តែងសេចក្តីបែបអត្ថាធិប្បាយ
ដូចម្តេចដែលហៅថាតែងសេចក្តី?
= ពាក្យថា "តែងសេចក្តី" បានមកពី៖ តែង បូកនឹង សេចក្តី
- តែង៖ រៀបចំ រចនា កែច្នៃ កែលំអ ធ្វើឲ្យមានរបៀប
- សេចក្តី៖ រឿងរ៉ាវ ហេតុការណ៍ ដែលមានជាប់ទាក់ទងគ្នាជាឃ្លា ល្បះ កថាខណ្ឌ អត្ថបទដែលមានន័យ និងបំណងច្បាស់លាស់ អាចស្តាប់បាន។
ប្រភេទនៃតែងសេចក្តីអត្ថាធិប្បាយ
ប្រភេទនៃតែងសេចក្តីអត្ថាធិប្បាយមានដូចជា៖
- អត្ថាធិប្បាយបែបពន្យល់
- អត្ថាធិប្បាយបែបពិភាក្សា
- អត្ថាធិប្បាយបែបប្រៀបធៀប
សេចក្តីណែនាំក្នុងការសរសេរតែងសេចក្តី
ដើម្បីការសរសេរតែងសេចក្តីឲ្យបានល្អ និងមិនមានការភាន់ច្រឡំ ឬចាកប្រធាន អ្នកសរសេរត្រូវ៖
- ស្វែងរកពាក្យពិបាក ឬពាក្យគន្លឹះសំខាន់ៗរបស់ប្រធាន
- ស្វែងយល់ន័យរបស់ប្រធានឲ្យបានស៊ីជម្រៅ
- ពិចារណាឲ្យបានច្បាស់ថាតើជាប្រធានប្រភេទណា? (ពន្យល់? ពិភាក្សា? ប្រៀបធៀប?)
- ស្វែងយល់ពីដែនកំណត់របស់ប្រធានឲ្យបានច្បាស់លាស់ថាតើគេឲ្យសរសេរត្រឹមកម្រិតណា? លើកឧទាហរណ៍ក្នុងរឿងអ្វី?
- ស្វែងយល់ពីតថភាពសង្គមឲ្យបានគ្រប់ជ្រុងជ្រោយ
- អានសៀវភៅអំពីចំណេះដឹងទូទៅឲ្យបានច្រើន
- អានស្នាដៃអក្សរសិល្ប៍ឲ្យបានច្រើន
- ចងចាំពីសកម្មភាព និងសំដីរបស់តួអង្គឲ្យបានច្រើន និងច្បាស់លាស់
- រៀនស្វែងយល់ពីអត្ថន័យនៃរឿងនីមួយៗឲ្យច្បាស់លាស់
- ឧស្សាហ៍អានតែងសេចក្តីរបស់អ្នកនិពន្ធឲ្យបានច្រើន
- កត់ត្រាគំនិតអប់រំនៃអត្ថបទរឿងដើម្បីទុកជាជំនួយក្នុងការសរសេរតែងសេចក្តី។
ការណែនាំអំពីវិធីតែង
ក. សេចក្តីផ្តើម៖
- ជាលំនាំដើមដើម្បីនឹងឈានចូលទៅរកបញ្ហា
- ត្រូវសរសេរឲ្យខ្លីល្មម ហើយផ្ចិតផ្ចង់
- យកគំនិតទូទៅដែលមានខ្លឹមសារមកផ្តើម
- ផ្តើមទាក់ទងនឹងប្រធាន
- ចៀសវាងការផ្តើមសេចក្តីចេញក្រៅប្រធាន ឬមិនទាក់ទងនឹងប្រធាន ទោះបីគំនិតនោះល្អខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ។ ហើយមិនត្រូវយកបញ្ហាក្រៅមកចោទទេ។
- ចៀសវាងការប្រើពាក្យបាលី សំស្រឹ្កត ប្រសិនបើពាក្យនោះពុំមានតម្លៃចាំបាច់ទេ ហើយជាពាក្យដែលគេអាចយកពាក្យខ្មែរមកជំនួសបានដោយងាយ។
- ចៀសវាងការផ្តើមសេចក្តីដូចប្រលោមលោក (ព្រះទិនករបររាជរថ ព័ទ្ធភ្នំព្រះសុមេរុ...។)
- ចៀសវាងការស្រាយបញ្ហានៅក្នុងសេចក្តីផ្តើម។ មតិ គំនិត ឃ្លា ប្រយោគ ដែលត្រូវប្រើនៅក្នុងសេចក្តីអធិប្បាយ កុំយកមកនិយាយនៅក្នុងសេចក្តីផ្តើម ដើម្បីចៀសវាងនូវការផ្ទួនដោយឥតប្រយោជន៍។
- ជាផ្នែកមួយដែលទាមទារឲ្យមានការពន្យល់ បកស្រាយ វែកញែកឲ្យបានក្បោះក្បាយ។
- ក្នុងការបកស្រាយ យើងត្រូវពង្រីកគំនិតយល់ដឹងប្រកបដោយការត្រិះរិះពិចារណា ដើម្បីធ្វើអត្ថាធិប្បាយឲ្យបានទូលំទូលាយ មានរបៀបរៀបរយ ច្បាស់លាស់ មិនសរសេរច្រំដែល។
- ការបកស្រាយពន្យល់ត្រូវឈរលើទស្សនៈសមហេតុផល ហើយត្រូវមានអំណះអំណាង ឬឧទាហរណ៍មកបញ្ជាក់ (ក្នុងសង្គម ក្នុងអក្សរសិល្ប៍ ក្នុងប្រវត្តិសាស្រ្ត...)
- អំណះអំណាង ឬឧទាហរណ៍បញ្ជាក់ត្រូវឲ្យស៊ីទៅនឹងខ្លឹមសារប្រធាន។ ចៀសវាងការលើកយកដំណើររឿងទាំងស្រុងមកធ្វើជាឧទាហរណ៍។
- ចំពោះសេចក្តីដកស្រង់ ដែលត្រូវយកមកប្រើត្រូវដាក់នៅក្នុងអព្ភន្តរសញ្ញា ( "......") ដោយពុំកាត់សេចក្តីដើមរបស់គេទេ តែបើយើងមិនចាំសម្តីដើមច្បាស់លាស់ទេ យើងអាចសង្ខេបយកខ្លឹមសារមកបានហើយ តែមិនចាំបាច់ក្នុងអព្ភន្តរសញ្ញាទេ។
- ត្រូវចេះប្រើឃ្លាភ្ជាប់សេចក្តីពីឃ្លាមួយទៅឃ្លាមួយ ចៀសវាងការប្រើពាក្យច្រំដែល។ ឃ្លាភ្ជាប់សេចក្តីមានដូចជា៖ ចំណែក ចំណែកឯ រីឯ មួយវិញទៀត ប៉ុន្តែ ក៏ប៉ុន្តែ ម្យ៉ាងវិញទៀត ផ្ទុយទៅវិញ យ៉ាងណាក៏ដោយ ជាងនេះទៅទៀត បន្ថែមលើនេះទៀត ដូចគ្នានេះដែរ មិនតែប៉ុណ្ណោះ អាស្រ័យហេតុនេះ រួមសេចក្តីទៅ...។
- បញ្ចប់តួសេចក្តី ត្រូវធ្វើសរុបមតិមួយ ដោយគ្រាន់តែស្រង់គំនិតសំខាន់ៗខាងលើមកដាក់តាមលំដាប់លំដោយ។
- សេចក្តីបញ្ចប់ពុំមែនជាសេចក្តីសង្ខេបនៃតួសេចក្តីទេ តែជាសេចក្តីបញ្ចប់ដែលឆ្លើយតបយ៉ាងដាច់ខាតទៅនឹងចំណោទបញ្ហា ដែលចោទឡើងនៅក្នុងសេចក្តីផ្តើម។
- ត្រូវចៀសវាងការបញ្ចប់សេចក្តីដោយលើកយកបញ្ហាថ្មីមួយទៀតមកចោទ ពីព្រោះនាំឲ្យខូចឯកភាពនៃកិច្ចការរបស់យើង។
- យោបល់រួមត្រូវតែជាមតិ គំនិតផ្ទាល់ខ្លួន ហើយជាការពោលអារកាត់ដាច់ខាត ច្បាស់លាស់ ពុំមែនជាការនិយាយស្ទាក់ស្ទើរ មិនដាច់សេ្រចឡើយ។
Comments
Post a Comment