រឿង ធនញ្ជ័យ

  • ប្រភពរឿង៖ រឿងធនញ្ជ័យជារឿងប្រឌិតបុរាណ ហើយមានប្រជាប្រិយភាពទូទៅពេញ​ព្រះ​រាជាណាចក្រកម្ពុជា។ អត្ថបទដើមកើតឡើងដោយសារការប្រមូលចងក្រងពាក្យសម្តី និង​ការចេះចាំតៗគ្នាមក។ ជារឿងដែលដកស្រង់យកបញ្ហាការរស់នៅរបស់ខេមរជន មានការ​គ្រប់គ្រង ការទាក់ទងគ្នា ទំនៀមទម្លាប់ ប្រពៃណី ជំនឿ ។ល។ មកធ្វើជារឿងហូរហែក្នុងជីវ​ភាពរបស់តួអង្គធនញ្ជ័យនេះ។
  • ប្រភេទ៖ រឿងនេះជាប្រភេទអក្សរសិល្ប៍ប្រជាប្រិយ។
  • អ្នកនិពន្ធ៖ មិនស្គាល់ឈ្មោះ
  • កាលកំណត់តែង៖ មិនមានច្បាស់លាស់ទេ
សង្ខេបរឿង៖
          រាត្រីដែលធនញ្ជ័យបានមកចាប់កំណើតក្នុងពោះម្តាយ បណ្តាលឲ្យនាងជាម្តាយនោះយល់​សប្តិឃើញថា "ដូចជាយល់សូង យប់សប្តិឃើញដូង បេះបានទាំងផ្លែ យល់សប្តិឃើញខែ ខែនោះ​ពេញបូណ៌មី"។ ចម្លែកនឹងសប្តិនេះព្រឹកឡើងនាងនោះក៏បានធ្វើដំណើរទៅកាន់ផ្ទះតាហោរ​ដើម្បី​​ឲ្យ​ទាយមើល ប៉ុន្តែជួនជាតាហោរមិននៅ នាងនោះក៏បាននិយាយរឿងសប្តិនោះឲ្យប្រពន្ធតាហោរ។ ប្រពន្ធតាហោរដឹងថាតាមសប្តិនេះ នាងនេះនឹងមានកូនប្រុសម្នាក់អាចឡើងធ្វើជាស្តេច ក៏បាន​ទាយបង្ខុសថា ៖ "នាងឯងនឹងមានកូនប្រុស កូននោះនឹងទៅជាខ្ញុំគេ"
         ក្រោយមកនាងនោះក៏កើតបានកូនប្រុសមែនក៏ដាក់ឈ្មោះថា "ធនញ្ជ័យ"។ អាយុបាន៧ឆ្នាំ​ កុមារធនញ្ជ័យតែងដើរទៅលេងផ្ទះលោកមហាសេដ្ឋីរាល់ថ្ងៃ។ ថ្ងៃមួយពេលកំពុងតែត្បាញលើផ្ទះ​ប្រពន្ធមហាសេដ្ឋីបានធ្វើឲ្យជ្រុះត្រល់ទៅដី ក៏ស្រែកហៅធនញ្ជ័យឲ្យរើសឲ្យដោយសន្យានឹងឲ្យ​អំបុកច្រើនដល់ធនញ្ជ័យវិញ។ ប៉ុន្តែពេលប្រពន្ធសេដ្ឋីយកអំបុកមកឲ្យធនញ្ជ័យយំស្រែកប្រកែក​មិន​ព្រមយក ដោយយល់ថាអំបុកនោះតិចពេក។ សំឡេងយំរបស់ធនញ្ជ័យបាលលឺទៅដល់លោក​មហាសេដ្ឋី។ លោកមហាសេដ្ឋីបានប្រើល្បិចបញ្ឆោតមួយដោយយកអំបុកដាក់រាយពេញលើចង្អេរ​មួយ និងក្នុងកញ្ជើរមួយរួចឲ្យធនញ្ជ័យជ្រើសរើស។ ធនញ្ជ័យចាញ់ល្បិចគេក៏បានយកអំបុកនៅលើ​ចង្អេរ តែក្រោយមកក៏មានការភ្ញាក់រលឹកមើលឃើញថានេះជាការបោកប្រាស់ ក៏សុំម្តាយខ្លួនឲ្យយក​ខ្លួនទៅនៅបម្រើលោកសេដ្ឋីដើម្បីសងសឹក។ ពេលនៅជាមួយសេដ្ឋី ធនញ្ជ័យបានត្រូវសេដ្ឋីប្រើ​យ៉ាងវក់វី ដូចជាឲ្យរត់តាមសេះទៅរោងជំនុំគាល់ស្តេច ចាំចម្ការ ឃ្វាលគោ ធ្វើការក្នុងផ្ទះ ទៅជញ្ជូន​ឥវ៉ាន់ពេលភ្លើងឆេះផ្ទះ។ ប៉ុន្តែគ្រប់សកម្មភាពបានត្រូវធនញ្ជ័យផ្ចាញ់់យ៉ាងធ្ងន់ធ្ងរដូចជាធនញ្ជ័យ​រើសអាចម៍សេះដាក់ថង់យាម បណ្តោយឲ្យគោក្របីចូលស៊ីដំណាំក្នុងចម្ការអស់ ចាប់គោឈ្មោល​អ្នកស្រុកចងបណ្តាលឲ្យមានរឿងរ៉ាវដល់សេដ្ឋី ស្រែកហៅលោកសេដ្ឋីឲ្យមកពិសារបាយឲ្យគាត់​ខ្មាសគេយ៉ាងខ្លាំង និងជញ្ជូនតែសំបុកមាន់សំបកប៉ោត ពេលភ្លើងឆេះផ្ទះជាដើម។ ដោយខ្លាច​ប្រាជ្ញាធនញ្ជ័យ និងដើម្បីសងសឹកផង លោកសេដ្ឋីក៏បាននាំធនញ្ជ័យទៅថ្វាយស្តេច។
         នៅជាមួយមុនដំបូង ស្តេចបានដេញប្រាជ្ញាធនញ្ជ័យដូចជាឲ្យធនញ្ជ័យភរស្តេច ឲ្យធនញ្ជ័យ​រកពងមាន់ឲ្យបានមួយពេលមុជចូលទៅក្នុងទឹក ឲ្យធនញ្ជ័យជិះដំរីចាស់គ្រេចជើងដឹកក្រយា​ស្ងោយស្តេចទៅប្រពាតព្រៃ ឲ្យធនញ្ជ័យបោសសំរាមនៅក្រោមដំណាក់ ឲ្យធនញ្ជ័យរកមាន់មក​ប្រជល់នឹងមាន់ស្តេច ឲ្យធនញ្ជ័យរកក្របីមកជល់នឹងក្របីស្តេច។ ក្នុងការដេញប្រាជ្ញានេះធនញ្ជ័យ​បានឈ្នះស្តេចគ្រប់លើក ធ្វើឲ្យស្តេចខ្មាសហើយដុះគំនិតព្យាបាទកាច់បំបាក់ដូចជាប្រើស្រីស្នំឲ្យ​ទៅជុះអាចម៍ដាក់ផ្ទះធនញ្ជ័យ ស្អប់មុខធនញ្ជ័យ ហើយមិនឲ្យធនញ្ជ័យចូលវាំង។ តែគ្រប់អំពើ​ព្យាបាទឈ្នានីសរបស់ស្តេច ត្រូវបានធនញ្ជ័យផ្ចាញ់ផ្ចាលយ៉ាងដំណំ ដូចជាធនញ្ជ័យហ៊ានចំតិត​ក្តិតដាក់ស្តេច ហ៊ានវាយពួកមេនំមេនាងដែលស្តេចប្រើឲ្យទៅជុះអាចម៍ដាក់ផ្ទះ។
          ប្រាជ្ញាធនញ្ជ័យល្បីល្បាញពេញប្រទេសជាតិ និងរីកសាយរហូតដល់ប្រទេសចិន។ ស្តេច​ស្រុកចិនក៏បានបញ្ជូនអ្នកប្រាជ្ញគេមកស្រុកខ្មែរដើម្បីធ្វើការភ្នាល់គ្នាជាមួយស្តេចស្រុកខ្មែរ ទាយ​រក​ចំនួនគ្រាប់ឪឡឹកដែលចិនយកមកក្នុងបំណងយកស្រុកខ្មែរជារណប។ ក្នុងការដោះចំណោទលើក​នេះ ធនញ្ជ័យយកខ្លួនធានា ប៉ុន្តែដោយចំណោទទាយរកចំនួនគ្រាប់ឪឡឹកនោះពិបាកពេក ធនញ្ជ័យដោយមិនចង់ឃើញប្រទេសជាតិខ្លួនធ្លាក់ក្នុងកណ្តាប់ដៃចិន ក៏បានទៅលោតទឹកសម្លាប់​ខ្លួន។ តែគាត់មិនលិចបែរជារសាត់ទៅប៉ះសំពៅចិនក៏តោងជាប់។ ពេលនោះជួនជាយប់ស្ងាត់ ធន​ញ្ជ័យបានលឺពួកមន្ត្រីចិន និងអ្នកប្រាជ្ញរបស់គេជជែកគ្នាពីចំនួនគ្រាប់ឪឡឹកក្នុងផ្លែនីមួយៗ។ ធន​ញ្ជ័យបានលឺក៏ហែលត្រឡប់មកផ្ទះវិញ។ ស្អែកឡើងគាត់ក៏បានទាយរកចំនួនគ្រាប់ឪឡឹកត្រូវទាំង​អស់។ ពួកចិនទទួលព្រមចាញ់បានប្រគល់សំពៅឲ្យស្តេចខ្មែរប្រាំរយគ្រឿងរួចត្រឡប់ទៅវិញ។ ដោយខ្លាចប្រាជ្ញាធនញ្ជ័យស្តេចពុំហ៊ានឲ្យគាត់នៅជិតវាំង ក៏បញ្ហាឲ្យទៅនៅឆ្ងាយឯដងទន្លេ។ ទី​នោះធនញ្ជ័យបានបង្កើតឲ្យមានការបង់ពន្ធគយ បណ្តាលឲ្យមានទំនាស់ជាមួយពួកឈ្មួញដែលរក​ស៊ីតាមដងទន្លេ ជាហេតុធ្វើឲ្យស្តេចមានលេសប្រើពេជ្ឈឃាតចាប់ធនញ្ជ័យយកទៅសម្លាប់ចោល។ ធនញ្ជ័យបានបោកពួកពេជ្ឈឃាតឲ្យច្រៀងរាំលើទូក រួចគាត់លួចលោតចុះទៅក្នុងទឹកហែលគេច​មកបួសជាព្រះសង្ឃក្នុងវត្តមួយ។​គេបានគិតថាធនញ្ជ័យស្លាប់ក្នុងទឹកទន្លេហើយ។ ដំណឹងនេះបាន​លឺដល់ស្តេចស្រុកចិន។ ស្តេចចិនសប្បាយចិត្តណាស់ក៏បានបញ្ជាឲ្យអ្នកប្រាជ្ញគេមកស្រុកខ្មែរ ចោទប្រស្នាភ្នាល់ដាក់ប្រទេសជាតិទៀត។ ស្តេចខ្មែរមានការភិតភ័យនិងព្រួយបារម្ភជាខ្លាំងព្រោះ​គ្មាននរណាអាចតទល់ជាមួយអ្នកប្រាជ្ញចិនបាន ក៏ប្រកាសអំពាវនាវរកអ្នកប្រាជ្ញមកជួយ។ ធនញ្ជ័យបានសឹកចេញពីវត្តមកជួបស្តេចហើយបានជោគជ័យជាលើកទី២។ ស្តេចខ្មែរត្រេកអរក្នុង​ចិត្តនឹងជ័យជំនះ ក៏ចង់រកប្រពន្ធឲ្យធនញ្ជ័យ តែធនញ្ជ័យបដិសេធមិនព្រមឲ្យស្តេចរកឲ្យដោយ​គាត់​ចាត់ទុកនារីដែលនៅស្ងៀមចាំតែគេលើកឲ្យមានប្តីនោះថាសុទ្ធតែជាញី។ គាត់បានដើររកប្រពន្ធ​ខ្លួនឯង ហើយក៏បានជួបនឹងនាងសួស្តីដែលគាត់ចាត់ទុកថាជាស្រីពេញលក្ខណៈ រួចបានស្តីដណ្តឹង​និងរៀបការតាមប្រពៃណីខ្មែរ។ ក្រោយមកទៀតស្តេចខ្មែរ និងពួកមន្ត្រីសក្តិភូមិមានការព្រួយបារម្ភ​នឹងប្រាជ្ញាធនញ្ជ័យកាន់តែខ្លាំង និងស្អប់ធនញ្ជ័យកាន់តែខ្លាំងផងនោះ ក៏បាននិរទេសគាត់ឲ្យទៅ​នៅស្រុកចិនដោយជឿថានឹងត្រូវស្លាប់បង់នៅឯទីនោះមិនខាន។
          នៅឯស្រុកចិនធនញ្ជ័យបានធ្វើនំបញ្ចុកលក់ល្បីដល់ស្តេចចិន ស្តេចចិនចង់សោយចំណី​ចម្លែករបស់ធនញ្ជ័យក៏ហៅធនញ្ជ័យយកនំទៅថ្វាយដែលជាហេតុបណ្តាលឲ្យគាត់មានលទ្ធភាព​អាចមើលមុខស្តេចចិនបាន ព្រមទាំងបានពោលពាក្យប្រមាថឲ្យផង។ ស្តេចចិនខឹងក៏ឲ្យអាមាត្យ​ចាប់ធនញ្ជ័យទៅដាក់គុកសំរិទ្ធ។ ក្នុងគុកធនញ្ជ័យបានប្រដាល់គ្នាជាមួយអ្នកទោសចិនដើម្បីកុំ​ឲ្យ​រងាស្លាប់ រួចគាត់ឆ្លៀតធ្វើខ្លែងឯកបង្ហើរពេលយប់។ ស្តេចចិនបានលឺសម្លេងឯករបស់ខ្លែងក៏មាន​ការភិតភ័យព្រួយបារម្ភក៏ហៅហោរាមកគន់គូរមើល។ ហោរាចិនបានទាយថាគឺជាសម្លេងនៃសត្វ​ចម្លែកមួយនឹងចូលមកស៊ីមនុស្សក្នុងស្រុកចិននោះអស់មិនខាន បើមិនព្រមដោះលែងអ្នកប្រាជ្ញ​ស្រុកខ្មែរចេញពីគុក ហើយជូនគេត្រឡប់ទៅស្រុកខ្មែរវិញទេ។ ស្តេចចិនលឺដូច្នោះក៏បញ្ជាឲ្យគេ​ដោះលែងធនញ្ជ័យ ហើយរៀបចំសំពៅមួយមានវត្ថុប្រើប្រាស់ល្អៗជាច្រើន និងប្រជាជនចិន ១០០​នាក់ជូនដំណើរធនញ្ជ័យត្រឡប់មកស្រុកខ្មែរវិញ។
          ឃើញធនញ្ជ័យអាចរកមធ្យោបាយត្រឡប់មកមាតុភូមិវិញដោយជោគជ័យយ៉ាងនេះ ស្តេច​ខ្មែរនិងពួកមន្ត្រីសក្តិភូមិខ្មែរមានសេចក្តីកោតខ្លាចប្រាជ្ញាធនញ្ជ័យលែងហ៊ានមករករឿងហេតុ​ទៀត បណ្តោយឲ្យធនញ្ជ័យបានរស់នៅជាមួយភរិយាយ៉ាងសុខសាន្ត។ ថ្ងៃក្រោយមកធនញ្ជ័យមានជម្ងឺ​ជាទម្ងន់ មុននឹងស្លាប់គាត់បានហៅស្តេចមកផ្តាំថា "សោយត្រីព្រួលកុំចោលស្រកា សោយត្រីប្រា​កុំចោលស្រកី ស្លម្ជូរក្បាលត្រីត្រូវដាក់ម្ជូរសណ្តាន់" ហើយផ្តាំប្រពន្ធថាកាលណាគាត់ស្លាប់ទៅ​ឲ្យ​យកសាកសពគាត់ទៅកប់ ហើយធ្វើចម្រូងដាំខ្ញែលើផ្នូរដើម្បីការពារផ្នូរនោះតទៅ។
  • ប្រធានរឿង៖ រឿងនេះលើកឡើងពីបញ្ហាសងសឹកចំពោះអំពើព្យាបាទអយុត្តិធម៌ដោយប្រើ​ប្រាជ្ញាជាអាវុធ។
  • បញ្ហារឿង៖ បញ្ហាទំនាស់វិបត្តិក្នុងសង្គម (រវាងវណ្ណៈ និងវណ្ណៈ) ដែលកើតមកពីអំពើរំលោភ ព្យាបាទ ការសងសឹក និងចិត្តមានះ តស៊ូ​ព្យាយាម អង់អាចក្លាហាន មោះមុត មិនចុះញ៉ម។

Comments

  1. ខនង។ អានហើយៗអ្នកគ្រូ

    ReplyDelete

Post a Comment

Popular posts from this blog

រឿង មាយើង

រឿង ពុទ្ធិសែននាងកង្រី

រឿង កុលាបប៉ៃលិន

រឿង គូលីកំណែន

មានតែចំណេះវិជ្ជាទេ ដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន (ប្រធានបែបពន្យល់)