រឿង សត្វចចក
កាលពីព្រេងនាយមានចចកត្រោសធំមួយ ដល់រដូវរំហើយ វាដើររកត្រពាំងបឹងបួរដែលរីងទឹកដើម្បីចាប់ត្រីស៊ី។ លុះដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡង់មួយឃើញសុទ្ធតែភក់ មានត្រី កំពឹស បង្កង ក្តាមជាច្រើនណាស់។ ចចកឃើញហើយមានចិត្តត្រេកអរ រីករាយគិតថា “ថ្ងៃនេះអញមានលាភធំណាស់ជាលាភចម្លែកជាងសព្វថ្ងៃ”។ ឯកំពឹសមានប្រាជ្ញា លឺចចកថាដូច្នេះហើយក៏និយាយលួងលោមចចកថា “យើងទាំងអស់គ្នាសុទ្ធតែជាចំណីបងចចកឯងទាំងអស់ហើយ ប៉ុន្តែយើងប្រឡាក់ភក់ណាស់បងឯងស៊ីយើងទាំងភក់ដូច្នេះមិនឆ្ងាញ់ពិសាទេ” ចចកឆ្លើយថា “ធ្វើដូចម្តេចនឹងឆ្ងាញ់ពិសា?”។ កំពឹសឆ្លើយថា “ត្រូវបងចចកឯង យកយើងទៅលាងទឹកឲ្យជ្រះស្អាតហើយស៊ឹមស៊ីនោះទើបឆ្ងាញ់ពិសា”។ ចចកថា “ធ្វើដូចម្តេចនឹងយកទៅលាងទឹកបានបើច្រើនដល់ម្ល៉េះ?”។ កំពឹសថា “បងចចកកុំព្រួយចិត្ត ខ្ញុំធានា គិតឲ្យបងបានស្រួលប៉ុន្តែបងឯងត្រូវតាមខ្ញុំ”។ ចចកឆ្លើយឡើងថា “បងឯងធ្វើដូច្នេះក៏ខ្ញុំតាមទាំងអស់”។ បើដូច្នេះចូរបងឯងចុះមកដេកននៀលក្នុងភក់នេះ ហើយយើងទាំងអស់គ្នានឹងបានតោងខាំរោមបងឯងៗនាំយើងទៅរកស្ទឹងបឹងបួឯណាមានទឹកថ្លាច្រើន បងឯងលាងយើងឲ្យស្អាត ហើយសឹមបងឯងស៊ីឲ្យឆ្ងាញ់ពិសាតាមចិត្តចុះ”។
ឯចចកជាសត្វល្មោភហើយល្ងង់ ក៏ធ្វើតាមពាក្យកំពឹស។ កំពឹស និងត្រីបបួលគ្នាតោងរោមចចកទៅលុះដល់បឹងមួយធំវែងមានទឹកថាល្អចចកដើរចុះទៅក្នុងទឹក អស់ត្រី និងកំពឹសលោតទៅក្នុងទឹកបឹងប្រាប់ថា “បងចចកឯងទៅជញ្ជូនមកឲ្យអស់សិនសឹមមកស៊ីឲ្យឆ្អែតតែម្តង យើងនឹងចាំបងនៅទីនេះ”។ ចចកក៏ទៅជញ្ជូនត្រីនិងកំពឹសមកលុះត្រាតែអស់ពីត្រពាំងនោះ។ ពួកត្រី កំពឹស ក្តាម ខ្យងដឹងថាចចកជញ្ជូនអស់ហើយក៏នាំគ្នាមុជក្នុងទឹកជ្រៅបាត់អស់។ ឯចចកដឹងថាកំពឹសបញ្ឆោតដូច្នេះហើយខឹងណាស់ដើរទៅបបួលអស់សត្វតូចធំ ដំរី រមាស ខ្លា គ្រប់ភាសាសត្វទាំង ពស់ថ្លាន់ ពស់ធំ ពស់តូច ទាំងសេសសល់ដល់តិច បបួលគ្នាមកបាចទឹកបឹងនោះឲ្យរីង នឹងបានចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់ បានឲ្យពស់ថ្លាន់ធ្វើជាទំនប់ទឹក អស់សត្វដទៃទៀតក៏បបួលគ្នាបាច។ សត្វក្នុងបឹងដឹងថាចចកបបួលគ្នាបាចទឹកឲ្យរីងទាំងបឹង ភ័យណាស់ក៏គិតគ្នាថា “យើងធ្វើម្តេចនឹងបានឲ្យសត្វ ទាំងនោះលែងបាចទឹក?”។ កាលនោះត្រីក្រាញ់ឆ្លើយថា “ខ្ញុំលឺគេនិយាយថាបងសុភាទន្សាយជាអ្នកមានប្រាជ្ញាចេះដោះទុក្ខមនុស្សសត្វផងជាច្រើនណាស់ បើដូច្នេះខ្ញុំនឹងទៅពឹងបងសុភាទន្សាយឲ្យមក ជួយដោះទុក្ខអស់យើង”។ ពួកត្រីគិតគ្នា ហើយក៏ប្រើត្រីក្រាញ់ឲ្យទៅអញ្ជើញសុភាទន្សាយ។ ត្រីក្រាញ់ប្រឹងននៀលទៅលុះដល់ត្រូវថ្ងៃក្រៀមស្រកាអស់ ដល់យប់សុភាទន្សាយចេញមករកស៊ី បានឃើញត្រីក្រាញ់ននៀលដូច្នោះក៏សួរថា “បងត្រីក្រាញ់ទៅណា?” ត្រីក្រាញ់ឃើញសុភាទន្សាយហើយមានចិត្តត្រេកអរណាស់និយាយអង្វរថា “បងសុភាទន្សាយអាណិតខ្ញុំ ត្បិតត្រីទាំងអស់ក្នុងបឹង គេប្រើខ្ញុំមកឲ្យអញ្ជើញបងសុភាទន្សាយទៅដ្បិតលឺទាំងមនុស្សនិយាយថាបងជាអ្នកមានប្រាជ្ញាចេះកាត់សេចក្តីដោះទុក្ខគេ បើអ្នកឯណាកើតទុក្ខបងតែងទៅជួយដោះទុក្ខគេមិនដែលខានឥឡូវ មានដំរី ក្របី គោ រមាស រមាំង ជ្រូក ពស់ធំ ពស់តូច ទាំងសត្វហើរគឺកុក គ្រៀល ចង្កៀលខ្យង ទុង ទោម ក្អែកទឹក ប្រវឹកស្មោញ ទាំងប៉ុន្មានបានបបួលគ្នាមកបាចទឹកបឹង ឲ្យរីងនឹងបានចាប់អស់ត្រី អណ្តើក កន្ធាយ ស៊ីជា ចំណីឲ្យអស់ពីក្នុងបឹងនេះ គេឲ្យពស់ថ្លាន់ ពស់ធំតូច ធ្វើជាទំនប់ទប់បឹងនេះឯង បើដូច្នេះបងសុភាទន្សាយអាណិតជួយដោះទុក្ខអស់បងប្អូនខ្ញុំ ឲ្យបានរួចពីភ័យម្តងនេះនឹងបានកេរ្តិ៍ឈ្មោះតទៅ អស់យើងនឹងតបគុណបងសុភាទន្សាយឯង យើងមិនភ្លេចគុណដរាបណាដល់អស់ជីវិត”។ ឯទន្សាយលឺត្រីក្រាញ់និយាយអង្វរដូច្នោះក៏ឆ្លើយថា “បងត្រីក្រាញ់ទៅមុនចុះទៅប្រាប់បងប្អូនកុំភ័យចាំជួយដោះស្រាយឲ្យកុំបារម្ភឡើយ”។ ត្រីក្រាញ់ក៏ត្រឡប់ទៅវិញ ឯទន្សាយលុះព្រឹកព្រហាមឡើងទៅមាត់បឹងឃើញសត្វទាំងអស់កំពុងតែបាចទឹក ក៏យកស្លឹកឈើដែលដង្កូវស៊ីធ្លុះៗមកធ្វើជាសំបុត្រ ហើយស្រែកហៅសត្វទាំងអស់ រួចថា “នែ៎! បងប្អូនទាំងអស់ចាំស្តាប់ខ្ញុំ ដ្បិតព្រះឥន្ទ្រឲ្យខ្ញុំនាំសំបុត្រមកប្រាប់គ្រប់គ្នាថា ព្រះឥន្ទ្រលោកនឹងមក កាច់ជើងត្រុំ ប្រមុំជើងអក កាច់ក្បាលចចក ដកភ្លុកដំរីស”។ អស់សត្វលឺថាសំបុត្រព្រះឥន្ទ្រដូច្នេះភ័យណាស ផ្អើលបោលជាន់លើគ្នា ដំរី ក្របី រមាស ស្ទុះបោលជាន់លើពស់ថ្លាន់ជាទំនប់ដាច់ខ្លួនជាពីរ បីកំណាត់ធ្លាយទំនប់លិចទឹកស្លាប់អស់។ សត្វទាំងនោះក៏ទៅជាចំណីត្រីវិញ។
តាំងពីថ្ងៃនោះមកអស់សត្វទាំងពួងកោតខ្លាចប្រាជ្ញាសុភាទន្សាយ
សុភាទន្សាយជាគ្រូបាចារ្យទាំងអស់គ្នា។
“អណ្តាតជាអាទិកន្លង ស្លាប់ផងរស់ផងពីព្រោះអណ្តាត”
Comments
Post a Comment