អំពីសំណេរតែងសេចក្តីអធិប្បាយពិភាក្សា

ដូចម្តេចដែលហៅថា តែងសេចក្តីបែបពិភាក្សា?
  • តែងសេចក្តីបែបពិភាក្សា គឺជាតែងសេចក្តីមួយប្រភេទដែលតម្រូវឲ្យអ្នកតែងលើកយកមតិ​របស់ប្រធានមកពិចារណា វែកញែករកខុសត្រូវ រកល្អអាក្រក់ សមឬពុំសម មានប្រយោជន៍​ឬឥតប្រយោជន៍ ជាគុណឬជាទោស។ល។ ដើម្បីយកមតិទាំងអស់មកថ្លឹងថ្លែងមើល តើមតិ​ណាមួយសមរម្យជាង។
  • ជាទូទៅប្រធានពិភាក្សា គឺមានមតិពុំសមស្របគ្នា ហើយច្រើនស្ថិតនៅលើទ្រឹស្តីបដិសំយោគ ដែលមាន៖ មតិទី១ (មតិស្រប), មតិទី២ (មតិផ្ទុយ), មតិសំយោគ ឬមតិពិភាក្សា។

 គន្លឹះដើម្បីស្គាល់ប្រធាន
  • ការបញ្ចេញមតិ៖ គេពោលថា "......" , មតិមួយលើកឡើងថា "......" , មានទស្សនៈជាច្រើន​យល់ថា "......" , មានទស្សនៈខ្លះយល់ថា "......" ឯខ្លះទៀតថា "......" ទៅវិញ ។ល។
  • ពាក្យចោទសួរ៖ តើអ្នកយល់យ៉ាងណា? , តើអ្នកយល់ដូចម្តេច? , តើមតិនេះត្រូវ ឬខុស?, តើមតិណាមួយត្រឹមត្រូវជាង? , តើមតិណាមួយសមរម្យជាង? , តើអ្នកមានយោបល់ដូចម្តេច​ដែរ? , តើមតិនេះគ្រប់គ្រាន់ហើយ ឬនៅ? , តើទស្សនៈខាងលើមួយណាត្រូវ មួយណាខុស?
  • ពាក្យបង្គាប់៖ ចូរពិភាក្សា។ , ចូរវែកញែករកខុស ត្រូវ។ , ចូរពិចារណា។ , ចូរវិនិច្ឆ័យ។ , ចូររិះ​គន់។ល។

គម្រោងតែងសេចក្តីពិភាក្សា
 ក. សេចក្តីផ្តើម៖
  • លំនាំបញ្ហា៖ និយាយពីបញ្ហាទូទៅទាក់ទងនឹងប្រធាន មិនវែងពេក មិនខ្លីពេក។
  • ចំណូលបញ្ហា៖ លើកទស្សនៈប្រធានយកមកបង្ហាញ។
  • ចំណោទបញ្ហា៖ ចោទសួរលើប្រធានតាមបែបពិភាក្សា។ (សូមមើល របៀបចោទសួរក្នុងតែងសេចក្តី​អត្ថាធិប្បាយបែបពិភាក្សា)
ខ. តួសេចក្តី៖
  • ឃ្លាភ្ជាប់សេចក្តី
  • ពន្យល់ពាក្យពិបាក ឬពាក្យគន្លឹះ
  • ពន្យល់ន័យប្រធាន
  • បកស្រាយមតិស្រប និងឧទាហរណ៍
  • សរុបមតិស្រប
  • ឃ្លាភ្ជាប់សេចក្តីចូលមតិផ្ទុយ (សូមមើល របៀបសរសេរឃ្លាភ្ជាប់សេចក្តីមុនចូលមតិផ្ទុយ)
  • បកស្រាយមតិផ្ទុយ និងឧទាហរណ៍
  • សរុបមតិផ្ទុយ
  • សំយោគមតិ ឬមតិពិភាក្សា (សូមមើល អំពីសំយោគមតិ និងមតិពិភាក្សា)
គ. សេចក្តីបញ្ចប់៖
  • វាយតម្លៃប្រធាន៖ មតិប្រធានត្រឹមត្រូវដែរ ឬទេ? 
  • ទស្សនៈផ្ទាល់ខ្លួន៖ សំណូមពរ ឬមតិចូលរួមក្នុងការអភិវឌ្ឍ។

របៀបចោទសួរក្នុងសំណេរតែងសេចក្តីអត្ថាធិប្បាយពិភាក្សា
  • បើប្រធានមានទស្សនៈតែមួយ
  1. តើ......ត្រឹមត្រូវ ឬទេ?
  2. តើ......សមស្រប ឬទេ?
  3. តើ......ត្រូវ ឬខុស?
  4. ................................................................................................................?
  • បើប្រធានមានទស្សនៈពីរផ្សេងគ្នា
  1. តើមតិទាំងពីរខាងលើ មួយណាត្រឹមត្រូវជាង?
  2. តើមតិទាំងពីរខាងលើ មួយណាខុស មួយណាត្រូវ?
  3. តើមតិទាំងពីរខាងលើ មួយណាសមរម្យជាង?
  4. .................................................................................................................?

របៀបសរសេរឃ្លាភ្ជាប់សេចក្តីមុននឹងចូលមតិផ្ទុយ
ក្រោយពីសរុបមតិស្របរួច អ្នកសរសេរត្រូវសរសេរឃ្លាភ្ជាប់សេចក្តីជាលក្ខណៈសំណួរមុននឹងធ្វើ​ការបកស្រាយពីមតិផ្ទុយ។ គេអាចសរសេរចោទសួរបានថា៖
  1. តើ......ពិតជាអ៊ីចឹងមែនឬ?
  2. តើ......ពិតមែន ឬយ៉ាងណា?
  3. .................................................................................................................?

អំពីសំយោគមតិ និងមតិពិភាក្សា
  • សំយោគមតិ៖ ជាការផ្សំគ្នា ឬបំពេញគ្នាទៅវិញទៅមករវាងមតិស្រប និងមតិផ្ទុយ។
  • មតិពិភាក្សា៖ ជាការថ្លឹងថ្លែងវិនិច្ឆ័យរវាងមតិស្រប និងមតិផ្ទុយ ដើម្បីប្រមើលមើលរកមតិ​ដែលត្រឹមត្រូវ។
* ចំណាំ
គេតែងធ្វើសំយោគមតិនៅពេល៖
  • ប្រធានមានទស្សនៈមួយ ត្រូវខ្លះ ខុសខ្លះ
  • ប្រធានមានទស្សនៈពីរបំពេញន័យឲ្យគ្នាទៅវិញទៅមក
គេតែងធ្វើមតិពិភាក្សានៅពេល៖
  • ប្រធានមានទស្សនៈមួយ ត្រូវដាច់ខាត ឬខុសដាច់ខាត
  • ប្រធានមានទស្សនៈពីរ ទស្សនៈមួយត្រូវដាច់ខាត និងមួយផ្សេងទៀតខុសដាច់ខាត

Comments

Post a Comment

Popular posts from this blog

ភាសាខ្មែរមានប្រភពមកពីភាសាបាលីសំស្ក្រឹត (ប្រធានបែបពិភាក្សា)

រឿង គូលីកំណែន

រឿង កុលាបប៉ៃលិន

រឿង មាលាដួងចិត្ត

មានតែចំណេះវិជ្ជាទេ ដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន (ប្រធានបែបពន្យល់)