រឿង ព្រះវេស្សន្តរ



  • ប្រភេទរឿង៖ អក្សរសិល្ប៍បុរាណ, សាស្រ្តាទេសន៍
  • ចលនា៖ អក្សរសិល្ប៍ពុទ្ធនិយម
  • អ្នកនិពន្ធ និងកាលកំណត់តែង៖ គម្ពីរដើមជាស្នាដៃនៃព្រះអដ្ឋកឋាចារ្យដែលសរសេរជាភាសាបាលីមាននៅក្នុងគម្ពីរព្រះត្រៃបិដក។ ឯគម្ពីរជាភាសាសម្រាយដែលមាននៅក្នុងកម្ពុជរដ្ឋយើងគឺមានច្រើនប្រភេទណាស់។ (សព្វថ្ងៃឯកសារគោលដែលយកមកសិក្សាគឺជាស្នាដៃរបស់បណ្ឌិតមហាឈឹម សុមន៍)។
រឿងសង្ខេប
         កាលព្រះសាស្រ្តាចារ្យគង់នៅនគររាជគ្រឺះ ឧទាយិត្ថេរ បាននិមន្តព្រះសង្ឃឲ្យនិវត្តមកកាន់នគរកបិលព័ស្តុ តាមសេចក្តីអារាធនារបស់ព្រះ ស្រីសុទ្ធោទន៍ ពុទ្ធបិតា។ កាលព្រះពុទ្ធយាងមកដល់ និងក្រោយពុទ្ធបិតាទ្រង់ផ្ចង់អញ្ចលីគោរពថ្វាយបង្គំព្រះដ៏មានបុណ្យស្រាប់តែមេឃបង្អុរភ្លៀងបោក្ខរីពស៌ ដ៏អស្ចារ្យគឺនរណាចង់ទទឹកទើបទទឹក នរណាពុំចង់ទទឹកគឺឥតទទឹកឡើយ។ គឺដោយហេតុដ៏អស្ចារ្យនៃភ្លៀងសួគ៌នេះដែលបណ្តាលឲ្យព្រះពុទ្ធទ្រង់សម្តែងធម្មទេសនារឿងព្រះវេស្សន្តរនោះថា៖
           កាលណោះព្រះបាទសិរិមហារាជ សោយរាជ្យនៅនគរជេតុត្តរសិរីរដ្ឋ ទ្រង់មានព្រះរាជបុត្រមួយព្រះអង្គព្រះនាមសញ្ជ័យ។ ព្រះរាជាទ្រង់អភិសេកព្រះសញ្ជ័យជាមួយនាងសុបារសុប្បតី (ផុស្សតី) ជារាជបុត្រីនៃព្រះបាទមទ្ទរាជនៃនគរមទ្ទរដ្ឋ។
         បុព្វប្រវត្តិនៃនាងផុស្សតីនោះគឺថានៅចុងកប្បទី៩១ នាងនេះជារាជបុត្រីនៃព្រះបាទពុន្ធុមរាជ នគរពុទ្ទុមតី។ នាងបានបូជាលម្អិតខ្លឹមចន្ទន៍ចំពោះព្រះពុទ្ធវិបស្សី។ ដោយផល្លានិសង្សនេះ នាងមានក្លិនក្រអូប។ ទីបំផុតនាងបានទៅជាអគ្គមហេសីនៃព្រះឥន្ទ្រាធិរាជ។ កាលដល់កំណត់ជន្មាយុព្រះឥន្ទ្រជ្រាបថានាងនឹងច្យុតចាកទេវលោកព្រះអង្គក៏ប្រទានពរ១០ប្រការ (ទសពរ) ចំពោះនាងតាមសេចក្តីប្រាថ្នាគឺ៖

  1. ឲ្យបានជាអគ្គមហេសីនៃព្រះបាទស្រីសញ្ជ័យនានគរជេតុត្តរ
  2. ឲ្យមានភ្នែកល្អ មានភូមោកោងទ្រទេសទ្រទួយដូចបង្គួយកៅទណ្ឌ
  3. ឲ្យមានឈ្មោះថាផុស្សតីដដែល
  4. ឲ្យមានកូនប្រុសមួយមានកតិ្តនាមល្បីល្បាញ
  5. ពេលមានគភ៌សូមឲ្យមានផ្ទៃពោះរាបស្មើល្អ ដូចរូបប្រក្រតី
  6. កុំឲ្យមានដោះសណ្តាយ
  7. កុំឲ្យមានសក់ស្កូវ
  8. ត្រូវមានសាច់សម្បុរស្បែកម៉ដ្ឋខៃល្អដូចសាច់ពពិលមាស
  9. ឲ្យមានអំណាចដោះទុក្ខទោសរបស់មនុស្ស សត្វទាំងឡាយ
  10. ឲ្យមានបក្សី គឺហង្ស ក្រៀល ក្ងាន បន្លឺនូវសព្ទល្វេងល្វើយនាព្រះរាជមន្ទីរ
         ព្រះនាងផុស្សតីច្យុតចាកទេវលោកមកកើតក្នុងផ្ទៃនៃព្រះអគ្គមហេសីរបស់ព្រះបាទមទ្ទរាជ។ នាងមានក្លិនកាយក្រអូបដូចខ្លឹមចន្ទន៍ទើបគេថ្វាយព្រះនាមផុស្សតី។ ព្រះបាទសិរីមហារាជទ្រង់ប្រោសអភិសេកនាងឲ្យជាអគ្គមហេសីនៃព្រះបាទស្រីសញ្ជ័យរាជបុត្រ របស់ព្រះអង្គ។ កាលនោះព្រះពោធិសត្វយាងចុះពីឋានត្រៃត្រឹង្សមកចាប់បដិសន្ធិក្នុងផ្ទៃនាងផុស្សតី។ តាំងពីមានគភ៌កាលណាព្រះនាងផុស្សតីចំណាយព្រះរាជទ្រព្យ៦ម៉ឺនគហាបណៈរាល់ថ្ងៃ ដើម្បីព្រះរាជទានក្នុងសាលាទានទាំងបី។ នៅពេលគ្រប់ទសមាស ព្រះនាងយាងប្រទក្សិណនគរ ក៏ស្រាប់តែប្រសូតព្រះពោធិសត្វនៅចន្លោះផ្លូវនៃពួកឈ្មួញទើបគេថ្វាយនាមព្រះរាជទារកថា ព្រះវេស្សន្តរ។ ក្នុងថ្ងៃព្រះពោធិសត្វប្រសូតមកមានមេដំរីមួយបាននាំកូនដំរីសសុទ្ធមកទុកថ្វាយក្នុង កន្លែងដំរីមង្គល។ គេដាក់នាមដំរីនោះថា បច្ច័យនាគេន្ទ្រ។ នៅពេលព្រះជន្មបាន៥ឆ្នាំព្រះពោធិសត្វ ប្រទាននូវប្រដាប់ប្រដារកុមារ មានតម្លៃ១សែនគហាបណៈដល់មេនំគម្រប់៩ដង កាលព្រះជន្មបាន៨ឆ្នាំទ្រង់ប្រាថ្នាឲ្យបេះដូង ភ្នែក សាច់ ឈាមជាទានហៅថាអជ្ឈត្តិកទាន។ ព្រះជន្មបាន១៦វស្សា ព្រះបិតាទ្រង់ផ្សំផ្គុំនាងមទ្រីជាមាតុលធីតាអំពីមទ្ទរដ្ឋឲ្យជាអគ្គមហេសី ហើយទ្រង់ដាក់រាជ្យថ្វាយឲ្យគ្រប់គ្រងនគរតរៀងមក។ ចំណេរកាលមកនាងមទ្រីប្រសូតបានព្រះ រាជបុត្រមួយដាក់នាមថា ជាលី រួចប្រសូតបានបុត្រីមួយដាក់នាមថា កណ្ហាជិនា (ក្រស្ណា)។
         គ្រាមួយដែន ក្លឹង្គរាស្រ្ត កើតទុរភិក្សរាំងភ្លៀង រាំងភ្លៀង អត់បាយ។ អ្នកនគរចាត់ឲ្យព្រាហ្មណ៍ ៨នាក់ទៅសុំដំរីមង្គលពីព្រះវេស្សន្តរ។ ព្រះពោធិសត្វក៏សព្វព្រះទ័យប្រោសប្រទានដំរីព្រមទាំង គ្រឿងប្រដាប់ទៅស្មូម។ ពេលនោះអ្នកស្រុកស្រីពិរាស្រ្តនាំគ្នាខឹង សុំព្រះរាជាឲ្យបំបរបង់ព្រះ វេស្សន្តរចេញពីនគរ។ ព្រះបាទស្រីសញ្ជ័យពុំយល់ព្រមតាម តែអ្នកស្រុកពុំសុខចិត្ត។ ទីបំផុតព្រះវេស្សន្តរសម្រេចព្រះទ័យថានឹងចេញពីនគរ ទៅបួសនៅក្នុងព្រៃភ្នំគិរីវង្គត។ ព្រះអង្គហៅនាងមទ្រីមកផ្តែផ្តាំ ប៉ុន្តែព្រះនាងទទូចសុំទៅតាមបម្រើព្រះស្វាមីតែមួយមុខ។
         ព្រះនាងផុស្សតីអាឡោះអាល័យបុត្រ។ នាងយាងទៅអង្វរសុំទោសស្វាមីឲ្យព្រះរាជទាន ទោសឲ្យព្រះវេស្សន្តរ តែពុំបានសម្រេច។ តមកព្រះវេស្សន្តរប្រារព្ធធ្វើសត្តសតកមហាទានគឺមាន ចំនួន៧រយៗគម្រប់៧មុខ។
         ព្រះនាងផុស្សតីសុំឃាត់នាងមទ្រីជារាជសុណិសាឲ្យនៅក្នុងនគរ។ នាងមទ្រីមិនព្រម ដោយបានរៀបរាប់ពីធម្មជាតិអាក្រាត៣មុខថ្វាយព្រះមាតាស្តាប់គឺ៖

  • ទន្លេគ្មានទឹក ហៅថា ទន្លេអាក្រាត
  • ដែនគ្មានស្តេច ហៅថា ដែនអាក្រាត
  • ស្រីមេម៉ាយ ហៅថា ស្រីអាកា្រត
         តមកព្រះវេស្សន្តរមួយអន្លើ និងនាងមទ្រីបុត្រទាំងពីរថ្វាយបង្គំលាមាតាបិតាយាងចេញពី នគរ។ ព្រះពោធិសត្វទ្រង់ប្រទានសេះទាំង៤ទៅព្រាហ្មណ៍៤នាក់ និងរាជរថទៅព្រាហ្មណ៍ម្នាក់​ ទៀតតាមផ្លូវ។ ទីបញ្ចប់ទ្រង់ពបាជាលី នាងមទ្រីពចៅក្រស្ណាយាងព្រះបាទបន្តផ្លូវទៅមុខទៀត។
         ព្រះវេស្សន្តរ មហេសី និងបុត្រយាងដល់មាតុលនគរ។ ពួកអ្នកចេតរាស្រ្តចេញមកទទួល ហើយព្រមព្រៀងថ្វាយរាជសម្បត្តិចំពោះព្រះវេស្សន្តរ ប៉ុន្តែព្រះអង្គពុំទទួល។ ស្តេចចេតរាស្រ្តនាំគ្នា​រៀបជូនដំណើរព្រះពោធិសត្វទៅដល់ទ្វារភ្នំគិរីវង្គត ហើយរើសកូនប្រុសអ្នកស្រុកម្នាក់ឈ្មោះ ចេតបុត្រឲ្យចាំនាច្រកភ្នំដើម្បីការពារសេចក្តីសុខចំពោះព្រះវេស្សន្តរ។ ក្សត្រទាំង៤អង្គយាងដក់ឆ្នេរ​ស្រះបោក្ខរណីបានឃើញអាស្រមបទដែលសក្កទេវរាជនិមិត្តថ្វាយ ក៏នាំគ្នាចូលគង់នៅជាមួយឥសី​ក្នុងទីនោះទៅ។
         និយាយពីព្រាហ្មណ៍ម្នាក់ឈ្មោះជូជក នៅស្រុកទុន្នវិដ្ឋព្រាហ្មណ៍គ្រាមសន្សំប្រាក់បាន១០០​គហាបណៈយកទៅផ្ញើនឹងត្រកូលព្រាហ្មណ៍មួយ។ ត្រកូលព្រាហ្មណ៍នោះចាយប្រាក់ជូជកអស់ ក៏សុខចិត្តលើកកូនស្រីឈ្មោះនាងអមិត្តតាបនាឲ្យធ្វើជាប្រពន្ធជូជក។
         ថ្ងៃមួយពួកព្រាហ្មណ៍ក្មេងៗបានចោមរោមវាយនាងអមិត្តតាបនាដោយក្តីច្រណែន នាងនេះបានលេស ក៏៏លែងបម្រើប្តីចាស់ ហើយបង្ខំតាជូជកឲ្យទៅសុំកូនព្រះវេស្សន្តរមកបម្រើនាង។ ជូជកធ្វើដំណើរទៅកាន់ភ្នំគិរីវង្គត។ ចេតបុត្រឃើញព្រាហ្មណ៍ចាស់ត្រូវឆ្កែដេញខាំរត់ឡើងចុងឈើ ក៏ទាញព្រួញបម្រុងនឹងបាញ់ប្រហារ។ ជូជកកុហកថាខ្លួនជារាជទូតព្រះបាទស្រីសញ្ជ័យ។ ចេតបុត្រ​ជឿក៏អញ្ជើញជូជកចុះមកជប់លៀង។
         ក្រោយការជប់លៀងចេតបុត្ររៀបរាប់ដំណើរទៅកាន់ភ្នំគិរីវង្គតឲ្យជូជកស្តាប់។ តមកជូជក​លាចេតបុត្រធ្វើដំណើរទៅដល់អាស្រម អច្ចុតមហាឫសី។
         អច្ចុតមហាឫសីទទួលជូជករូចក៏រៀបរាប់ប្រាប់ពីផ្លូវទៅកាន់អាស្រមព្រះវេស្សន្តរ។
         ជូជកទៅដល់អាស្រមនៅពេលរសៀល។ តាជីនៅសំណាក់ជើងភ្នំមួយយប់រង់ចាំព្រឹកស្អែក​នឹងចូលទៅសុំបុត្រពីព្រះវេស្សន្តរ។
         រាត្រីនោះនាងមទ្រីយល់សុបិននិមិត្តឃើញបុរសម្នាក់ទាបខ្មៅស្លៀកពាក់សំពត់អម្ចត់ត្រឹម​ជង្គង់សៀតផ្កាចារនៅត្រចៀក កាន់អាវុធមុតថ្លា ចូលមកចាប់ផ្តួលនាងឆ្កៀលយកភ្នែកទាំងពីរកាត់​យកព្រះអង្សាទាំងសងខាង ពុះទ្រូងរូងយកថ្លើមបេះដូងទៅ។ ព្រះនាងតើនឡើងភិតភ័យតក្កមា ទើបព្រះនាងយាងយាត្រាចូលទៅរកស្វាមីគោះទ្វារអាស្រមបរមកុដិទាំងរាត្រី។ ព្រះវេស្សន្តរកាត់​សប្តិថាជាការល្អទេ។
         ព្រឹកឡើងនាងមទ្រីនាំបុត្រទាំងពីរទៅផ្ញើនឹងស្វាមីរួចចេញទៅបេះផ្លែផល្លាទាំងអារម្មណ៍​ពិភាល់យ៉ាងខ្លាំងអំពីសុបិននិមិត្ត។ ជូជកចូលមកសុំចៅក្រស្ណា និងបាជាលី។ រាជកុមារទាំងពីរភិត​ភ័យនាំគ្នារត់ទៅពួនឯស្រះឈូក។ ជូជកចាប់កុមារទាំងពីរទៅចងវាយវាត់នៅចំពោះព្រះភក្រ្តព្រះ​វេស្សន្តរ។ ព្រះពោធិសត្វទប់ព្រះទ័យពុំទាន់ ទ្រង់ចាប់ធ្នូសរបម្រុងនឹងប្រហារព្រាហ្មណ៍ចោល តែទ្រង់ទប់បានវិញ។ ជូជកនាំកុមារចេញទៅ។
         និយាយពិនាងមទ្រីចេញទៅបេះផ្លែឈើពុំបានសោះ។ នាងជួបប្រទះនូវខ្យល់ព្យុះ ភ្លៀងផ្គរ ហើយចេះតែមានភេទចម្លែកៗដូចជារកាំភ្នែកឆ្វេង កម្រើកភ្នែកស្តាំ ធ្លាក់សង្រែកពីស្មា ធ្លាក់ទំពក់ពី​ដៃ។ នាងពុំអាចវិលមកអាស្រមបានព្រោះទេវបុត្រចុត្យនិមិ្មតកាយជារាជសីហ៍១ ខ្លាធំ១ ខ្លាដំបង១រាំងផ្លូវនាង។ លុះព្រលប់ទើបទេវបុត្រកាឡាខ្លួនចេញទៅអស់ នាងវិលមកកាន់អាស្រម។ នាងមទ្រីបាត់ពុំឃើញបុត្ររត់មកទទួលដូចប្រក្រតី។ នាងភិតភ័យខំស្រែកហៅក៏ពុំឃើញ។ នាង​សួរព្រះស្វាមីក៏ព្រះអង្គពុំឆ្លើយតប នាងមទ្រីសោយសោកលុះដួលសន្លប់បាត់ស្មារតី។ ព្រះវេស្សន្តរស្ទុះមកត្រកងបីយកទឹកស្រពព្រះភក្ត្រឲ្យនាងដឹងខ្លួនវិញ ទើបទ្រង់លួងលោមប្រាប់ថា ព្រះអង្គបានប្រទានបុត្រទៅជូជកហើយ។ នាងមទ្រីអនុមោទនាបុត្តទានក្នុងខណៈនោះមក។
         និយាយពីព្រះឥន្ទ្រាធិរាជទ្រង់ចុះមកកាឡាខ្លួនជាព្រាហ្មណ៍ម្នាក់ដើរចុឡមកអាស្រមព្រះ​វេសន្សន្តរដើម្បីបំពេញភរិយាទានរបស់ពោធិសត្វ។ ព្រះនាងមទ្រីយល់អាធ្យាស្រ័យស្វាមីក៏យល់​ព្រមឲ្យព្រះវេស្សន្តរដាក់ទាននាងទៅឥន្ទ្រព្រាហ្មណ៍។ ព្រះឥន្រ្ទទ្រង់សរសើរព្រះទ័យសប្បុរសរបស់​ពោធិសត្វហើយទ្រង់បានប្រគល់នាងមទ្រីថ្វាយទៅព្រះវេស្សន្តរវិញ។ ខណៈនោះព្រះវេស្សន្តរបាន​សុំពរពីព្រះឥន្ទ្រ៨ប្រការគឺ៖

  1. សូមឲ្យព្រះវររាជបិតាស្តេចមកនាំពួកយើងខ្ញុំត្រឡប់ទៅនគរវិញ
  2. សូមឲ្យមានអំណាចអាចដោះទុក្ខទោសរបស់សត្វទាំងឡាយឲ្យផុតពីក្តីស្លាប់
  3. សូមឲ្យបានជួយសង្គ្រោះដល់ជនកំសត់ ទុគ៌តផុតពីក្តីក្រលំបាក
  4. សូមកុំឲ្យមានចិត្តត្រេកត្រអាលខាងផ្លូវកាមគុណជាអកុសល
  5. សូមឲ្យចៅជាលី និងនាងកណ្ហាជិនាបានគ្រប់គ្រងបុរីពិជ័យជេតុត្តរ
  6. សូមឲ្យមានអាហារទិព្វកើតឡើងរៀងរាល់ថ្ងៃ
  7. សូមឲ្យការបរិច្ចាគទានកុំបីមានខ្វះខាតឡើយ
  8. សូមឲ្យរំលងខន្ធទៅបានទៅកើតនៅក្នុងឋានតុសិតទេវលោកកុំបីខានឡើយ
         ជូជកបានដើរអស់១៥ថ្ងៃ ហើយទីបំផុតគឺវង្វេងផ្លូវទៅកាន់ក្រុងជេតុត្តរ។ ព្រះបាទស្រីសញ្ជ័យ​ទតឃើញព្រាហ្មណ៍ចាស់បណ្តើរក្មេងតូចៗទ្រង់បញ្ជាឲ្យហៅមកគាល់។ ពួកអាមាត្យមុខមន្ត្រីបាន​ស្តាប់ជូជកថ្លែងរឿងប្រាប់ក៏ចោទប្រកាន់ថ្កោលទោសព្រះវេស្សន្តរថាមិនគួរលើកកូនឲ្យជាទាន​សោះ។ ជាលីក្រស្ណាបានដោះសារការពារព្រះបិតា។ ព្រះបាទស្រីសញ្ជ័យត្រាស់ឲ្យលោះព្រះរាជ​អនត្តោអនត្តាពីជូជក ហើយទ្រង់ឲ្យរៀបពិធីទទួលព្រលឹងទៅ។ ជាលីបានក្រាបទូលអំពីទុក្ខលំបាក​របស់មាតាបិតានៅក្នុងព្រៃ។ ព្រះស្រីសញ្ជ័យសម្រេចនាំរេហ៍ពលទៅតាមរាជបុត្រវិលមកនគរវិញ។
        ចំណែកជូជកក្រោយដែលបានទទួលព្រះរាជទានរង្វាន់ហើយដោយសារគាត់អត់ឃ្លានមកយូរ​ថ្ងៃ គាត់ក៏បរិភោគអាហារច្រើនហួសប្រមាណ ភ្លើងធាតុមិនអាចរំលាយឲ្យរលួយបាន គាត់ក៏រលត់​សង្ខារក្នុងគ្រានោះហោង។
         ព្រះបាទស្រីសញ្ជ័យ នាងផុស្សតី រាជវង្សានុវង្ស និងអស់លោកអាមាត្យមន្ត្រីព្រមទាំងកុមារ​ទាំងពិរបានចេញដំណើរទៅកាន់ភ្នំគិរីវង្គត។ ក្សត្រទាំង៦អង្គក៏បានជួបជុំគ្នាដូចប្រាថ្នា ហើយ​សំណេះសំណាល យំសោក ត្រាតែសន្លប់អស់ ខណៈនោះមហាមេឃបង្អុរភ្លៀងបោក្ខរពស៌មកធ្វើឲ្យក្សត្រទាំង៦ និងសេនា អាមាត្យមុខមន្ត្រីដឹង​ស្មារតីវិញ។ អស់មុខមន្ត្រីក្រាបថ្វាយបង្គំព្រះវេស្សន្តរ និងនាងមទ្រីសូមឲ្យស្តេចត្រឡប់ព្រះនគរ​ថ្កានសោយរាជ្យសម្បត្តិវិញ។
         ក្រោយនោះព្រះវេស្សន្តរ និងនាងមទ្រីលាព្រះផ្នួស។ ព្រះបាទស្រីសញ្ជ័យបានសុំទោសបុត្រ ហើយទ្រង់លួងលោមបុត្រដោយប្រការផ្សេងៗ មុខចតុរង្គសេនាក៏ដង្ហែព្រះពោធិសត្វរាជវង្សានុ​វង្ស​ចូលនគរវិញដោយសុវត្ថិភាព។
         ព្រះវេស្សន្តរសោយរាជ្យជាសុខរហួតមកដល់សោយទិវង្គតបានទៅកើតនៅឋានតុសិតមាន​នាមថាសន្តុសិតទេវបុត្រ។
         ព្រះរាជវង្សានុវង្ស និងនាម៉ឺនសព្វមុខមន្ត្រីបានចាត់ការធ្វើពិធីរាជាភិសេកព្រះជាលី និងកណ្ហា​ជិនាជាមហាក្សត្រតរៀងមក៕

  • ប្រធានរឿង៖ ព្រះវេស្សន្តរជាជាតិកំណើតពោធីសត្វចុងក្រោយបង្អស់របស់ព្រះពុទ្ធ។ ក្នុងរឿងនេះព្រះពោធិសត្វមាននាមថា "វេស្សន្តរ"។ ឯដំណើររឿងទាំងមូលបានលាតត្រដាង​ពីដំណើរជីវិតព្រះអង្គដែលផ្សារភ្ជាប់តែ "ការដាក់ទាន" តែប៉ុណ្ណោះ។ ដូចនេះយើងអាច​កំណត់ប្រធានរឿងបានថា "ការបំពេញទានបារមីរបស់ព្រះពោធីសត្វព្រះនាមវេស្សន្តរ"។ (ការបំពេញទានបារមីនេះ គឺជាការបំពេញមហាបរិច្ចាគ៥គឺ ធនបរិច្ចាគ បុត្តបរិច្ចាគ ភរិយាបរិច្ចាគ អង្គបរិច្ចាគ និងជីវិតបរិច្ចាគ។
  • មូលបញ្ហារឿង៖ តាមរយៈសាច់រឿងព្រះវេស្សន្តរឃើញថា ការបរិច្ចាគទានទាំង៥នេះមនុស្ស ធម្មតាមិនអាចធ្វើបានទេ។ ដូចនេះការបំពេញទានបារមីរបស់ព្រះវេស្សន្តរអាចសម្រេចបាន​ដោយរបៀបណា? ហើយការបរិច្ចាគទាំងនេះជាការងារធម្មតាចំពោះព្រះអង្គ ឬវាស្ថិតក្នុង​ដំណាក់កាលតស៊ូព្យាយាមដែរ ឬទេ? តាមរយៈដំណើររឿងយើងឃើញថាថ្វីត្បិតតែព្រះ​វេស្សន្តរជាទេវបុត្រដែលច្យុតមកលើផែនដីដើម្បីបំពេញទានបារមីក៏ដោយ ក៏ការបំពេញទាន​នោះវាមិនមែនជាការងារធម្មតារបស់ព្រះអង្គឡើយ ព្រោះពេលដែលបំពេញទានព្រះអង្គជា "មនុស្ស" ពោលគឺមិនទាន់ក្លាយជាព្រះឡើយ។

(សម្រាប់អ្នកដែលចង់ប្រឡងសិស្សពូកែសូមយកចិត្តទុកដាក់រឿងនេះឲ្យមែនទែន ព្រោះគេអាចចេញប្រឡង។)

Comments

  1. អរគុណសម្រាប់ការបកស្រាយដែលច្បាស់ល្អណាស់

    ReplyDelete

Post a Comment

Popular posts from this blog

ភាសាខ្មែរមានប្រភពមកពីភាសាបាលីសំស្ក្រឹត (ប្រធានបែបពិភាក្សា)

រឿង គូលីកំណែន

រឿង កុលាបប៉ៃលិន

រឿង មាលាដួងចិត្ត

មានតែចំណេះវិជ្ជាទេ ដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន (ប្រធានបែបពន្យល់)