រឿង រាមកេរ្តិ៍ [៣]



         ពេលដឹងថាព្រះលក្ស្មណ៍រួចជីវិតឡើងវិញ ក្រុងរាពណ៍បានហោះទៅលើកំពូលភ្នំដើម្បីស្លពិស​នាគសម្រាប់សម្លាប់ទ័ពព្រះរាម។ ពិភេកគន់គូរដឹងដំណើរហេតុផលនេះក៏ប្រាប់ទៅព្រះរាមៗប្រើ​ហនុមានឲ្យទៅបំផ្លាញមន្តអាគមរបស់ក្រុងរាពណ៍លុះត្រាសម្រេច។ ក្រុងរាពណ៍ខឹងខ្លាំងណាស់ក៏​ចាត់ឲ្យឥន្ទ្រជិតចេញច្បាំង។ ឥន្ទ្រជិតកាឡាខ្លួនជាពពក ហើយទ័ពយក្សសម្លាប់ទ័ពស្វាអស់ជា​ច្រើន។ ព្រះរាម ព្រះលក្ស្មណ៍អស់សង្ឃឹមព្រោះមើលទ័ពយក្សមិនឃើញសោះ ក៏បន់ស្រន់ទេវតា​សូមឲ្យមើលទ័ពសត្រូវឃើញ។ ការបន់ស្រន់បានសម្រេចហើយ ព្រះលក្ស្មណ៍ក៏បានថ្លែងសរ​សម្លាប់នាគឥន្ទ្រជិតក្នុងពេលនោះទៅ។ រាពណ៍ខឹងពេកក៏សម្រេចចិត្តយកនាងសីតាទៅប្រហារ​ជីវិត។ ប៉ុន្តែមានមន្ត្រីម្នាក់ឈ្មោះរុក្ខសៈឃាត់ទាន់ ដោយអះអាងថាទំនៀមទម្លាប់មិនអនុញ្ញាតឲ្យ​សម្លាប់មនុស្សឥតទោសទេ។ ក្រុងរាពណ៍យល់ព្រម ហើយក៏បញ្ជាឲ្យកូនទាំង១០របស់ខ្លួនចេញ​ច្បាំងម្តងមួយៗលុះត្រាតែស្លាប់អស់។ អស់សង្ឃឹម រាពណ៍ក៏ទៅចងស្ពានមេត្រីជាមួយមិត្តម្នាក់​ឈ្មោះមូលផលល័មឲ្យមកជួយច្បាំងទៀតតែត្រូវស្លាប់អស់។ សង្រ្គាមក៏បានបញ្ចប់ ហើយនាង​សីតាក៏ត្រូវបានរំដោះបាន។
         ថ្ងៃមួយពេលដែលព្រះរាម ព្រះលក្ស្មណ៍ទៅក្រសាលព្រៃ នាងសីតានៅក្នុងវាំងអផ្សុកពេកក៏​នាំភិលៀងទៅស្រង់ទឹក។ ក្រោយមកព្រះនាងបានគូររូបក្រុងរាពណ៍ ហើយលុបវិញមិនជ្រះដោយ​សារចាញ់បោកយក្ខិណីម្នាក់ឈ្មោះអាតុល័យ ដែលត្រូវជាប្អូនរបស់រាពណ៍មកសងសឹក។ នៅពេល​ព្រះរាមយាងមកវិញ នាងសីតាភ័យស្លន់ស្លោក៏យកក្តារគំនូរទៅលាក់ក្រោមក្រឡាបន្ទំរបស់ស្វាមី។ ព្រះរាមក្តៅក្រហាយ ផ្ទុំមិនលក់ដេញកាប់គេឯងពេញក្នុងវាំង។ លុះព្រះលក្ស្មណ៍រកក្តារគំនូរឃើញ​ហើយនាងសីតាសារភាពការពិតនោះ ព្រះរាមបន្ទោសនាងយ៉ាងខ្លាំង ហើយបញ្ជាឲ្យព្រះលក្ស្មណ៍​យកនាងសីតាទៅប្រហារជីវិតទាំងរាត្រី។
         ព្រះលក្ស្មណ៍យល់ថានាងសីតាល្អបរិសុទ្ធពុំហ៊ានសម្លាប់ព្រះនាងឡើយ​ ហើយសូមឲ្យព្រះ​នាងចេញឲ្យផុតទៅ។ ប៉ុន្តែនាងសីតាពោលពាក្យគំរោះគំរើយដើម្បីឲ្យព្រះលក្ស្មណ៍ខឹងឆាប់សម្លាប់​នាង។ ព្រះលក្ស្មណ៍លើកដាវប្រុងសម្លាប់នាងពីរដងតែដាក់ចុះវិញ។ នៅលើកទី៣ ព្រះលក្ស្មណ៍​ធ្មេចភ្នែក ហើយលើកព្រះខ័នកាប់នាងសីតាទាល់តែសន្លប់ខ្លួនឯង។ ប៉ុន្តែព្រះនាងសីតាពុំស្លាប់ ព្រោះព្រះខ័នរបស់ព្រះលក្ស្មណ៍ក្លាយទៅជាកម្រងផ្កា ដោយសច្ចធម៌របស់នាងជួយ។ ពេលដែល​ព្រះលក្ស្មណ៍លានាងសីតាត្រឡប់មកវិញ ព្រះឥន្ទ្របាននិមិ្មតជាសត្វទ្រាលមកដេកស្លាប់ក្បែរផ្លូវ​ដើម្បីឲ្យព្រះលក្ស្មណ៍វះយកថ្លើមមកថ្វាយព្រះរាមឲ្យបានមុនថ្ងៃរះ។ ព្រះរាមបានត្មះតិះដៀលនាង​សីតាម្តងហើយ ម្តងទៀតថាចិត្តអាក្រក់ពន់ពេកណាស់ នៅពេលឃើញថ្លើមសត្វទ្រាល។
         នាងសីតាបានដើរកាត់ព្រៃដោយភិតភ័យ។ ពេលនោះព្រះឥន្ទ្របានកាឡាខ្លួនជាមហិង្សាមក​នាំនាងទៅកាន់អាស្រមឥសីវេជ្ជប្រិតដោយសុវត្ថិភាព។ លុះគម្រប់ទសមាសនាងបានប្រសូតបុត្រ​ក្រោមការឧបត្ថម្ភរបស់ឥសីវេជ្ជប្រិត។ ថ្ងៃមួយនាងសីតាទៅកំពង់ដងទឹក ឃើញស្វាញីបីកូនពីមុខ​ក្រោយជាប់នឹងខ្លួនយល់ថាជាការប្រសើរ ក៏វិលមកយកបុត្រទៅជាមួយដោយមិនឲ្យឥសីដឹង។ ឥសីបើកភ្នែកមកមិនឃើញចៅភិតភ័យណាស់ ក៏ជបក្មេងមួយទៀតឲ្យដូចកុមារមុន។ លុះឃើញ​នាងសីតាបីកូនមកវិញ ឥសីអរផងភ័យផង ក៏តាំងស្តីបន្ទោសនាងយ៉ាងខ្លាំង។
         ឥសីប្រុងនឹងរំលាយកុមារនោះចោល ប៉ុន្តែនាងសីតាបានអង្វរសុំឲ្យព្រះអង្គទុកជីវិតដើម្បីឲ្យ​បានជាគ្នានឹងកូននាង។ ឥសីដាក់នាមបុត្រនាងសីតាថារាមលក្ស្មណ៍ ហើយបុត្រដែលជបឈ្មោះថា​ជប្បលក្ស្មណ៍។ អាយុ១០ឆ្នាំ ឥសីបានបង្រៀននូវសិល្ប៍សាស្រ្តគម្ពីរវេទ និងវិជ្ជាបាញ់ធ្នូសរយ៉ាង​ស្ទាត់ជំនាញ។ ថ្ងៃមួយកុមារទាំងពីរលាមាតាទៅលេងព្រៃ រាមលក្ស្មណ៍បានថ្លែងសរកម្ទេចដើមរាំង​មួយដ៏ធំមានស្លឹកបាំងព្រះអាទិត្យជិតឲ្យរលំបាក់បែកខ្ចាត់ខ្ចាយរហូតធ្វើឲ្យពួកទេវៈរំជើបរំជួលគ្រប់​ទិសទី ហើយនាងសីតាក៏សរសើរបុត្រថាខ្លាំងពូកែដូចព្រះរាមបិតាដែរ។ កាលនោះនាងសីតាក៏​ប្រារព្ធនិទានរឿងរបស់ខ្លួន និងព្រះរាមឲ្យព្រះរាជបុត្រស្តាប់តាមសំណូមពរ។ សព្ទសររបស់ព្រះ​រាជ​កុមារបានធ្វើឲ្យអ្នកស្រុកព្ធយុធ្យា និងព្រះរាមភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ព្រះរាមឲ្យហោរាទស្សន៍ទាយ។ ហោរាពុំគ្រាន់តែទូលថាមានអ្នកមានឫទ្ធិមកល្បងឫទ្ធិប៉ុណ្ណោះទេ ប៉ុន្តែសុំឲ្យព្រះរាមលែងសេះអស្សតរ ឲ្យដើរចេញដោយមានរាជសារភ្ជាប់នឹងក ហើយឲ្យហនុមាន​ដើរចាំឃ្លាំមើលពីក្រោយផង។ ឯសេចក្តីក្នុងសារនោះមានជាអាទិ៍ថា "បើនរណាពុំថ្វាយបង្គំសេះព្រះរាម​ទេនោះ នឹងត្រូវចាប់យកទៅធ្វើទោស" ព្រះរាមធ្វើតាមហោរា ដោយឲ្យហនុមានតាមឃ្លាំមើលពីក្រោយ​សេះ ហើយឲ្យព្រះភិរុត និងព្រះសុត្រុតលើកទ័ពពីក្រោយហនុមានថែមទៀត។ ប៉ុន្តែមុននឹងចេញ​ដំណើរទៅព្រះរាមបានប្រទានអាវក្រោះទៅឲ្យព្រះអនុជម្នាក់មួយៗទុកការពារខ្លួន។
         មុននឹងធ្វើដំណើរទៅព្រៃម្តងទៀត រាជកុមារត្រូវម្តាយហាមឃាត់យ៉ាងខ្លាំងដោយនាងភ័យ​ខ្លាចពីផលវិបាកនៃការថ្លែងសរពីថ្ងៃមុនផង ហើយនិងអំពីការពុំទាន់ចេះធ្វើសង្គ្រាមនៃក្មេងទាំងពីរ​ផង។ រាជកុមារឃើញសាររបស់ព្រះរាមក៏ចាប់សេះជិះលេង ដោយយល់ថាបើម្ចាស់គេមកសុំនឹងឲ្យ​គេវិញ។ ពេលនោះហនុមានបានស្ទុះមកចាប់កុមារទាំងពីរ ប៉ុន្តែត្រូវរាជកុមារវាយនឹងធ្នូសរដួល​សន្លប់នៅលើព្រះធរណី។ លុះត្រូវព្រះពាយ ហនុមានដឹងខ្លួនឡើងវិញ ហើយកាឡាខ្លួនជាស្វាព្រៃ​តួចមួយចូលទៅល្បងលួងលោមបញ្ឆោតក្មេងទាំងពីរតែម្តង។
         រាជកុមារបានវាយវ័ធហនុមាននឹងធ្នូសរសន្លប់ម្តងទៀត និងបោចវល្លិដ៏តូចមួយចងស្លាបសេក​ហើយយកឈើមកសាក់មុខបញ្ជូនទៅឲ្យព្រះរាមជួយស្រាយចំណងចេញ។ ហនុមានខំរើបម្រះ​យ៉ាងណាក៏មិនរួច ហើយព្រះភិរុតជួយស្រាយចំណងចំពោះមុខមហាមន្ត្រីធំៗនៅតែស្រាយមិនរួច។ ព្រះរាមស្រាយចំណងរួច ហើយក៏ប្រើហនុមាននាំព្រះភិរុតចូលច្បាំងចាប់កុមារ។ ដំបូងឡើយរាជ​កុមារមានជ័យជំនះទាំងខាងវាចា ទាំងខាងឫទ្ធានុភាព។ ពលស្វាត្រូវជាប់ចំណង ហើយហនុមាន​ត្រូវរាជកុមារវាយសន្លប់ជាលើកទី៣។ ទីបំផុតព្រះភិរុត និងព្រះសុត្រុតដឹងខ្លួនឡើងវិញដោយអំ​ណាចអាវក្រោះរបស់ព្រះរាម ហើយបានថ្លែងសរត្រូវរាមលក្ស្មណ៍ដួលសន្លប់។ ហនុមានស្ទុះទៅ​អូសក្មេងនេះទៅថ្វាយព្រះរាម។ ចំនែកជប្បលក្ស្មណ៍រត់រួចខ្លួន។
         ព្រះរាមចាត់ឲ្យសេនាចាប់រាជកុមារបណ្តើរអាក្រោសនៅជុំវិញព្រះរាជធានី ហើយឲ្យយកទៅ​ឃុំឃាំងទុកសម្លាប់ក្នុងរវាងបីថ្ងៃទៀត។ ពេលនោះមិនត្រឹមតែប្រជាពលករក្នុងព្ធយុធ្យាប៉ុណ្ណោះទេ​ដែលយំអាណិតកុមារ សូម្បីតែទេវៈរក្សាព្រះរាជធានីក៏ជួយអាណិត ហើយចុះមកជួយឧបត្ថម្ភកុមារ​ឲ្យបានធូរស្រាលអំពីទុក្ខដែរ។ ជប្បលក្ស្មណ៍បានយកដំណឹងដ៏ក្រៀមក្រំនេះទៅថ្វាយព្រះមាតា ដោយធ្វើឲ្យព្រះនាងសោយសោកទាល់តែសន្លប់។ ប៉ុន្តែឥសីធ្វើឲ្យព្រះនាងដឹងខ្លួន និងជួយទស្សន៍​ទាយឲ្យនាងមានសង្ឃឹមឡើងវិញ។ ជប្បលក្ស្មណ៍បានយកចិញ្ចៀនមាតាមួយវង់ដើម្បីទៅតាមរក​ព្រះជេដ្ឋា។ លុះទៅដល់ជិតក្រុងព្ធយុធ្យា ជប្បលក្ស្មណ៍លឺអ្នកស្រុកជំនុំគ្នាថាបងត្រូវស្លាប់នៅថ្ងៃ​ស្អែក ក៏តាំងពួនយំនៅក្នុងព្រៃ ហើយអធិដ្ឋានឲ្យទេវៈជួយ។ ព្រះឥន្ទ្របានចាត់ឲ្យនាងទេពរម្ភាមក​ជួយរាជកុមារ។ ជប្បលក្ស្មណ៍បានលួចផ្ញើចិញ្ចៀនទៅព្រះជេដ្ឋានៅក្នុងក្អមទឹកដែលនាងធ្វើជាទូល​ទៅឲ្យអ្នកទោស។ ដោយពិធីដង់ទឹកនោះហើយនិងមាយាស្ត្រីច្រើនផង នាងទេពរម្ភាអាចចូលទៅ​រំដោះរាមលក្ស្មណ៍ជួបជុំបងប្អូនដោយសុវត្ថិភាព។

Comments

Popular posts from this blog

រឿង មាយើង

រឿង ពុទ្ធិសែននាងកង្រី

រឿង កុលាបប៉ៃលិន

រឿង គូលីកំណែន

មានតែចំណេះវិជ្ជាទេ ដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន (ប្រធានបែបពន្យល់)