ការធ្លាក់ចុះនៃអរិយធម៌ខ្មែរ (ប្រធានបែបពិភាក្សា)
ប្រធាន៖ មតិខ្លះយល់ថា
“ការធ្លាក់ចុះនៃអរិយធម៌ខ្មែរគឺដោយសារជំនួបឥទ្ធិពលអរិយធម៌បរទេស”។ ឯមតិខ្លះទៀតយល់ថា
“ដោយសារជំនួបឥទ្ធិពលអរិយធម៌បរទេសនេះហើយ ទើបអរិយធម៌ខ្មែរលូតលាស់”។
តើការយល់ឃើញទាំងពីរខាងលើនេះណាមួយសមហេតុផងជាង? ចូរពិចារណា។
សេចក្តីអធិប្បាយ
គ្រប់ជាតិសាសន៍
ដែលមានឈ្មោះនៅក្នុងប្រវត្តិសាស្ត្រតែមានអរិយធម៌ជាគ្រឿងសំគាល់របស់ជាតិខ្លួនច្បាស់លាស់។
អរិយធម៌របស់ជាតិសាសន៍មួយមិនអាចនៅតែឯកឯងបាននោះទេ
តែមានមានបណ្តូរទំនាក់ទំនងជាមួយអរិយធម៌ជាតិសាសន៍ដទៃទៀត។ ប៉ុន្តែការផ្លាស់ប្តូរ
ការទទួលយកទាំងនោះ វាផ្តល់ផលវិជ្ជមានផង និងអវិជ្ជមានផង។ វិភាគជុំវិញបញ្ហានេះ
មានមតិខ្លះយល់ថា “ការធ្លាក់ចុះនៃអរិយធម៌ខ្មែរគឺដោយសារជំនួបឥទ្ធិពលអរិយធម៌បរទេស
ឯមតិខ្លះទៀតយល់ថា “ដោយសារជំនួបឥទ្ធិពលអរិយធម៌បរទេសនេះហើយ ទើបអរិយធម៌ខ្មែរលូតលាស់”។
តើការយល់ឃើញទាំងពីរនេះមួយណាសមហេតុផលជាង?
មុននឹងធ្វើការពិចារណាមតិប្រធានទាំងពីរខាងលើនេះឲ្យច្បាស់លាស់ន័យសេចក្តី
យើងត្រូវយល់ន័យរបស់កន្សោមពាក្យគន្លឹះរបស់ប្រធានជាមុនសិន។ កន្សោមពាក្យ
“អរិយធម៌ខ្មែរ” មានន័យថាសភាវៈដែលទ្រទ្រង់ដល់ការលូតលាស់របស់ជនជាតិខ្មែរ។
ចំណែកកន្សោមពាក្យ “ឥទ្ធិពលអរិយធម៌បរទេស” សំដៅដល់ការទទួលយកភាពរីកចំរើនតាមបែបបរទេស។
ដូច្នេះ ន័យរួមរបស់ប្រធាន
តំរូវឲ្យធ្វើការពិចារណាទាក់ទងទៅនឹងជំនួបឥទ្ធិពលអរិយធម៌បរទេស ក្នុងអរិយធម៌ខ្មែរ
ដែលមតិខ្លះយល់ថាធ្វើឲ្យធ្លាក់ចុះ ឯមតិខ្លះទៀតថាធ្វើឲ្យលូតលាស់។
មតិទីមួយរបស់ប្រធានបញ្ជាក់ថាការធ្លាក់ចុះនៃអរិយធម៌ខ្មែរ
ដោយសារជំនួបឥទ្ធិពលអរិយធម៌បរទេស។
និយាយពីជំនួបឥទ្ធិពលអរិយធម៌បរទេសក្នុងអរិយធម៌ខ្មែរ
កើតមានឡើងតាំងពីប្រមាណសតវត្សទីមួយនៃគ្រឹស្តសករាជមកម្ល៉េះ។
ខ្មែរជួបឥទ្ធិពលអរិយធម៌ឥណ្ឌាមុនគេតាមរយៈជំនឿ សាសនា ភាសា អក្សរ ទំនៀមទំលាប់ សិល្បៈ
ស្ថាបត្យកម្ម ទស្សនៈរាជាធិបតេយ្យ។ នៅសតវត្សទីបីនៃគ្រឹស្តសករាជ
ខ្មែរទទួលឥទ្ធិពលអរិយធម៌ចិនតាមរយៈល្បាយជាតិសាសន៍ ជំនួញ សិល្បៈ។
នៅរវាងសតវត្សទីប្រាំ ខ្មែរបានទទួលឥទ្ធិពលអរិយធម៌ចាម ជ្វាតាមរយៈស្ថាបត្យកម្ម
ដូចជាសំណង់ប្រាសាទភ្នំ ក្បាច់លំអ មានក្បាច់រាហ៊ូជាដើម។
នៅសតវត្សទីដប់បីនៃគ្រឹស្តសករាជ ខ្មែរបានទទួលឥទ្ធិពលអរិយធម៌សៀម យួនតាមរយៈកម្ចីពាក្យពេចន៍ក្នុងការប្រើប្រាស់
ដើម្បីឲ្យកាន់តែមានភាពសំបូរបែប។ សតវត្សទីដប់ប្រាំមួយ
ខ្មែរបានទទួលឥទ្ធិពលអរិយធម៌អឺរ៉ុបតាមរយៈបច្ចេកទេសវិទ្យាសាស្ត្រ លទ្ធិប្រជាធិបតេយ្យ
កិច្ចការរដ្ឋបាល ទំលាប់ សំលៀកបំពាក់ជាដើម។។ រហូតមកដល់សតវត្សទីម្ភៃមួយនេះ
ខ្មែរទទួលឥទ្ធិពលអរិយធម៌ចំរុះតាមរយៈការទូត បច្ចេកទេសវិទ្យាសាស្ត្រ ពាណិជ្ជកម្ម
ទេសចរណ៍ សិល្បៈជាដើម។
ជំនួបឥទ្ធិពលអរិយធម៌បរទេសធ្វើឲ្យអរិយធម៌ខ្មែរធ្លាក់ចុះដោយហេតុថា
ខណៈពេលដែលមានការទទួលយកពីបរទេស ដែលមានលក្ខណៈហួសហេតុដូចជា សាហាវ អាសអាភាស
វាបានបំពុលទិដ្ឋភាពវប្បធម៌ខ្មែរ អូសទាញសង្គមខ្មែរឲ្យធ្លាក់ទៅក្នុងភាពអនាធិបតេយ្យ
ជ្រួលច្របល់ អសន្តិសុខបង្កើតឡើងនូវអសីលធម៌ ធ្វើឲ្យបាត់ស្ថេរភាព។
មិនត្រឹមតែប៉ុណ្ណោះ ធ្វើឲ្យមនុស្សមួយចំនួនទទួលយកទាំងងងឹតងងល់ខ្វះការគិតពិចារណា
ធ្វើឲ្យអរិយធម៌ខ្មែរកាន់តែដុនដាប ឈានទៅរកការបាត់បង់បន្តិចម្តងៗ។ ជាក់ស្តែងការទទួលយកឥទ្ធិពលបុណ្យពីបរទេស
ដូចជាបុណ្យថ្ងៃ ១៤ កុម្ភៈ ធ្វើឲ្យមនុស្សមួយចំនួនភ្លើតភ្លើន
ឈានទៅប្រព្រឹត្តអំពើផ្តេសផ្តាស បង្កើតភាពអនាធិបតេយ្យក្នុងសង្គម។
ការទទួលយកឥទ្ធិពលសំលៀកបំពាក់ ឧបករណ៍សំភារៈប្រើប្រាស់មួយចំនួន
ក៏បានធ្វើឲ្យមានភាពប៉ះពាល់ដល់អរិយធម៌ជាតិ។ ឥទ្ធិពលនៃសិល្បៈ ដូចជាខ្សែភាពយន្ត
ដែលមានលក្ខណៈអាសអាភាស បាញ់ប្រហារ កាប់សម្លាប់
បាននាំមនុស្សខ្មែរមួយចំនួនឲ្យប្រព្រឹត្តអំពើអសីលធម៌
ធ្វើឲ្យសង្គមមានភាពជ្រួលច្របល់។ សរុបសេចក្តីមកអាចនិយាយបានថាអរិយធម៌ខ្មែរធ្លាក់ចុះដោយសារជំនួបឥទ្ធិពលអរិយធម៌បរទេសយ៉ាងពិតប្រាកដ។
ក៏ប៉ុន្តែបើតាមមតិទីពីរ
អះអាងថាដោយសារជំនួបឥទ្ធិពលអរិយធម៌បរទេសនេះហើយទើបអរិយធម៌ខ្មែរលូតលាស់។
ការហ៊ានអះអាងបែបនេះ
ដោយហេតុថារវាងជាតិសាសន៍នៅលើពិភពលោកនេះមិនអាចមានអរិយធម៌តែឯកឯងនោះទេ
គឺត្រូវតែមានបន្តូរទំនាក់ទំនងអរិយធម៌ជាមួយនឹងជាតិសាសន៍ដទៃលើគ្រប់ផ្នែក មិនថាការទូត
ពាណិជ្ជកម្ម ផ្នត់គំនិត បច្ចេកទេសវិទ្យាសាស្រ្ត ទំនៀមទំលាប់នោះទេ។
កាលណាមានការផ្លាស់ប្តូរគ្នាបែបនេះ នឹងធ្វើឲ្យមានភាពសំបូរបែបក្នុងអរិយធម៌ជាតិ
ជួយបង្គ្រប់កន្លែង
ដែលខ្វះចន្លោះក្នុងទិដ្ឋភាពអរិយធម៌ធ្វើយ៉ាងណាឲ្យជាតិសាសន៍របស់ខ្លួន
កាន់តែចោលឈ្មោះបោះសំលេង មានការទទួលស្គាល់។ ជំនួបឥទ្ធិពលអរិយធម៌បរទេសនេះអាចបំពេញបានតំរូវការសង្គមមនុស្សចាំបាច់ស្របទៅតាមការប្រែប្រួលនៃរបបសង្គម
ពិសេសគឺខណៈពេលដែលបច្ចេកទេសវិទ្យាសាស្ត្រ
កំពុងមានសំទុះរីកចំរើនខ្លាំងដូចជាសព្វថ្ងៃ។
ការទទួលយកអរិយធម៌បរទេសនេះធ្វើឲ្យមានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសជុំវិញពិភពលោក
ហើយថែមទាំងធ្វើឲ្យអរិយធម៌ជាតិកាន់តែមានភាពស្ថិតស្ថេរលូតលាស់សម្រាប់ទុកជាគុណប្រយោជន៍ដល់កូនចៅខ្មែរគ្រប់ៗជំនាន់តទៅមុខទៀត។
ជាក់ស្តែងការទទួលយកបច្ចេកទេសវិទ្យាសាស្ត្របានធ្វើឲ្យសង្គមខ្មែរលូតលាស់លើផ្នែកបច្ចេកវិទ្យា
មានឧបករណ៍សំភារៈប្រើប្រាស់គ្រប់គ្រាន់ សង្គមខ្មែររស់នៅក្នុងភាពស៊ីវីល័យ អាចប្រកួតប្រជែងជាមួយបណ្តាប្រទេសដទៃទៀតបាន
ការរស់នៅរបស់មនុស្សខ្មែរកាន់តែសុខស្រួល។ ការទទួលយកឥទ្ធិពលសិល្បៈពីបរទេស
ខណៈពេលដែលយើងចេះធ្វើជាតូបនីយកម្មឲ្យទៅជាលក្ខណៈជាតិខ្មែរ
នោះរង្វង់សិល្បៈខ្មែរកាន់តែសំបូរបែប។ សរុបសេចក្តីមក
អាចនិយាយបានថាអរិយធម៌ខ្មែរលូតលាស់ដោយសារតែជំនួបឥទ្ធិពលអរិយធម៌បរទេសយ៉ាងពិតប្រាកដ។
តាមមតិទីមួយឃើញថាសមហេតុផលម្យ៉ាងដោយមានអំណះអំណាងបញ្ជាក់ដូចខាងលើស្រាប់។
តែមតិទីពីរ ក៏សមហេតុផលម្យ៉ាង
អរិយធម៌ខ្មែរលូតលាស់ក៏ដោយសារខ្មែរបានជួបឥទ្ធិពលអរិយធម៌បរទេសច្រើន។
ផ្អែកតាមការពិចារណាមតិប្រធានទាំងពីរខាងលើនេះរួចមក
អាចសន្និដ្ឋានបានថាមតិទីពីរមានលក្ខណៈសមហេតុផលជាង
ដោយសារតែមតិនេះមានការផ្សារភ្ជាប់ឬៅនឹងតថភាពជាក់ស្តែងនៃការទទួលយកឥទ្ធិពលអរិយធម៌ពីបរទេស។
ដូចនេះគប្បីចេះធ្វើជាតូបនីយកម្មរាល់អរិយធម៌បរទេសដែលហូរចូលមក
ធ្វើយ៉ាងណាឲ្យទៅជាលក្ខណៈជាតិ ទើបកាន់តែប្រសើរឡើង។
រក្សាសិទ្ធិដោយ
លោកគ្រូតា ភុល ជឹម
Comments
Post a Comment