រឿង គង់ហ៊ាន

         កាលពីព្រេងនាយមានមនុស្សម្នាក់ឈ្មោះគង់ មានប្រពន្ធពីរ១ ឈ្មោះនាងអាំ មួយឈ្មោះនាង គំ។ ថ្ងៃមួយអ្នកគង់ នាំប្រពន្ធទាំងពីរនាក់ទៅសួរបងប្អូននៅស្រុកឆ្ងាយ។ តាមផ្លូវទៅស្រុកនោះមាន​ខ្លាសាហាវ អ្នកគង់បណ្តើរប្រពន្ធទាំងពីរនាក់ ទៅដល់ព្រៃធំមួយជិតស្រុកគេ ព្រៃនោះតែងមានខ្លា​ចេញខាំមនុស្ស ក្របី គោ ស៊ីតែរឿយៗ។ លុះអ្នកគង់ទៅដល់កន្លែងនោះ ខ្លាក៏ស្ទុះដេញស្រែក​សន្ធាប់ពីចម្ងាយមក។ អ្នកគង់រត់ចូលរូងឈើ រាកនោមព្រោះភ័យណាស់ញ័រដៃញ័រជើង។ នាងអាំ និងនាងគំខំព្រួតគ្នាវាយខ្លានោះស្លាប់ទៅ។
         ឯអ្នកគង់ឃើញប្រពន្ធវាយខ្លាស្លាប់ហើយ​បានស្ទុះម្នីម្នាចេញពីរូងឈើមកយកដំបងវាយខ្លា​ស្លាប់ស្រាប់នោះថែមទៀត។ ប្រពន្ធទាំងពីរបន្ទោសប្តីថា "ខ្លាគេវាយាងាប់ហើយធ្វើជាមកវាយថែម​ទៀត ប្រុសអីកំសាកញីដូច្នេះ"។ អ្នកគង់បំពានទៅប្រពន្ធថា "មិនដែលមានស្រីណាវាយខ្លាស្លាប់​នោះទេ មានតែប្រុសទេបានហ៊ានវាយខ្លាទាល់តែស្លាប់" ហើយអ្នកគង់ក៏បោចវល្លិចងខ្លានោះនាំ​ប្រពន្ធសែងចូលទៅក្នុងស្រុក។ អស់អ្នកស្រុកឃើញអ្នកគង់សែងខ្លាមក គេបបួលគ្នាមកមើលពេញ​ពេញ ហើយគេសួរថា "អ្នកឯងធ្វើដូចម្តេចបានជាបានខ្លានេះ ខ្លានេះសាហាវណាស់ វាតែងតែខាំ​មនុស្សម្នា ក្របី គោ ស៊ីច្រើនណាស់" ហើយប្រពន្ធអ្នកគង់ក៏បាននិយាយប្រាប់អ្នកស្រុកថា "អ្នកគង់​គាត់ឃើញខ្លាវាបោលមក គាត់រត់ចូលក្នុងរូងឈើ
ខ្ញុំពីរនាក់ស្រីៗព្រួតគ្នាវាយខ្លាទាល់តែស្លាប់"។ អ្នកគង់លឺប្រពន្ធនិយាយបែបក៏បញ្ចោររំលោភប្រពន្ធថា "មិនដែលមានស្រីណា ខ្លាំងហ៊ានវាយខ្លា​ស្លាប់ទេ មានតែប្រុសទើបខ្លាំងពូកែហ៊ានវាយខ្លាស្លាប់បាន"។ អ្នកគង់ក៏អួតប្រាប់អ្នកស្រុកថា "កាលដែលខ្លាវាស្ទុះមកនឹងខាំ ដូច្នេះខ្ញុំដាក់ស្នៀតគុណដូច្នេះបានជាវាយវាបាន" ហើយអ្នកគង់ធ្វើ​ជាលោតគុណវាយខ្លាឲ្យអ្នកស្រុកមើល។ ឯអ្នកស្រុកកោតខ្លាចអ្នកគង់រាល់គ្នាហើយឲ្យឈ្មោះថា "គង់ហ៊ាន"តាំងពីថ្ងៃនោះមកលឺល្បីឈ្មោះគង់ហ៊ានជាអ្នកពូកែចេះគុណវាយខ្លាស្លាប់រឿងនេះជ្រាប​ទៅដល់ស្តេចៗទ្រង់យកទៅចិញ្ចឹមធ្វើជាសេនាសម្រាប់ច្បាំងសង្រ្គាម។
         លុះយូរបន្តិចទៅ ជួនជាមានសឹកគេលើកមកច្បាំងយកនគរស្តេចទ្រង់ប្រើគង់ហ៊ានឲ្យទៅ​ច្បាំង។ គង់ហ៊ានលឺស្តេចទ្រង់ប្រើឲ្យទៅជួយច្បាំងសឹកដូច្នេះភ័យណាស់ពុំដឹងបើគិតធ្វើម្តេចនឹង​មិនទៅច្បាំងមិនបានដ្បិតស្តេចទ្រង់ប្រើហើយ ហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកែផង ត្រឡប់មកផ្ទះវិញដេកសន្ធឹងសន្ធៃអត់បាយ។ ប្រពន្ធទាំងពីរនាក់ចូលទៅសួរថា "ម្តេចបានជា អ្នក​ដេកអត់បាយដូច្នេះ មានបើហេតុភេទអ្វីប្រការដូចម្តេច?"។ គង់ហ៊ានប្រាប់ថា "ដ្បិតស្តេចទ្រង់ប្រើ​ឲ្យ​ទៅច្បាំងសឹកឥឡូវនេះ បងខ្លាចសឹកនោះណាស់មិនដឹងបើគិតដូចម្តេចទេ"។ ប្រពន្ធឆ្លើយឡើងថា "អ្នកកុំព្រួយចិត្តធានាលើខ្ញុំទាំងអស់ អ្នកក្រោកឡើងពិសាបាយឲ្យឆ្អែត ងូតទឹកឲ្យសប្បាយខ្លួនចុះ" គង់ហ៊ានលឺប្រពន្ធលួងលោមដូច្នោះក៏បានធូរក្នុងចិត្ត ក្រោកឡើងងូតទឹកស៊ីបាយរៀបគ្រឿង​ប្រដាប់នឹងទៅច្បាំង។ លុះរៀបរួចហើយបានដល់បានពេលាល្អ ក៏ចូលទៅក្រាបបង្គំលាសេ្តចចេញ​ទៅច្បាំងយកទាំងប្រពន្ធទៅផង។ គង់ហ៊ានជិះខាងក្បាលដំរី ប្រពន្ធជិះខាងក្រោយ មានរេហ៍ពល​ហែហមអមមុខក្រោយជាក្បួនទ័ពត្រៀបត្រាពាសពេញ។ លុះទៅជិតខ្មាំងសត្រូវមើលឃើញច្បាស់​ប្រាកដគង់ហ៊ានភ័យណាស់លេចអាចម៍ លេចនោមញ័រដៃញ័រជើងដូចគេអង្រួនក្បាលដំរី។ ឯដំរី​គិតស្មានថាគេអង្រួនឲ្យខ្លួនបោលចូលក៏ចេះតែបោលមុនរេហ៍ពលទាំងអស់គ្មាននរណាតាមទាន់។
         ឯខ្មាំងសត្រូវឃើញគង់ហ៊ានបំបោលដំរីចូលដូច្នោះគិតស្មានថាមេទ័ពនេះពូកែណាស់ក៏បាក់​ទ័ពចាញ់រត់យកតែប្រាស់អាយុដោយខ្លួនទៅ។
         គង់ហ៊ានឃើញខ្មាំងរត់អស់ក៏ធ្វើជាអួតក្អេងក្អាងឲ្យអស់នាហ្មឺន និងរេហ៍ពលកោតខ្លាច។ អស់​នាហ្មឺនឃើញគង់ហ៊ាន លេចអាចម៍ដាក់ក្បាលដំរីស្អុយពាសពេញដូច្នោះគេសួរថា "លោកមេទ័ពថ្មី​ម្តេចក៏លេចលាមកដូច្នេះ?"។ គង់ហ៊ានឆ្លើយថា "បើកំពុងតែច្បាំងនឹងសត្រូវហើយឈឺផ្ទៃនឹងចុះទៅ​ដោះទុក្ខសត្វឯណា មានតែដោះទុក្ខសត្វលើក្បាលដំរីដូច្នោះឯង បើរវល់តែដោះទុក្ខសត្វខ្មាំងវាមិន​កាប់ស្លាប់ឥតអំពើទៅហើយឬ?"។
         អស់នាហ្មឺននិងរេហ៍ពលលឺគង់ហ៊ាននិយាយដូច្នោះអ្នកខ្លះមានប្រាជ្ញាគេដឹងថា គង់ហ៊ានខ្លាច​អ្នកខ្លះមិនសូវមានប្រាជ្ញាក៏កោតខ្លាចគង់ហ៊ានណាស់។ ឯគង់ហ៊ានបានឈ្នះទ័ពត្រឡប់ចូលមក​ក្នុងនគរវិញ ហើយចូលទៅក្រាកថ្វាយបង្គំស្តេច។
         ស្តេចទ្រង់ជ្រាបថាគង់ហ៊ានទៅច្បាំងឈ្នះ ដេញខ្មាំងរត់ខ្ចាត់ខ្ចាយអស់ទៅ ទ្រង់ត្រកអរណាស់​ទ្រង់ព្រះរាជទានយសសក្តិជានាហ្មឺនធំ ហើយព្រះរាជទានព្រះរាជទ្រព្យ និងគ្រឿងបណ្ណាការជា​ច្រើន។ តាំងពីថ្ងៃនោះមក គង់ហ៊ានរឹតតែអួត ខ្លាំងពូកែក្អេងក្អាងឡើងទៀត។
         លុះក្រោយមកទឿតមានក្រពើសាហាវមួយចេះតែដេញខាំមនុស្សម្នា អ្នកឈ្មួញលក់ដូរដើរ​រក​ស៊ីខាងជើងទឹក ជើងកំពង់គេខ្លាចរអាគ្រប់គ្នា មិនមានអ្នកណាហ៊ានចុះងូតទឹក ឬដើរទូកសោះ។ អស់រាស្រ្តពិបានចិត្តណាស់។ រឿងនោះក៏ជ្រាបទៅដល់ស្តេចៗទ្រង់ត្រាស់ប្រើគង់ហ៊ានឲ្យទៅចាប់​ក្រពើ។ ឯគង់ហ៊ានលឺព្រះបន្ទូលដូច្នោះនឹងភ័យណាស់ប៉ុន្តែមិនហ៊ានទទឹង ព្រះបន្ទូលក៏ទទួលថា​នឹងយកអាសា សូមទ្រង់កុំព្រួយហឫទ័យ។ គង់ហ៊ានត្រឡប់មកផ្ទះនិយាយនឹងប្រពន្ធថា "គេហ៍​អើយ! ឥឡូវនេះស្តេចទ្រង់ឲ្យយើងទៅចាប់ក្រពើក្នុងទន្លេដ្បិតក្រពើនោះសាហាវណាស់ ម្តងនេះ​ឃើញថាមិនរួចខ្លួនទេ មុខជាក្រពើខាំស្លាប់មិនខានពីមុនលើគោក គ្រាន់នឹងមើលទៅឃើញ ឥឡូវ​នេះនៅក្នុងទឹកធ្វើដូចម្តេចនឹងគេចរួច? ប៉ុន្តែស្តេចទ្រង់ប្រើហើយ នឹងមិនទៅក៏មិនបាន បើដូច្នោះ​មានតែទៅលោតទឹកឲ្យក្រពើវាខាំស្លាប់តែម្តងទៅ"។ គង់ហ៊ានគិតគ្នានឹងប្រពន្ធដូច្នោះហើយក៏ហៅ​កូនក្មួយមកធ្វើជាទៅចាប់ក្រពើ។ អស់មនុស្សម្នាមហាជនលឺថាគង់ហ៊ានទៅចាប់ក្រពើក៏បបួលគ្នា​ទៅមើលពាសពេញ។ លុះគង់ហ៊ានទៅដល់កំពង់ទឹកបានឃើញក្រពើហែលមកប្របច្រាំងត្រង់ទី​ដែលមានដើមឈើពីរដើមដុះជិតគ្នាមានប្រគាប គាត់ក៏ស្ទុះលោតចុះទៅក្នុងទឹកត្រង់ទីនោះដោយ​គិតថាលោតទៅឲ្យក្រពើវាខាំឲ្យស្លាប់ទៅទេ ប៉ុន្តែក្រពើវាលឺសូរសន្ធឹកគង់ហ៊ានលោតចុះក៏ភ្ញាក់​ព្រើតប្រឹងលោតឡើងដូចជាគេប្រហកក្នុងប្រគាបឈើជាប់ពាក់កណ្តាលខ្លួន រុលទៅមុខក៏មិនរួច ថយមកក្រោយក៏មិនរួច។ គង់ហ៊ានមុជទៅក្នុងទឹកងើបឡើងឃើញក្រពើជាប់នឹងដើមឈើដូច្នោះ​ក៏​ស្រែកបង្គាប់ឲ្យកូនក្មួយឲ្យយកលំពែងមកចាក់កាប់ក្រពើនោះស្លាប់ទៅ ឯអ្នកដែលមើលទាំង​​ប៉ុន្មានគេគិតស្មានថាគង់ហ៊ានចាប់ក្រពើបោះមកឲ្យជាប់នឹងដើមឈើ ក៏កោតខ្លាចគង់ហ៊ានក្រៃ​ពេក។
         គង់ហ៊ានបានឃើញក្រពើស្លាប់ដូច្នោះក៏រឹតតែក្អេងក្អាងអួតខ្លាំងពូកែឡើងទៀត ហើយចូល​ទៅក្រាបទូលស្តេចថាខ្លួនបានចាប់ក្រពើចោលឡើងមកលើគោក។ ស្តេចទ្រង់សព្វព្រះរាជហឫ​ទ័យប្រោសព្រះរាជទានយសសក្តិឲ្យគង់ហ៊ានឡើងជាធំលើសពីមុនទឿត ព្រះរាជទានទាំង​អំណាច និងរង្វាន់ជាច្រើនទៀត។

"សំណាបយោងដី ស្រីយោងប្រុស"

Comments

Popular posts from this blog

ភាសាខ្មែរមានប្រភពមកពីភាសាបាលីសំស្ក្រឹត (ប្រធានបែបពិភាក្សា)

រឿង គូលីកំណែន

រឿង កុលាបប៉ៃលិន

រឿង មាលាដួងចិត្ត

មានតែចំណេះវិជ្ជាទេ ដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន (ប្រធានបែបពន្យល់)