
ទស្សនៈអ្នកវិភាគខាងលើរួចមកអាចសន្និដ្ឋានបានថា
ការយល់ឃើញនេះមិនទាន់ត្រឹមត្រូវទាំងស្រុងនោះទេ
ព្រោះហាក់ដូចជាមើលមិនឃើញពីប្រភពពិតប្រាកដនៃភាសាខ្មែរ
ហើយក៏សន្និដ្ឋានដោយភ័ន្តច្រឡំថាខុសថាមកពីភាសាបាលីសំស្ក្រឹត
ដូចនេះគប្បីសិក្សាស្វែងយល់ពីប្រភពភាសាខ្មែរឲ្យបានច្បាស់លាស់
ទើបមើលឃើញពីលក្ខណៈភាសាខ្មែរដែលជាលក្ខណៈរបស់ជនជាតិខ្មែរពិតប្រាកដ។
រក្សាសិទ្ធិដោយ៖
លោកគ្រូតា ភុល ជឹម
Thanks for this 😊😊
ReplyDeleteអរគុណណាស់
ReplyDeleteអរគុណ 💘💘
ReplyDeleteអគុណ
ReplyDelete