រឿង ខ្យងស័ង្ខ [២]
នៅនគរសាមលមានព្រះមហាក្សត្រមួយព្រះអង្គមានព្រះនាមថា ព្រះបាទសាមលរាជមានមហេសីព្រះនាមសាមលទេវី និងបុត្រីប្រាំពីរអង្គ ដែលមានរូបឆោមស្រស់ប្រិមប្រិយដូចស្រីសួគ៌។ ដោយទ្រង់យល់ឃើញថាបុត្រទាំងអស់នាំគ្នារើសស្វាមីទ្រង់បានកំណត់ថាបើបុត្រីពេញចិត្តបុរសណាត្រូវយកកម្រងផ្កាទៅបំពាក់ឲ្យបុរសនោះ។ ពិធីរើសស្វាមីបានប្រព្រឹត្តទៅដោយព្រះនាងទាំងប្រាំមួយអង្គបានរើសស្វាមីម្នាក់មួយៗលើកលែងតែបុត្រីពៅដែលរើសមិនបានស្វាមីនឹងគេ។ ដោយទ្រង់យល់ឃើញថា បុត្រីពៅរបស់ព្រះអង្គមិនបានពេញចិត្តលើបុរសណាមួយក្នុងចំណោមបុរសទាំងអស់នោះ។ អាស្រ័យហេតុនេះហើយទើបព្រះអង្គបញ្ជាឲ្យមន្ត្រីអាមាត្យប៉ាវគងប៉ាវឃ្មោះ និងលេងភ្លេងផង ប្រសិនបើបុត្រីពៅពេញចិត្តបុរសណាត្រូវយកកម្រងផ្កាទៅបំពាក់ឲ្យបុរសនោះ ប៉ុន្តែព្រះនាងនៅតែមិនពេញចិត្តដដែល។ ដោយទាល់តម្រិះ ព្រះអង្គក៏ឲ្យអាមាត្យទៅហៅអស់រាស្ត្របុរស ទាំងចាស់ ទាំងក្មេង ឲ្យមកចូលរួមពិធីជ្រើសរើសព្រះស្វាមី ប៉ុន្តែទោះបីជាយ៉ាងណាក៏ព្រះនាងនៅតែមិនពេញព្រះទ័យនឹងនរណាម្នាក់ឡើយ។