រឿង ពស់កេងកង

        កាលពីព្រេងនាយនៅលើដីយើងនេះ គ្រប់ស្រុកទាំងអស់មិនមានពស់ពិស និងពស់ឥតពិសទេមានតែពស់​កេងកង។
        មាននិទានថា៖ កាលពីដើមឡើយមានមនុស្ស២នាក់ប្តីប្រពន្ធ ប្រពន្ធឈ្មោះនាងនី មានកូនស្រីឈ្មោះនាងអេត។ ប្តីនោះទៅជួញអង្កាំបាត់ជាយូរអង្វែង។ ថ្ងៃមួយអស់បងប្អូនផ្ទះជិតខាងគេបបួលគ្នាទៅរកអុស។ ឯនាងនីលឺគេបបួលគ្នា ក៏ទៅជាមួយនឹងគេដែរ យកនាងអេតជាកូនទៅជាមួយផង លីដឹងចូលទៅក្នុងព្រៃបានឃើញអុសមួយធំ។ នាងនីយកដឹងពុះអុស លុះពុះយូរបន្តិចទៅ ដឹងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់។ នាងនីមើលទៅឃើញដឹង និងពស់កេងកង ក៏និយាយនឹងពស់កេងកង ក៏និយាយនឹងពស់នោះឲ្យហុចដឹងឲ្យ។ ឯពស់កេងកងឆ្លើយឡើងថា “អើ! បើនាងឯងដោយអញធ្វើជាប្រពន្ធអញ ទើបអញឲ្យដឹង បើនាងឯងមិនដោយអញមិនធ្វើជាប្រពន្ធអញនោះ អញមិនឲ្យដឹងទេ”។ នាងនីលឺពស់កេងកងថាដូច្នេះហើយ ហេតុតែជាស្រីខូចក៏ទទួលព្រមថា “អើ! លែងតែអ្នកឯងឲ្យដឹងមកខ្ញុំចុះ ចាំល្ងាចសឹមខ្ញុំឲ្យមេអេតមកហៅ”។ ពស់កេងកងលឺនាងនីថាដូច្នេះ ក៏ឲ្យដឹងមក។ នាងនីផ្តាំថា “ដល់ល្ងាចសឹមឲ្យមេអេតមកហៅ” ហើយនាងនីក៏ទូលអុសទៅផ្ទះជាមួយមេអេត លុះដល់ព្រលប់នាងនីក៏ប្រើនាងអេតជាកូនទៅហៅពស់កេងកង។ នាងអេតទៅដល់មាត់រន្ធពស់ស្រែកថា
“ពស់កេងកងៗ! នាងនីឲ្យហៅ”។ ពស់កេងកងលឺហើយចេញមក។ នាងអេតឃើញពស់ក៏ភ័យព្រឺស្ញើបអស់ទាំងខ្លួន ប៉ុន្តែខ្លាចម្តាយព្រោះម្តាយប្រើមក ក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះ។ ពស់នោះធំណាស់លូនលើស្មៅបាក់រាបអស់ ដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនឹងនាងនី។ នាងនីនិយាយនឹងពស់កេងកងថា “ខ្ញុំមានប្តីឥឡូវនេះគាត់ទៅជួញអង្កាំពីរបីឆ្នាំមកម្តងៗ”។ ពស់កេងកងសួរថា “ប្តីនាងឯងនៅប៉ុន្មានថ្ងៃ ប៉ុន្មានខែទៀតនឹងមកដល់?”។ នាងនីឆ្លើយថា “មិនដឹងជាប៉ុន្មានខែប៉ុន្មានថ្ងៃទៀតមកដល់ទេ” ពស់កេងកងលានាងនីទៅរូងវិញ។ នាងនីផ្តាំថា “បើប្តីខ្ញុំមកខ្ញុំមិនឲ្យមេអេតទៅហៅទេអ្នកកុំមក បើប្តីខ្ញុំមិនទាន់មកនោះខ្ញុំប្រើមេអេតឲ្យទៅហៅអ្នក សឹមអ្នកមក”។ ពស់កេងកងក៏ទៅរូងវិញទៅ។ រាល់តែល្ងាចនាងនីប្រើមេអេតឲ្យទៅហៅពស់កេងកង។ នាងអេតខ្លាចម្តាយក៏ទៅហៅតាមពាក្យម្តាយប្រើ ប៉ុន្តែក្នុងចិត្តខ្លាចពស់នោះណាស់ ដ្បិតពស់នោះធំហើយវែងផង។ មួយទៀតខឹងក្នុងចិត្តដ្បិតម្តាយសហាយនឹងពស់។ នាងអេតទៅដល់មាត់រូងហៅថា “ពស់កេងកងៗ! នាងនីឲ្យហៅ”។ ពស់កេងកងលឺក៏លូនចេញមក​ហើយឆ្លើយថា "អេតអឺយអេត! បើអញទៅ ឪពុកអេតនៅកាត់កអញដាច់"។ នាងអេតឆ្លើយថា "ឪពុកអញទៅ ជួញអង្កាំពីរបីឆ្នាំមិនទាន់មកដល់"។ ពស់កេងកងលឺនាងអេតប្រាប់ដូច្នោះក៏លូន​ចេញអំពីរន្ធមក ហើយចេះតែទៅតែសព្វថ្ងៃ។ នាងនីសហាយពស់កេងកងទាល់តែផើម។ ដល់យូរ​បន្តិចទៅប្តីនាងនីមកពីជួញអង្កាំវិញ ឃើញនាងនីពោះធំនឹងសង្ស័យក៏សួរនាងអេតជាកូន។ នាង​អេតប្រាប់ថា "ម៉ែគាត់សហាយជាមួយនឹងពស់កេងកងតែវេលាយប់ព្រលប់កាលណាឲ្យខ្ញុំទៅហៅ​តែសព្វថ្ងៃ"។ ឪពុកលឺនាងអេតប្រាប់ដូច្នោះ ក៏និយាយនឹងនាងអេតថា "ដល់ល្ងាចហងឯងទៅ​ហៅ​ពស់នោះមកទៀត អញចាំកាប់វានៅមាត់ទ្វារ ហើយហងឯងកុំឲ្យម្តាយហងឯងដឹង"។ ឯនាងអេត​លុះដល់ព្រលប់ក៏ទៅហៅពស់កេងកងថា "ពស់កេងកងៗ! នាងនីឲ្យហៅ"។ ពស់កេងកងលឺហើយ​ឆ្លើយថា "អេតអឺយអេត! បើអញទៅ ឪពុកអេតនៅកាត់កអញដាច់"។ នាងអេតឆ្លើយថា "ឪពុកអញ​ទៅជួញអង្កាំពីរបីឆ្នាំមិនទាន់មកដល់"។ ពស់កេងកងលឺនាងអេតប្រាប់ដូច្នោះស្មានថាឪពុកមិន​ទាន់មកពីជួញអង្កាំមែន ក៏ទៅដូចសព្វថ្ងៃ។ ឯឪពុកនាងអេតកាន់ដាវពួននៅមាត់ទ្វារចាំកាប់។ ពស់​កេងកងលូនចូលក្នុងទ្វារបន្តិច ឪពុកនាងអេតកាត់ដាច់ ហើយកាត់មួយកំណាត់ខាងកន្ទុយយកទៅ​ដាក់លើស្កាក មួយកំណាត់ខាងក្បាលយកទៅដាក់លើមែកពុទ្រា ឯកណ្តាលខ្លួនឲ្យនាងអេតយក​ទៅពន្លះពន្លាត់ស្បែកចោល ហើយផ្តាំថា "កុំឲ្យម្តាយហងឯងដឹងតែត្រូវទុកសាច់ស្លឲ្យម្តាយហងឯង​ស៊ី"។ ឪពុកនាងអេតក៏លាងឈាមពស់ជ្រះអស់មិនឲ្យមានសល់។ ឯនាងនីពុំបានដឹងប្តីកាប់ពស់ជា​សហាយស្លាប់ទេ ព្រោះពេលនោះនាងនីមិននៅ ទៅសួរបងប្អូននៅផ្ទះឆ្ងាយ។ លុះព្រឹកឡើងនាង​អេតយកសាច់ពស់មកស្លទុកឲ្យនាងនីជាម្តាយស៊ី។ នាងនីឃើញសម្លខ្លាញ់រលើបទាំងចានទាំង​ឆ្នាំង ក៏សួរនាងអេតថា "បានសាច់អ្វីស្លអេត?"។ នាងអេតប្រាប់ថា "សាច់ជ្រូក"។ នាងនីគិតស្មានថា​សាច់ជ្រូកមែនក៏ឲ្យដួសសម្លយកមកស៊ីបាយ។
        កាលនាងអេតដួសសម្លយកមកឲ្យនាងនីជាម្តាយស៊ី នោះមានក្អែកមួយវាឃើញក្បាលពស់​ដាក់នៅលើមែកពុទ្រា វាចង់ស៊ីសាច់ពស់វាបូលថា "ក៏ឡូវៗក្លេមក្លមលេបសាច់ប្តីឯង"។ នាងនី​កំពុងស៊ីបាយ លឺក្អែកបូលដូច្នោះក៏មើលទៅលើដើមពុទ្រា ឃើញក្បាលពស់កេងកងលើមែក ហើយនាងនីនឹកអាណិតស្រក់ទឹកភ្នែក តែនាងនីពុំហ៊ានយំព្រោះខ្លាចប្តីដែលអង្គុយស៊ីបាយជាមួយ​គ្នា។ ប្តីឃើញនាងនីស្រក់ទឹកភ្នែកក៏សួរថា "ហេតុដូចម្តេចបានជាស្រក់ទឹកភ្នែក?" នាងនីឆ្លើយថា "ស៊ីបាយក្តៅ សម្លក្តៅ រលឹកកូនចៅ រលោងទឹកភ្នែក"។ ឯក្អែកនោះចេះតែបូល "ក៏ឡូវៗ ក្លេមក្លម​លេបសាច់ប្តីឯង ក្បាលដាក់លើមែកពុទ្រា កន្ទុយដាក់លើស្កាក"។ នាងនីមើលទៅលើស្កាកឃើញ​កន្ទុយពស់កេងកងនៅទីនោះ។ ឯប្តីនាងនីដឹងថាប្រពន្ធសហាយនឹងពស់កេងកងពិតប្រាកដក៏នឹក​ក្នុងចិត្តខឹងចង់សម្លាប់ប្រពន្ធ ប៉ុន្តែធ្វើមិនឲ្យនាងដឹងខ្លួន។ ដល់នាងនីផើម ចាស់ផ្ទៃជិតនឹងសំរាលប្តី​បបួលទៅកក់សក់នៅមាត់បឹង លុះដើរទៅដល់មាត់បឹងប្រាប់ប្រពន្ធថា "ទៅទឿតឲ្យឆ្ងាយពីស្រុកគេ​យើងកក់សក់លេងឲ្យសប្បាយម្តង"។ នាងនីមិនដឹងខ្លួន ជាប្តីគិតសម្លាប់ខ្លួន ស្មានថាប្តីនាំទៅកក់​សក់មែនក៏ដើរចូលទៅក្នុងព្រៃឆ្ងាយទៅ។ លុះឃើញកំពង់មួយរាបស្អាត វាលល្អប្តីប្រាប់ប្រពន្ធថា "កំពង់នេះរាបសប្បាយ យើងឈប់កក់សក់នៅនេះចុះ"។ ឯនាងនីមិនដឹងថាប្តីគិតសម្លាប់ខ្លួន ក៏​អង្គុយកក់សក់នៅមាត់ច្រាំង។ ប្តីនោះក៏ហូតដាវកាប់នាងពីក្រោយខ្នងមិនឲ្យដឹងខ្លួន ដាច់ពាក់​កណ្តាលខ្លួនស្លាប់ទៅ។ ពេលនោះឃើញសុទ្ធតែកូនពស់់លូនចេញពីពោះនាងមក។ ប្តីនាងនីក៏​កាប់កូនពស់នឹងដាវខ្លះ កាប់មិនទាន់ក៏លូនចូលទៅក្នុងក្រហែងដី ខ្លះមុជក្នុងទឹក ខ្លះលូនចូលក្នុង​ព្រៃ។ ព្រោះហេតុនេះបានជាមានពស់ច្រើនបែបច្រើនយ៉ាងមកដល់ឥឡូវនេះ។

"ឃ្លាតឆ្ងាយ ណាយចិត្ត"

Comments

Popular posts from this blog

រឿង មាយើង

រឿង ពុទ្ធិសែននាងកង្រី

រឿង កុលាបប៉ៃលិន

រឿង គូលីកំណែន

មានតែចំណេះវិជ្ជាទេ ដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន (ប្រធានបែបពន្យល់)